ជាតិ
សង្គមជាតិ
កម្ពុជា ​ដាក់ឱ្យអនុវត្តគោលការណ៍ណែនាំពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ សម្រាប់ ក្រុមហ៊ុនឌីជីថល
08, Jul 2023 , 9:59 pm        
រូបភាព
 លោក​ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងក្នុងពិធីដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល នៅថ្ងៃទី៦កក្កដា​
លោក​ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងក្នុងពិធីដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល នៅថ្ងៃទី៦កក្កដា​
កម្ពុជា សម្រេចដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំ ស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដើម្បីធានានូវកុមារគ្រប់រូបទទួលបានសុវត្ថិភាព និងបទពិសោធវិជ្ជមាន នៅពេលប្រើប្រាស់ប្រព័ន្ធអនឡាញ។ គោលការណ៍នេះត្រូវបានប្រកាសឱ្យអនុវត្តដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគម រួមនឹងទីភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍និងអ្នកពាក់ព័ន្ធនៅក្នុងវិស័យឌីជីថល​​កាលពីថ្ងៃទី៦កក្កដា ឆ្នាំ២០២៣។​

 បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនេះ មានគោលបំណងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុននានាក្នុងវិស័យនេះ ចូលរួមទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះថ្នាក់ដែលកំពុងកើតមាន និងគ្រោះថ្នាក់ក្នុងទម្រង់ថ្មីៗ ដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យា។ 
 
ជាពិសេសក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងវិស័យនេះ អាចបំពេញទំនួលខុសត្រូវរបស់ខ្លួនតាមរយៈ ការអនុវត្តគោលនយោបាយស្តីពីកិច្ចការពារសុវត្ថិភាពកុមាររបស់អង្គភាពរៀងៗខ្លួន ក៏ដូចជា​ទប់ស្កាត់ និងឆ្លើយតបចំពោះមាតិកា ដែលបង្ហាញពីការរំលោភបំពានផ្លូវភេទកុមារ។ ការបង្កើតវិធានការទប់ស្កាត់ ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារដូចជាផ្តល់ការណែនាំ និងកំណត់ពីវិធានឱ្យបានច្បាស់លាស់ ដើម្បីផ្តល់កិច្ចការពារដល់កុមារលើប្រព័ន្ធអនឡាញ។ 
 
ក្រុមហ៊ុនពាក់ព័ន្ធក្នុងបច្ចេកវិទ្យាឌីជីថល ត្រូវផ្តល់វិធានការការពារ ជាពិសេសវិធីរាំងខ្ទប់ទំាងមនុស្ស និងមាតិកាមិនសមរម្យ ឬមាតិកាដែលអាចបង្កផលប៉ះពាល់ដល់កុមារ រាយការណ៍ និងទទួលអន្តរាគមន៍ពីអាជ្ញាធរ និង/ឬសេវាពាក់ព័ន្ធ រួមទាំងការធានាថាទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងកុមារដែលកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ត្រូវបានរក្សាទុកជាព័ត៌មានសម្ងាត់ និងមានឯកជនភាព។
 
លោក វីល ផាកស៍ ប្រធានយូនីសេហ្វកម្ពុជា

យូនីសេហ្វកម្ពុជា​ បានបញ្ជាក់ថា គោលការណ៍ណែនាំនេះ ផ្តល់ឱកាសមិនធ្លាប់មានដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលដែលពាក់ព័ន្ធ ដូចជាក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័ត ក្រុមហ៊ុនរក្សាទិន្នន័យ អ្នកផលិតមាតិកា ក្រុមហ៊ុនសរសេរកម្មវិធី Software  និង Apps អាចបង្កើនសុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់កុមារ និងយុវជនគ្រប់រូប ស្របទៅតាមសិទ្ធិកុមារ និងស្តង់ដារក្រមសីលធម៌ខ្ពស់បំផុត។
 
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វកម្ពុជា លោក​ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនេះ គឺជាការគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា និងដៃគូ ក្នុងការប្រកាន់គោលជំហរ ច្បាស់លាស់ ដើម្បីការពារកុមារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទគ្រប់រូបភាពនៅកម្ពុជា។
 
ជាមួយគ្នានេះ លោក វីល ផាកស៍ ប្រធានយូនីសេហ្វកម្ពុជា បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង​ ដោយដឹងថាគោលការណ៍ណែនាំខាងលើ ត្រូវបានរៀបចំឡើងដោយផ្អែកលើច្បាប់ និង​លិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម​អន្តរជាតិ​ភាគ​ច្រើន។ ប៉ុន្តែលោកក៏នៅមានក្តីបារម្ភ លើកិច្ចការពារកុមារលើប្រព័ន្ធអនឡាញផងដែរ ព្រោះ​វាជាកិច្ចការដ៏ស្មុគស្មាញ។ 
 
លោកបន្តនិយាយដូច្នេះ៖ «វាតម្រូវឱ្យមានការប្តេជ្ញាចិត្ត ការសម្របសម្រួលប្រកបដោយ​ប្រសិទ្ធភាព និងកិច្ចសហការដោយមានការតាំងចិត្តរួមគ្នា​ជាមួយវិស័យឯកជន ដើម្បីផ្តល់​ឱ្យ​កុមារ និងក្មេងជំទង់របស់យើងនូវសេវាដែលមានសុវត្ថិភាព ងាយស្រួលប្រើប្រាស់ និង​មានការយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់»។
 
ប្រធានយូនីសេហ្វកម្ពុជារូបនេះ បានកត់សម្គាល់ឃើញថា បច្ចុប្បន្នកុមារចំណាយពេលលើអនឡាញកាន់តែច្រើនជាងមុន ហើយការចម្រើនវ័យជាមួយការប្រើប្រាស់ប្រព័ន្ធអនឡាញ បានផ្តល់នូវឱកាសគ្មានដែនកំណត់។ «ប៉ុន្តែវាក៏នាំមកនូវហានិភ័យធ្ងន់ធ្ងរផងដែរ។ ការសម្លុតគំរាមតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាពីមិត្តភក្តិក្នុងទម្រង់ផ្សេងៗទៀត អាចបង្កផលប៉ះពាល់ដល់យុវជន នៅពេលពួកគេប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឬប្រើប្រាស់កម្មវិធីផ្ញើសារនានា។ បញ្ហាដែលគួរឱ្យបារម្ភបំផុតនោះ គឺការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ»។ នេះជារៀបរាប់បន្ថែមរបស់លោក វីល ផាកស៍។ 
 
លទ្ធផលរកឃើញថ្មីៗ ដកស្រង់ចេញពីរបាយការណ៍សកលរបស់យូនីសេហ្វ ក្រោមចំណង​ជើង «ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា»បានបង្ហាញថា នៅកម្ពុជាក្នុងចំណោម​កុមារ​​​អាយុ ១២ ទៅ១៧ឆ្នាំ ចំនួន១០នាក់ មានកុមារលើសពីម្នាក់ បានរងការកេងប្រវ័ញ្ច ឬកា​រំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ក្នុងទម្រង់ណាមួយ៕ 
 
 
 
 

Tag:
 កុមារ
  ឌីជីថល
  អនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com