ជាតិ
សេដ្ឋកិច្ច
អង្គការអុកស្វាម និងស្ថាប័ន​ពាក់ព័ន្ធ ពិភាក្សាគ្នា​​រក​វិធី​ជំរុញ​និរន្តរភាព SMEs​ នៅកម្ពុជា​​
08, Jul 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ អង្គការអុកស្វាម ​និងដៃគូសហការ បានរៀបចំវេទិកាធុរកិច្ច ក្រោមប្រធានបទ «រួម គ្នាដើម្បីភាពរីកចម្រើនរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា» ដើម្បីចែក​រំលែក​ពីការធ្វើអាជីវកម្ម ​​ពិសោធន៍ល្អៗ និងបញ្ហាប្រឈម​ ដោយផ្អែកលើ​ទស្ស​ន​ទាន​​មក​ពីវិស័យឯកជន ​សាធារណៈ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ វេទិកាដែលរៀបចំនៅថ្ងៃទី៦ កក្កដា​នេះ ក៏មានគោលដៅ​ពិភាក្សា ​រក​ដំណោះស្រាយ​ដែល​នឹងលើកកម្ពស់ និងជំរុញឱ្យ​ SMEs ​នៅកម្ពុជា​​ធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវ បរិយា ប័ន្ន និងមាន​និរន្តរភាព​​ដែរ​។

 អ្នកស្រី ភាព សោភ័ណ នាយិកាអង្គការអុកស្វាម បានលើកឡើងថា វេទិកានេះ ជាវេទិកា​ទំ នួលខុស​ត្រូវសង្គម​ (CSR) ២.០ នៅកម្ពុជា ដែលបង្កើតឡើងដោយក្រុមអង្គការ សង្គម ស៊ី វិលសំខាន់ៗ រួមមានអង្គការ ActionAid, DPA, NGO Forum និងអង្គការ Oxfam។ ការ អនុវត្តធុរកិច្ចនេះ មិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែវាដើរ​តួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ។
អ្នកស្រី ភាព សោភ័ណ បញ្ជាក់ថា៖«អង្គការអុកស្វាមមានជំនឿយ៉ាងមុតមាំថា តាមរយៈ កិច្ចសហការរវាងភាពជាដៃគូ រវាងរដ្ឋ ឯកជន ជាមួយអង្គការមិនមែនរដ្ឋាភិបាល  ពិតជា អាចរួមចំណែកពង្រឹង និងទាញយកប្រយោជន៍ពីធនធានដែលត្រូវការចាំបាច់ ដើម្បីភាព រុងរឿង សមភាពសម្រាប់កម្ពុជា និងតំបន់អាស៊ានទាំងមូល។»។
 

អ្នកស្រី ភាព សោភ័ណ នាយិកាអង្គការអុកស្វាម
 
សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងផ្នែកនេះ ប៉ុន្តែ ដើម្បីពង្រីក និងអនុវត្តកិច្ចការទាំងនេះបាន ពួកគេចាំបាច់ត្រូវការកិច្ចគាំទ្រជាប្រាកដ ដើម្បី អាចដំណើរការទៅបានប្រកបដោយទំនួលខុសត្រូវ បរិយាប័ន្ន និងធានាបាននូវនិរន្តភាព។ អ្នកស្រីបន្តថា តាមរយៈកម្មវិធីសេដ្ឋកិច្ចបៃតង និងបរិយាប័ន្ន អង្គការអុកស្វាម កំពុង សហការជាមួយតួអង្គមកពីវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីលើកកម្ពស់គំរូ ធុរកិច្ចប្រកបដោយបរិយាប័ន្ន។
 
លោក ប៉ិច បូឡែន ​ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានរៀបរាប់ថា YEAC បានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនវ័យក្មេង ដើម្បីពង្រឹងសមត្ថភាពធុរកិច្ច ជាពិសេសការកសាងសមត្ថភាពសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ ការអភិវឌ្ឍ ខ្លួននេះ សម្រាប់ត្រៀមលក្ខណៈជាស្រេចក្នុងការ ជាមួយធុរកិច្ចនៅក្នុងតំបន់អាស៊ាន ​និង​ឆាក​អន្តរជាតិជាច្រើន។ សហគ្រិនទាំងអស់ ត្រូវត្រៀមខ្លួនសម្រាប់ធ្វើជាដៃគូវិនិយោគ​ជាមួយក្រុមហ៊ុនក្នុងនិងក្រៅប្រទេស នាពេលខាងមុខ។ 
 
«សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានទស្សនវិស័យចង់ឃើញ សហគ្រិន ពាណិជ្ជករ​កម្ពុជាទាំងអស់ ប្រកបអាជីវកម្ម ដោយបច្ចេកវិទ្យានវានុវត្តន៍ បរិយាប័ន្ន និងមានស្ថិរភាពល្អ ដើម្បីចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសជាតិ។»​។ នេះជាការលើកឡើង​របស់​លោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងវេទិកាធុរកិច្ច។
  
លោក ប៉ិច បូឡែន ​ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC)

លោក បន្តថា សហគ្រាសធុនតូច និងមធ្យម តំណាងឱ្យអាជីវកម្ម​ដែលបាន​ចុះបញ្ជី​ត្រឹមត្រូ​វ​នៅកម្ពុជាប្រមាណ ៩៩ភាគរយ  ដោយបានផ្តល់ការងារដល់កម្មករប្រមាណ ៧០ភាគរយ។ សហគ្រាសធុនតូច និងមធ្យម បានបង្កើតឱកាសការងារ និងមានមុខរបរ រកស៊ីចម្រុះ​នៅ​ក្នុងច្រើនវិស័យ ជួយដល់កម្មករតាមទម្រង់ផ្សេងៗគ្នា ផ្តើមពីកម្មករដែលមានជំនាញទាប និងឱកាសអភិវឌ្ឍន៍ជំនាញទាំងនោះជាបន្តបន្ទាប់ផងដែរ។ 
 
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ បានឡើងថ្លែងលើវេទិកាថា  សហគ្រាសធុនតូច និងមធ្យម តំណាងឱ្យ៩៩ភាគ​រយ នៃធុរកិច្ចទូទាំងប្រទេស បានបង្កើតការងារ ៧០ភាគ នៃកម្លាំងពលកម្មសរុប ដោយ​ចូល​រួមចំណែក ៥៨ភាគរយ ដល់ ផលិតផលក្នុងស្រុកសរុប។ តួលេខនេះ បានបង្ហាញ​យ៉ាង​ច្បាស់ នូវសារសំខាន់នៃសហគ្រាសធុនតូច និងមធ្យម ដល់សង្គមសេដ្ឋកិច្ចកម្ពុជា ដែល​នេះជាកត្តាចាំបាច់ដែលយើងទាំងអស់ គួរចូលរួមក្នុងការធ្វើយ៉ាងណា​ជំរុញឱ្យ​សហ​គ្រាស​ធុនតូច និងមធ្យម ចាប់យក នូវគោលការណ៍និរន្តរភាព និងបរិយាប័ន្ន។
 
រដ្ឋលេខាធិការរូបនេះ បន្តថា៖ «អាជីវកម្មបរិយាប័ន្ន ផ្តល់ភាព "ឈ្នះ ឈ្នះ ឈ្នះ” ដល់ ប្រជាជន​តាមរយៈការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាព។ សហគ្រាសឯកជន ទទួលបានផលចំណេញពីអាជីវកម្ម និងដល់សង្គមជាតិ ដោយជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែង សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការអុកស្វាមប្រចាំ​នៅ​កម្ពុជា គឺជាដៃគូដ៏សំខាន់ ​ដែលតែងចូលរួមដល់ការលើកកម្ពស់​អាជីវកម្ម​បរិយាប័ន្ន​នៅ​កម្ពុជា​។»
  
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍

លោក ហេង សុខគង់ បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៩មក ក្រសួងឧស្សាហកម្ម វិទ្យាសា ស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបន្តជំរុញគំនិតផ្តួចផ្តើមនេះ ឱ្យចេញជារូបរាង ដូចជាលើ​ការងារគោលនយោបាយ ប្រព័ន្ធវាយតម្លៃយន្តការជំរុញឱ្យក្លាយជាអាជីវកម្មបរិយាប័ន្ន​ជា​ដើម។ ជាងនេះទៅទៀត ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ និងជាប្រទេស​ម្ចាស់​ផ្ទះ កម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ លើការរៀបចំកិច្ចប្រជុំ កំពូល​អាជីវកម្ម​បរិយាប័ន្ន​អាស៊ានលើកទី៥ និងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្ន​អាស៊ានឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប៕
 
 

Tag:
 SMEs
 ThmeyThmey
  ​អុកស្វាម
  សហគ្រិន
  អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com