ជាតិ
ក្នុង១ឆ្នាំ កូនស្រីបង្កើតតារាហូលីវូដ Angelina Jolie ជួយយុវជន​កម្ពុជា១០នាក់ឱ្យរៀនចប់បាក់ឌុប
09, Jul 2023 , 9:19 am        
រូបភាព
បាត់ដំបង៖ Shiloh Jolie-Pitt កូនស្រីបង្កើតរបស់តារាភាពយន្ត​ហូលីវូដ​ដ៏​ល្បីល្បាញ ​គឺ​លោកស្រី Angelina Jolie បានជួយផ្គត់ផ្គង់ដល់កុមារក្រីក្រកម្ពុជាចំនួន១០នាក់ក្នុងមួយឆ្នាំឱ្យបានរៀនចប់បាក់ឌុប។ កុមារទាំងនោះ ស្ថិតក្នុងភូមិសាស្រ្តដាច់ស្រយាលមួយនៃស្រុកសំឡូត ខេត្តបាត់ដំបង។

កម្មវិធីអាហារូបករណ៍របស់ Shiloh បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧ ដែលផ្ដល់អាទិភាពខ្ពស់សម្រាប់កុមារកំព្រា, កុមារក្នុងគ្រួសារពិការ ឬអត់ផ្ទះសំបែងជាដើម។ តាមរយៈកម្មវិធីនេះបានផ្ដល់ជូន កង់, អង្ករ, សម្ភារៈសិក្សា, ប្រាក់ប្រចាំខែ ព្រមទាំងអន្តេវាសិកដ្ឋាន ដើម្បីធ្វើយ៉ាងណាជំរុញលទ្ធភាពកុមារតាមជនបទឱ្យរៀនបានខ្ពស់ដូចក្មេងដទៃ។
  
លោក គង់ មុនីច័ន្ទ នាយកប្រចាំប្រទេសនៃមូលនិធិម៉ាដក្សចូលីភីត(MJP)  (កណ្ដាល)។ រូបភាព៖ ឈុំ ចន្ថា 

លោក គង់ មុនីច័ន្ទ នាយកប្រចាំប្រទេសនៃមូលនិធិម៉ាដក្សចូលីភីត(MJP) ដែលមានលោកស្រី Angelina Jolie ជាប្រធាន បានឱ្យដឹងថា កុមារនៅក្នុងតំបន់ដាច់ស្រយាលនៃស្រុកសំឡូត ខេត្តបាត់ដំបង តិចតួចណាស់បានរៀនបន្តដល់ថ្នាក់វិទ្យាល័យ។ ការណ៍នេះ ដោយសារតែវិទ្យាល័យឆ្ងាយពីកន្លែងពួកគេរស់នៅរហូតដល់ ៣០ ទៅ៤០គីឡូម៉ែត្រ ឯផ្លូវក៏លំបាក ព័ទ្ធជុំវិញដោយព្រៃស្ងាត់។
 
«នៅតំបន់នេះ(សំឡូតចាស់) កុមាររៀនចប់ត្រឹមឌីប្លូប គឺចប់តែម្ដង។ ភាគតិចណាស់ ដែលមានអ្នកមកសិក្សានៅវិទ្យាល័យ។ កាលខ្ញុំមកដំបូង អំឡុងឆ្នាំ២០១៧ សិស្សដែលតស៊ូខ្លាំង ហើយម៉ែឪមានលុយ ក៏ត្រូវសង់ខ្ទមជាប់របងសាលាហ្នឹងដែរ ដើម្បីរៀនឱ្យចប់បាក់ឌុប។ យើងដឹងហើយថា ពីសំឡូតចាស់ ទៅទីរួមស្រុកចម្ងាយ ៣០ ទៅ៤០គីឡូ។ អ៊ីចឹង! គ្មានសិស្សណាទៅតស៊ូបានទេ ហើយណាមួយផ្លូវពិបាកផង»។ នេះជាការ​រៀបរាប់​របស់​នាយកប្រចាំប្រទេសនៃមូលនិធិម៉ាដក្សចូលីភីត(MJP)។
  
Shiloh Jolie-Pitt & Angelina Jolie

ដោយមើលឃើញពីភាពខ្វះខាតដូចនេះ ទើបកូនស្រីបង្កើតរបស់លោកស្រី Angelina Jolie គឺកញ្ញា Shiloh Jolie-Pitt បានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រចំនួន១០នាក់ក្នុងមួយឆ្នាំបន្ថែមទៀត ដើម្បីបំពេញក្ដីស្រមៃពួកគេរៀនចប់បាក់ឌុប។ ក្នុងករណី មានអ្នកចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ កម្មវិធីអាហារូបករណ៍ Shiloh នឹងបន្តជ្រោមជ្រែងពួកគេរហូតរៀនចប់។ 
 
