កីឡាអន្តរជាតិ
អន្តរជាតិ
លោក Pochettino ជឿជាក់ថានឹងកសាង Chelsea ទៅរកភាពជោគជ័យក្នុងរយៈពេលខ្លី
08, Jul 2023 , 5:59 pm        
រូបភាព
លោក Mauricio Pochettino អ្នកចាត់ការថ្មីក្រុម Chelsea ជឿជាក់ថា ក្រុមនេះ​នឹង​វិល​ត្រលប់​ទៅ​កាន់ភាពខ្លាំង និងល្អប្រសើរឡើងវិញ ខណៈដែលអះអាងថាការកសាង​ក្រុម​ខ្លាំង​ឡើងវិញ នៅក្នុងរយៈពេលដ៏ឆាប់រហ័ស។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន បាន​និ​យាយ​​​ក្នុងសន្និសីទកាសែតជាមួយ​ក្លិបស្ថិតក្នុងទីក្រុងឡុងដ៍នេះ នាថ្ងៃទី៧ ខែកក្កដា។

Chelsea បានតែងតាំងលោក Pochettino នៅចុងខែឧសភា បន្ទាប់ពីក្រុមបានបញ្ចប់​រដូវ​កាល ២០២២-២៣ យ៉ាងលំបាក ដោយស្ថិតនៅចំណាត់ថ្នាក់លេខ ១២ ក្នុងក្របខណ្ឌ Premier League​។ កាលពីរដូវកាលមុន Chelsea ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ​ចំនួន ៣រូប រួមមាន លោក Thomas Tuchel, លោក Graham Potter និងលោក Prank Lampard។ 
 
ដោយឡែកអ្នកចាត់ការវ័យ ៥២ឆ្នាំ ដែលបានចុះកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយ Chelsea បានចាប់ផ្តើមការងារថ្មីរបស់លោក កាលពីថ្ងៃទី១ ខែកក្កដា ហើយលោករំពឹងថា​ នឹងកែប្រែ Chelsea ឡើងវិញ បន្ទាប់ពីឆ្លងកាត់រដូវកាលដ៏អាក្រក់លើកដំបូង ចាប់តាំងពីឆ្នាំ ១៩៩៤។
 
«គោលដៅរបស់ខ្ញុំគឺដើម្បីឈ្នះ ខ្ញុំសម្លឹងមើលជ័យជម្នះ។ បាល់ទាត់គឺសម្រាប់ថ្ងៃនេះ ថ្ងៃ​ម្សិលកន្លងទៅ អ្នកនឹងមិនអាចនិយាយអ្វីច្រើនលើសពីនេះ រយៈពេលយូរបានទេ យើង​មិន​អាចប្រាប់មនុស្សគ្រប់គ្នាថា យើងត្រូវការពេល ៦ខែ ដើម្បីកសាងអ្វីថ្មីឡើយ ព្រោះថា​មិន​ហាក់បីមិនសូវល្អ យើងត្រូវកសាងការជឿជាក់តាំងតែពីពេលដំបូងតែម្តង។ យើងនឹងផ្តល់​គ្រប់យ៉ាង​ក្នុងរយៈពេលមួយដ៏ខ្លី យើងគិតអំពីការឈ្នះ […] ពីដំបូងតែម្តងនោះគឺ យើងត្រូវ​គិតសម្រាប់ការប្រកួតដំបូងនៃ Premier League យើងត្រូវតែបំបាក់ Liverpool។»។ អតីត​អ្នក​ចាត់ក្រុម ​Tottenham Hotspur បាននិយាយបែបនេះក្នុងសន្និសីទកាសែត ចំពោះ​គោលដៅ​នៃការកសាងក្រុម Chelsea ឡើងវិញ។
 
Chelsea ដែលដឹកនាំដោយលោក Pochettino នឹងត្រូវប្រកួតបើកឆាកក្របខណ្ឌ Premier League រដូវកាលថ្មីដោយ ជំនួបដំបូងនឹងត្រូវជួបតទល់ក្រុម Liverpool ដែលដឹកនាំដោយ​លោក Jurgen Klopp នៅថ្ងៃទី១៣ ខែសីហា។
 
យ៉ាងណានារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ Chelsea បានបាត់បងកីឡាករ​សំខាន់ៗ​ជា​ច្រើនរូប ចាប់តាំងពីឆ្លងកាត់រដូវកាលដ៏លំបាក់រួចមក។ កីឡាករខ្សែប្រយុទ្ធ Kai Havertz បានផ្លាស់ទៅក្រុម Arsenal។ ចំណែកកីឡាករ N’Golo Kante, Kalidou Koulibaly​, Mateo Kovacic និង Eduard Mendy សុទ្ធសឹងតែកីឡាករសំខាន់បានចេញពីក្រុម៕
 
 
 
 
 
 

Tag:
 Chelsea
  Mauricio Pochettino
© រក្សាសិទ្ធិដោយ thmeythmey.com