ជាតិ
អ្វីទៅជាសន្ធិសញ្ញាលំហសមុទ្រអន្តរជាតិ?
09, Jul 2023 , 8:39 am        
រូបភាព
ដោយ ងួនសៅ ពុទ្ធិឫទ្ធិ 
សន្ធិសញ្ញាលំហសមុទ្រអន្តរជាតិ (UN High Seas Treaty) ជាក្របខណ្ឌផ្លូវច្បាប់មួយ ដែល​បង្កើត​ឡើងដើម្បីការពារតំបន់សមុទ្រដែលស្ថិតនៅក្រៅព្រំដែនរបស់ប្រទេសនានា និងតំបន់សមុទ្រដែលពុំធ្លាប់មានយន្ដការផ្លូវច្បាប់គ្រប់គ្រងពីមុនមក។ ក្រោមសន្ធិសញ្ញានេះ តំបន់ការពារសមុទ្រមួយ (Marine Protected Areas – MPAs) ត្រូវបានបង្កើតឡើង។

សន្ធិសញ្ញាលំហាសមុទ្រអន្តរជាតិ ត្រូវបានអនុម័តនៅឯទីស្នាក់ការរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ។ សន្ធិសញ្ញាមួយនេះនៅតែបន្តត្រូវការការផ្តល់សច្ចាប័ន និងការអនុម័តពីរដ្ឋជាសមាជិកនានាដើម្បីឈានដល់ការអនុវត្ត។ សន្ធិសញ្ញានេះ ក៏ជាផ្នែកមួយនៃការសន្យារបស់សកលលោកតាមគោលការណ៍ ៣០x៣០ ដែលមានន័យថា ពិភពលោកត្រូវការពារយ៉ាងហោចណាស់៣០ភាគរយនៃផ្ទៃដីទាំងមូល និង៣០ភាគរយនៃផ្ទៃសមុទ្រឱ្យបានត្រឹមឆ្នាំ២០៣០។ 

តើអ្វីទៅជាលំហសមុទ្រអន្ដរជាតិ (High Seas)? ហេតុអ្វីជាវាត្រូវមានការការពារ? 
 
លំហសមុទ្រអន្ដរជាតិ (High Seas) ជាផ្ទៃមហាសមុទ្របើកចំហដែលគ្របដណ្ដប់ជិតពាក់កណ្ដាលនៃផ្ទៃផែនដី ហើយវាមិនត្រូវបានស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសណាមួយឡើយ។ ដោយហេតុបែបនេះ ផ្នែកជាច្រើននៃមហាសមុទ្រ  គឺគ្មានការត្រួតត្រា ហើយច្បាប់ដែលមានមួយចំនួនក៏មានការពិបាកក្នុងការអនុវត្ត ដោយសារតែមានទំនោរផ្តោតទៅលើបញ្ហាតែមួយមុខៗដូចជាការរុករករ៉ែ ការនេសាទ ឬការដឹកជញ្ជូនជាជាងការផ្ដោតទៅលើការការពារជីវចម្រុះ។
 
យោងតាមកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ ៧,៩ភាគរយនៃមហាសមុទ្រប៉ុណ្ណោះ ត្រូវបានទទួលការការពារ និងមានតែ១,២ ភាគរយនៃលំហសមុទ្រអន្ដរជាតិប៉ុណ្ណោះដែលស្ថិតនៅក្រោមការកំណត់ MPA ។ 
 
ហេតុអ្វីបានជា សន្ធិសញ្ញាលំហសមុទ្រអន្តរជាតិសំខាន់?
 
ការពិភាក្សាដើម្បីបង្កើតសន្ធិសញ្ញាលំហសមុទ្រអន្តរជាតិ ចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០០៤ មកម្ល៉េះ ប៉ុន្តែត្រូវបានរារាំងប៉ុន្មានលើកដោយសារតែជម្លោះលើការប្រើប្រាស់ពាក្យពេចន៍ និងការបញ្ចុះបញ្ចូល (Lobby) ពីសំណាក់ឧស្សាហកម្មធំៗនិងប្រទេសដែលមានអំណាច។ ជាមួយគ្នានេះ ប្រទេសកំពុងអភិវឌ្ឍ ក៏មានការកើតទុក្ខ ព្រោះអាចរងពិន័យ ឬទទួលខុសត្រូវចំពោះបញ្ហាជីវចម្រុះសមុទ្រដែលបណ្តាលមកពីការប្រើប្រាស់ធនធានដ៏ហួសហេតុរបស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាងខ្លួនថែមទៀត។
 
