ជាតិ
«បំណងប្រាថ្នា» ជាគម្រោងក្នុងព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមនៅទូទាំងប្រទេសលើកទី២
08, Jul 2023 , 7:59 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ  យុវជន និងកីឡា  រូបភាពពី៖ ក្រសួងអប់រំ យុវជន  និងកីឡា front
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា front
ដោយ៖ សុង សុធាវី 
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំព្រឹត្តិការណ៍​ប្រកួតសិស្ស​ឆ្នើម​ទូទាំង​ប្រទេស​​លើកទី២ ៖​ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា» ដែលជាការ​ប្រកួត​ស្នាដៃ​ បង្កើតគម្រោងដូចជាវត្ថុគំរូ សម្រាប់សិស្ស​ថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មកពីគ្រឹះស្ថាន​សិក្សារដ្ឋ និងឯកជន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ​ ចុះថ្ងៃទី៧​កក្កដា​ ព្រឹត្តិការណ៍​«បំណង​ប្រាថ្នា​» ជាការលើកកម្ពស់ការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (STEM) ដោយប្រមូលផ្តុំ​សិស្ស​ដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និង​នវានុវត្តន៍ ឱ្យផ្សារភ្ជាប់​ជាមួយបរិបទ​នៃការអប់រំតាមបែបឌីជីថល។ ការបង្កើតគម្រោង​បំណង​ប្រាថ្នា គឺផ្តោតលើវត្ថុ​គំរូវិទ្យាសាស្រ្ត ដែលអាចកែសម្រួល  ឬដោះ​ស្រាយនូវ​បញ្ហានានា ដែលកំពុងជួបប្រទះក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
 
ការចូលរួមប្រកួត នឹងត្រូវរៀបចំជា ៥ ដំណាក់កាល គឺការចុះឈ្មោះនៅលើវេទិកាឌីជីថល, ការស្វែងរកដៃគូ ការបង្កើតក្រុម និងការសរសេរឯកសារទស្សនទាន, ការពិគ្រោះយោបល់ និងកា​រកែលម្អ , ​ការធ្វើបទបង្ហាញ និងការពារគម្រោងនៅ​វេទិកាសាធារណៈ, និងការ​ផលិត​វត្ថុគំរូ​​។ 
 
ចំពោះកាលបរិច្ឆេទនៃដំណើរការព្រឹត្តិការណ៍ «បំណងប្រាថ្នា» នឹងចាប់ផ្តើមពី​សប្តាហ៍ទី៤ ខែ​កក្កដា ឆ្នាំ២០២៣ ដែលជាដំណាក់កាលចុះឈ្មោះ ​ដល់សប្តាហ៍ទី៣ ឬទី៤ នៃខែធ្នូ ឆ្នាំ​២០​២៣​ គឺការធ្វើវេទិកាសាធារណៈ ផ្សព្វផ្សាយស្នាដៃចូលរួមស្រាវជ្រាវ ប្រកាស​លទ្ធផល​ និង​ការប្រគល់ពានរង្វាន់ជ័យលាភី​។ 
 
សិស្សានុសិស្សដែលចូលរួមប្រកួត​ នឹងទទួលបាន​វិញ្ញាបនបត្របញ្ជាក់ការចូលរួម មេដាយ ថវិកា និងរង្វាន់មួយចំនួនទៀត ពីក្រសួងអប់រំ យុវជន និង​កីឡា ​។ ពួកគេក៏ ​ក៏មានអាទិភាព​​សម្រាប់ទស្សនកិច្ចសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា បណ្តាសហគ្រាស ឧស្សាហកម្ម ដើម្បី​ទទួលបានចំណេះជំនាញណាមួយ និងថវិកាឧបត្ថម្ភបន្ថែមទៀត ដើម្បីជាជំនួយ​ក្នុងការ​ផលិតវត្ថុគំរូទៅតាមគម្រោង និងបំណងប្រាថ្នារបស់ខ្លួន៕ 
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com