កីឡាអន្តរជាតិ
អន្តរជាតិ
អារ៉ាប៊ីសាអូឌីតកំពុងទាក់ទាញចិត្តកីឡាករតំបន់អឺរ៉ុប​ ខណៈខ្លួនចង់បង្កើតឧស្សាហកម្ម កម្សាន្ត​​ផ្ទាល់ដៃ
09, Jul 2023 , 9:59 am        
រូបភាព
អារ៉ាប៊ីសាអូឌីត ក្លាយជាប្រទេស​ដ៏ទាក់ទាញមួយ ​សម្រាប់កីឡាករបាល់ទាត់ស្ថិតក្នុង​តំបន់​អឺរ៉ុប​​នារយៈពេលប៉ុន្មានខែចុងក្រោយ​នេះ។ ចាប់តាំងពីការផ្ទេររបស់ Cristiano Ronaldo កាល​​ពី​ដើមឆ្នាំ ២០២៣ ក្របខណ្ឌ Saudi Pro League មានសន្ទុះខ្លាំង ព្រមទាំងការនាំយក​កីឡាក​រល្បីៗជាច្រើនពីតំបន់អឺរ៉ុប ទៅចូលរួមក្រុមពួកគេ។ ប្រទេសអារ៉ាប៊ីសាអូឌីត​ចង់​បង្កើត​ឧស្សាហកម្មកម្សាន្ត​ទាំងនេះ ដោយខ្លួនគេផ្ទាល់? 

កាលខែមករា ដើមឆ្នាំ​២០២៣ អំឡុងតំបន់អឺរ៉ុប​ឈានដល់ទីផ្សារការដោះដូរ​ពាក់​កណ្តាល​រដូវកាល Ronaldo ផ្លាស់ទៅកាន់ក្លិប ​Al-Nassr ដោយគ្មានតម្លៃខ្លួន។ កីឡាករសញ្ជាតិ​ព័រទុយហ្កាលរូបនេះ ទទួលបានប្រាក់ពលកម្មប្រមាណ ២២០លានដុល្លារក្នុងឆ្នាំ។ 
 
កាលពីខែមិថុនា Karim Benzema ម្ចាស់ពាន ​Ballon d’Or ក៏បានផ្លាស់ទៅចូលរួមក្រុម Al-Ittihad ដោយទទួលបានប្រាក់ប្រមាណ ២១៩លានដុល្លារក្នុងឆ្នាំ បន្ទាប់ពីខ្សែប្រយុទ្ធ​សញ្ជាតិ​​បារាំងរូបនេះ ​ផុតកិច្ចសន្យាជាមួយ​ក្រុម Real Madrid។ ក្រៅពី Benzema កីឡាករ​ក្រុម Chelsea ចំនួន ៤នាក់ បានផ្លាស់ទៅទឹកដីអារ៉ាប៊ីសាអូឌីត ខណៈដែល Sergio Ramos, Bernardo Silva និង ​Heung-Min Son ត្រូវបានរាយការណ៍ថា ​ទទួល​បាន​សំណើ​ស្រដៀង​នឹងក្រុមកីឡាករមុនៗ ដែលបានផ្លាស់ទៅ Saudi Pro League។
 


ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងតែសម្លឹងមើលការពង្រីកសេដ្ឋកិច្ចរបស់ខ្លួន​ តាមរយៈ​ការ​បង្កើត​ឧស្សាហកម្មផ្សេងៗទៀត ដើម្បីជួយធានាដល់អនាគតហិរញ្ញវត្ថុរបស់ខ្លួន។ ​​​ ភាគច្រើន​សេដ្ឋកិច្ច​ប្រទេសអារ៉ាប៊ីសាអូឌីត ពឹងផ្អែកលើការលក់ប្រេង ប៉ុន្តែ​​​ការលក់ប្រេង ​​មិនមែនជារឿងដែលស្ថិរភាពរហូតនោះឡើយ ដូច្នេះប្រទេសនេះ ត្រូវការពង្រីកសេដ្ឋកិច្ចរបស់ខ្លួន។


កីឡាគឺជាសក្តានុពលថ្មីមួយ ដែលប្រទេសអារ៉ាប៊ីសាអូឌីតកំពុងតែសម្លឹងមើល ដើម្បី​ការអភិវឌ្ឍ​ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនោះក៏មានការពង្រឹងសមត្ថភាព ​ការប្រកួត​បាល់​ទាត់​លីគ​ដែរ។ អារ៉ាប៊ីសាអូឌីត នាំយកកីឡាករច្រើនមកពីតំបន់អឺរ៉ុប ដើម្បីពង្រឹងលីគរបស់ខ្លួន តាមរយៈ​គម្រោង PIF មូលនិធិវិនិយោគទ្រព្យសម្បត្តិអធិតេយ្យ​របស់ប្រទេស​អារ៉ាប៊ីសាអូឌីត​ផ្ទាល់។
 
បច្ចុប្បន្នប្រទេសអារ៉ាប៊ីសាអូឌីត កំពុងតែបង្កើនចំណាប់អារម្មណ៍ពីពិភពលោក តាមរយៈ​ការ​រៀប​ចំ​ការ​ប្រកួតកីឡាជាច្រើន​ក្នុងប្រទេស​ ដូចជាប្រណាំងរថយន្ត Formula 1, កម្មវិធី​ប្រណាំង​ម៉ូតូ ​Moto GP ការប្រកួតបាល់ទាត់ ក៏ដូចជាកីឡាដទៃទៀត ដែល​ពួកគេបាន​នាំ​ទៅ​។ ការនាំយកកីឡាទាំងនេះ ឱ្យមានការប្រកួតនៅក្នុងប្រទេសពួកគេ ព្រោះតែពួកគេចង់​កសា​ងនៅឧស្សាហកម្មកម្សាន្តដោយខ្លួនឯង ទៅក្នុងការចាប់អារម្មណ៍របស់ប្រជាជន​អារ៉ាប៊ី​សា​អូឌីត និងទៅកាន់ពិភពលោក៕
 

Tag:
 អារ៉ាប៊ីសាអូឌីត
  Saudi Pro League
© រក្សាសិទ្ធិដោយ thmeythmey.com