ក៏ព្រោះតែហេតុនេះ សន្ធិសញ្ញាលំហសមុទ្រអន្តរជាតិ នឹងអនុញ្ញាតឱ្យតំបន់ដ៏ធំនៃមហាសមុទ្រត្រូវបានចាត់តាមច្បាប់ជា MPAs ហើយកម្រិតសកម្មភាពដែលអនុញ្ញាតនៅក្នុងតំបន់ទាំងនោះរួមមានការបញ្ឈប់ការនេសាទនៅក្នុងតំបន់សំខាន់ៗនៃជីវចម្រុះ ការបំផ្លាញមច្ឆាសមុទ្រ និងអនុញ្ញាតឱ្យមច្ឆាសមុទ្រកកើតឡើងវិញ។ 
 
តើ​ប្រទេសក្នុងតំបន់​អាស៊ី​អាគ្នេយ៍ ​នឹង​រង​ឥទ្ធិពល​នៃសន្ធិសញ្ញាលំហសមុទ្រអន្តរជាតិ​ដោយរបៀបណា?
 
បើទោះបីជាប្រទេសជាច្រើនក្នុងតំបន់​អាស៊ី​អាគ្នេយ៍មិនមានព្រំប្រទល់ដែនសមុទ្រជាប់នឹង លំហសមុទ្រអន្តរជាតិក៏ដោយ ទូកនេសាទរបស់តំបន់នេះ នៅតែត្រូវអនុវត្តតាមច្បាប់ថ្មីណាមួយដែលត្រូវបានបង្កើតឡើងក្រោមសន្ធិសញ្ញាលំហសមុទ្រអន្តរជាតិ​ ជាពិសេសសម្រាប់តំបន់ដែលស្ថិតនៅលើ មហាសមុទ្រ​ឥណ្ឌា។ លោក Dominic Chakrabongse អ្នកជំនាញជលផលឯករាជ្យ និងជាអនុប្រធាននៃ អង្គការ The Green World Foundation បានលើកឧទាហរណ៍អំពីតំបន់ Saya de Malha Bank ដែលស្ថិតនៅចំកណ្ដាលមហាសមុទ្រ​ឥណ្ឌា។ 
 
លោកអះអាថា ជាចំណុចក្តៅនៃជីវចម្រុះ និងជាជម្រកនៃប្រភេទមច្ឆាសមុទ្រចម្រុះរាប់មិនអស់ តំបន់នេះបានក្លាយជាគោលដៅនេសាទរបស់ប្រទេសគ្រប់ទិសទី សូម្បីតែអ្នកនេសាទថៃក៏ធ្វើដំណើរទៅកាន់ទីនោះដើម្បីប្រមូលផលនេសាទផងដែរ។ ដោយហេតុនេះ កង្វះកិច្ចព្រមព្រៀងអន្តរជាតិអាចពិបាកក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីឱ្យមានប្រសិទ្ធភាពសម្រាប់តំបន់មួយនេះ។ 
 
តើជំហានបន្ទាប់របស់សន្ធិសញ្ញាលំហសមុទ្រអន្តរជាតិជាអ្វី?
 
ជំហានបន្ទាប់ដ៏សំខាន់របស់ សន្ធិសញ្ញាមួយនេះគឺ ការអនុម័តជាផ្លូវការនៅសម័យប្រជុំរបស់អង្គការសហប្រជាជាតិ និងការផ្ដល់សច្ចាប័នដោយរដ្ឋជាសមាជិកយ៉ាងហោចណាស់៦០ភាគី។ សន្និសីទនៃភាគី (COP) ក៏ត្រូវតែបង្កើតឡើងដើម្បីឱ្យតំណាងរដ្ឋជាសមាជិកប្រជុំគ្នា និងបង្កើនការទទួលខុសត្រូវលើកិច្ចព្រមព្រៀងមួយនេះ។ 
 
ជាមួយគ្នានេះ មូលនិធិ​ដំបូង​ក៏​នឹង​ត្រូវ​បាន​បង្កើត​ឡើងដោយមានការឧបត្ថម្ភពីសហភាព​អឺរ៉ុបចំនួន៨២០លាន​អឺរ៉ូ ផងដែរ។ ប៉ុន្ដែទោះជាយ៉ាងណា ការ​អនុវត្ត​នៃសន្ធិសញ្ញា​មួយនេះ ​ក៏អាច​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយដោយ​សារ​​សកម្មភាព​បំផ្លាញលើលំហសមុទ្រអន្ដរជាតិ​នៅ​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ ហើយ​ពិបាក​ក្នុង​ការ​ត្រួត​ពិនិត្យ។ បន្ថែមពីលើនេះ ចម្ងល់ទាក់ទងនឹងការកំណត់ MPAs មន្រ្តីអនុវត្ត សកម្មភាពដែលនៅតែត្រូវបានអនុញ្ញាតនៅក្នុងលំហសមុទ្រអន្តរជាតិ បញ្ហាស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ភាគី​ទទួល​បាន​អត្ថប្រយោជន៍ នៅតែពុំទាន់បានដោះស្រាយនៅឡើយ៕ 
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com