កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ជើងឯក Europa League, Copa Sudamericana ត្រូវប្រជែងពានរង្វាន់ថ្មីមួយបង្កើត ដោយ UEFA និងCONMEBOL 
×![]()
ក្រុម Sevilla ជើងឯក Europa League និងក្រុម Independiente del Valle ជើងឯកពានរង្វាន់ Copa Sudamericana របស់ទ្វីបអាម៉េរិកខាងត្បូង នឹងត្រូវប្រជែងគ្នាក្នុងពានរង្វាន់ថ្មីមួយ(Club Challenge) ដែលទើបបង្កើតឡើងដោយកិច្ចសហការ រវាងសហព័ន្ធបាល់ទាត់អន្តរជាតិ UEFA និងសហព័ន្ធបាល់ទាត់ទ្វីបអាម៉េរិកខាងត្បូង CONMEBOL នាថ្ងៃទី៧ ខែកក្កដា។
ជាផ្នែកមួយនៃគម្រោងរបស់កិច្ចសហការរវាង UEFA តំបន់អឺរ៉ុបនិង CONMEBOL តំបន់អាម៉េរិកខាងត្បូង ការប្រកួតពានរង្វាន់ថ្មី សម្រាប់ក្រុមជើងឯកពានរង្វាន់លំដាប់ទីពីរ មកពីប្រទេសអេស្ប៉ាញ ទល់ជើងឯកមកពីប្រទេសអេក្វាទ័រ នៃពានរង្វាន់លំដាប់ទីពីរទ្វីបអាម៉េរិកខាងត្បូង នឹងត្រូវប្រកួតនៅថ្ងៃទី១៩ ខែកក្កដា ដែលធ្វើឡើងនៅក្នុងកីឡដ្ឋាន Ramon Sanchez-Pizjuan ក្នុងទីក្រុង Seville។

«ពានរង្វាន់ Club Challenge គឺជាការប្រកួតមួយដែលលេងលើសពី ៩០នាទី ដោយគ្មានការបន្ថែមម៉ោងបន្ថែមឡើយ ដូច្នេះបើការប្រកួតស្មើរហូតដល់វិនាទីចុងក្រោយ នោះការប្រកួតនេះនឹងឈានដល់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រតែម្តង។ ក្រុមដែលឈ្នះជើងឯក នឹងទទួលបានពានរង្វាន់មួយនឹងមេដាយ ដែលបានធ្វើឡើងជាពិសេស សម្រាប់ផ្តល់ឱ្យក្រុមជើងខ្លាំងឈ្នះការប្រកួត។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ CONMEBOL។
ការប្រកួតពានរង្វាន់ថ្មីមួយនេះ ក៏ត្រូវដាក់ឈ្មោះថា Antonio Puerto XII ក្នុងការផ្តល់កិត្តិយស និងការរំឭកដល់អតីតកីឡាករក្រុម Sevilla ឈ្មោះ Antonio Puerto នេះផ្ទាល់ ដែលបានបាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង ក្នុងវ័យ ២២ឆ្នាំ។
គួររំឭកថា ពានរង្វាន់ដែល UEFA និង CONMEBOL បានសហការបង្កើតការប្រកួតនាពេលកន្លងមក មានដូចជាពានរង្វាន់ Finalissima ដែលជាការប្រកួតប្រជែង រវាងក្រុមជើងឯក UEFA Euro និង Copa America ទាំងបុរស និងនារី ដោយពានរង្វាន់សម្រាប់ក្រុមជើងឯកតំបន់ ជាការប្រជែងដ៏ជក់ចិត្តបំផុត៕
Tag:
UEFA
Europa League
Copa Sudamericana
© រក្សាសិទ្ធិដោយ thmeythmey.com