ក្រៅពីនោះ មូលនិធិម៉ាដុកជួលីភីត (MJP) បានសាងសង់អន្តេវាសិកដ្ឋានមួយកន្លែងជាប់នឹងវិទ្យាល័យសំឡូត ដើម្បីឱ្យសិស្សក្រីក្រមកពីជនបទអាចស្នាក់នៅ និងហូបចុករួមគ្នាបាន។ អន្តេវាសិកដ្ឋាន អាចដាក់សិស្សបានប្រមាណ១០០នាក់ ។ ទន្ទឹមនេះ វិទ្យាល័យសំឡូត ក៏ទទួលបានការឧបត្ថម្ភជាសម្ភារៈសិក្សា តុ កៅអី និង​ជួសជុលអាគាររៀងរាល់២ ឬ៣ឆ្នាំម្ដង រួមទាំង​បើកវគ្គបណ្ដុះបណ្ដាលសមត្ថភាពគ្រូបង្រៀន ជាពិសេសផ្ដោតលើគុណភាពបង្រៀនភាសាអង់គ្លេស។
 
តាមរយៈការជួយជាច្រើនរបស់គ្រួសារ Angelina Jolie តាំងពីឆ្នាំ ២០១៧ រហូតទល់ពេលនេះ លោក គង់ មុនីច័ន្ទ កត់សម្គាល់ឃើញថា សិស្សតាមជនបទ នៃតំបន់សំឡូតស្ទើរតែ៩០ភាគរយហើយ ដែលរៀនចប់ថ្នាក់បឋម​ភូមិ​ និងប្រមាណ ៧០ភាគរយ បន្តទៅរៀនថ្នាក់វិទ្យាល័យ។
  
គ្រួសាររបស់លោកស្រី Angelina Jolie ក្នុងនោះក៏មានប្រុសចិញ្ចឹមម្នាក់ដែលជាជនជាតិខ្មែរ ឈ្មោះថា Maddox Jolie-Pitt

បើតាមលោក គង់ មុនីច័ន្ទ Shiloh Jolie-Pitt ជាក្មេងស្រីម្នាក់ ក្នុងចំណោមកូនៗជាច្រើនទៀតរបស់លោកស្រី Angelina Jolie ដែលចូលចិត្តប្រទេសកម្ពុជាខ្លាំង រហូតដល់នាងបានជួលគ្រូឱ្យបង្រៀនភាសាខ្មែរថែមទៀត។ បច្ចុប្បន្ន Shiloh អាចនិយាយភាសាខ្មែរបានតិចតួច ហើយនៅពេលខ្លះនាងបានស្នើឱ្យមានការរៀបចំជួបជុំជាមួយកុមារកម្ពុជាដែលទទួលបានអាហារូបករណ៍ តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីជជែកពីការរៀនភាសារខ្មែរផង និងភ្ជាប់ទំនាក់​ទំនងឱ្យកាន់ជិតស្និទ្ធផង។
 
លោក បន្ថែមដូច្នេះ៖« Shiloh គឺជាកូនម្នាក់ក្នុងចំណោមកូន៦នាក់ទៀតរបស់លោកស្រី Angelina Jolie ដែលខ្ញុំសង្កេតឃើញថាគាត់ចូលចិត្តស្រុកខ្មែរខ្លាំង។ នៅពេលលោកស្រី Angelina Jolie មកខ្មែរម្ដងៗយើងឃើញគាត់មកជាមួយរហូត»។
  


លោកស្រី Angelina Jolie ជាតារាភាពយន្តហូលីវូដម្នាក់ តែងមកទស្សនាកម្ពុជា និងប្រាសាទអង្គរវត្តញឹកញាប់។ លោកស្រី ក៏បានថតខ្សែភាពយន្តរឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដែលបានឆ្លុះបញ្ចាំងពីការ​លំបាក​ និង​ចង​ចាំ​អតីតកាល​ដ៏​ជូរចត់ នៃសម័យសង្រ្គាមខ្មែរក្រហមផងដែរ។ មានកូនប្រុសចិញ្ចឹមម្នាក់មានឈាមជ័រជាខ្មែរ តារាសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះ បានរួមចំណែកជួយដល់ការងារអភិរក្សសត្វព្រៃ និងបន្តជួយគាំទ្រ និងបណ្ដុះបណ្ដាលមុខរបរចិញ្ចឹមឃ្មុំក្នុងព្រៃធម្មជាតិ ដល់ប្រជាសហគមន៍នៅស្រុកសំឡូតផងដែរ៕
 
 
 

Tag:
 Angelina Jolie
  Shiloh Jolie-Pitt
© រក្សាសិទ្ធិដោយ thmeythmey.com