ជាតិ
គំនូរ២ផ្ទាំងរបស់វិចិត្រករ ព្រហ្ម ពន្លឺ តំណាងក្ដីសង្ឃឹមក្នុង​ជីវិត
09, Jul 2023 , 10:39 am        
រូបភាព
ភ្នំពេញ៖​ គំនូរ​រូបទូក​​នៅ​លើ​ផ្ទៃ​ទឹក​​ ហាក់​ដូច​​​ស្ថិត​​ក្រោម​ឥទ្ធិពល​​ព្យុះ​​ភ្លៀង​ ​និង​គំនូរ​រូបព្រហ្ម​បាយ័ន​ ​ដែល​មាន​មុខ​មើល​ត្រង់​ និង​មុខ​តែ​មួយ​ចំហៀង​ គឺ​ជា​គំនូរ​ដែល​វិចិត្រករ ព្រហ្ម ពន្លឺ ស្រឡាញ់​ជាង​គេ​បំផុត​ ក្នុង​ចំណោម​​ស្នាដៃ​គំនូរ​របស់​ខ្លួន​ទាំង​អស់​។ ស្រឡាញ់​ជាង​គេ​ ក៏​ព្រោះ​ថា​គំនូរ​ទាំង​២​ផ្ទាំង​នេះ គឺ​ជា​កម្លាំង​ជំរុញ​ចិត្ត​លោកឱ្យ​​មាន​ក្ដី​សង្ឃឹម​ក្នុង​ជីវិត​ បន្ត​ដើរ​ទៅ​​កាន់​ក្ដី​ស្រមៃ​។



​វិចិត្រករ​ ព្រហ្ម ពន្លឺ ​បានយកស្នា​ដៃ​គំនូរ​របស់​​​ខ្លួន ដាក់តាំង​បង្ហាញក្នុង​វិចិត្រ​សាល​ នៃ​សណ្ឋា​គារ​សូហ្វីតែល​ភ្នំពេញ ​​​កាល​ពី​ពេល​កន្លង​ទៅ​។ ផ្កា​ឈូក​ គឺ​ជា​អត្តសញ្ញាណ​របស់​ ពន្លឺ ដូច្នោះ​ហើយ​ គ្រប់​គំនូរ​ទាំង​អស់របស់វិចិត្រកររូបនេះ សុទ្ធ​តែ​បាន​ផ្សារ​ភ្ជាប់​​នឹង​ផ្កាឈូក​។ ស្នាដៃ​របស់​វិចិត្រ​ករ​រូប​នេះ​ ពុំ​មែន​មាន​តែ​នៅ​លើផ្ទាំងសំពត់​​ស​ឡើយ​ តែ​មាន​នៅ​លើ​កែវ​ ថូ ​នៅ​​លើ​អាវ និង​វត្ថុ​ផ្សេង​ៗ​ទៀត​​។

សូមអញ្ជើញទស្សនាកិច្ច​សម្ភាសរវាង កញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងវិចិត្រករ​ ព្រហ្ម ពន្លឺ ដូចតទៅ ៖



 លោក ព្រហ្ម ពន្លឺ វិចិត្រ​គំនូរ​សហសម័យ​ កំំពុង​និយាយ​ជា​មួយភ្ញៀវ​​ដែល​មក​ទស្សនា​គំនូរ​របស់​ខ្លួន
អង្គុយ​នៅ​មុខ​ផ្ទាំង​គំនូរ​របស់​ខ្លួន​ លោក ព្រហ្ម ពន្លឺ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា លោក​ស្រឡាញ់​​ស្នាដៃ​គំនូរ​​​របស់​លោក​ទាំង​អស់​ ប៉ុន្តែ​មាន​តែ​គំនូរ​២​ផ្ទាំង​ប៉ុណ្ណោះ​ ដែល​លោក​ស្រឡាញ់​ជាង​គេ​ ក៏​ព្រោះ​ថា​វា​តំណាង​ឱ្យ​អត្ថន័យ​ជីវិត​​របស់​លោក​​។ គំនូរ​ទី​១​ គឺ​ជា​គំនូរ​រូប​ទូក​ ស្ថិត​នៅ​លើ​ផ្ទៃ​ទឹក​ មាន​ផ្កា​ឈូក​ដុះ​ជុំ​វិញ។ ទូក​នោះ​ហាក់​ដូច​ជា​ ស្ថិត​នៅ​ក្រោម​​សម្ពាធ​​ព្យុះ​ភ្លៀង​ដ៏​ខ្លាំង​ក្លា​។ រូប​គំនូរ​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា “ខ្ញុំ​មិន​អាច​នៅ​ឯកោទេ”​។ 
 
និយាយ​បណ្ដើរ​ញញឹម​បណ្ដើរ​ លោក ព្រហ្ម ពន្លឺ ពន្យល់​បន្ថែម​៖​ «​គំនូរ​រូបទូក​នេះ​ តំណាង​ឱ្យ​​ជីវិត​របស់​​ខ្ញុំ​ ដែល​​​ធ្លាប់​តែល​តោល​។ ផ្កាឈូក​តំណាង​ឱ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​ខ្ញុំ​ ដែល​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​ខ្ញុំ​។ បើ​ទោះ​បី​ជា​ខ្ញុំ​បាន​ជួប​រឿង​អ្វី​ក៏​ដោយ ប៉ុន្តែ​មនុស្ស​ជុំ​វិញ​ខ្លួន​ខ្ញុំ តែង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ​ជា​និច្ច​»។ 


គំនូរ​ទូក​មាន​ចំណងជើងថា ខ្ញុំមិនអាចនៅឯកោទេ (រូប​ផ្ដល់ឱ្យ​ដោយ​លោក ព្រហ្ម ពន្លឺ​)
 
ក្នុង​ទឹក​មុខ​ហាក់​មាន​ក្ដីសង្ឃឹម​ក្នុង​ជីវិត​ បុរស​សម្បុរ​ស្រអែម​ សក់​​​ខ្លី​​ស្លូត​រូប​នេះ បន្ត​ពន្យល់​ពី​គំនូរ​មួយ​ផ្ទាំង​ទៀត​ ដែល​គូរ​អំ​ពី​​មុខ​ព្រហ្មបាយ័ន​​។ បុរស​មាន​ដើម​កំណើត​នៅ​រាជ​ធានី​ភ្នំពេញ​ ពន្លឺ​ ថា​រូប​នេះ​តំណាង​ដល់ ការ​ផ្ដល់​កម្លាំង​ចិត្ត​ពី​​ឪពុក​របស់​ខ្លួន​។ លោក​ថា​មុខ​ព្រហ្ម ​​ដែល​មើល​ទៅ​មុខ​ត្រង់​នោះ​ គឺ​តំណាង​ឪពុក​របស់​លោក។ ចំណែក​​មុខ​ព្រហ្ម​ដែល​ឃើញ​តែ​មួយ​ចំហៀង​ គឺ​តំណាង​រូប​លោក​ផ្ទាល់​។ គំនូរ​នេះ​ពិត​ជា​មាន​ន័យ​បំផុត​ សម្រាប់​​ដំណើរ​ជីវិត​របស់​លោក ចាប់​តាំង​ពីលោក​បែក​ពី​ឪពុក​​​ អស់​រយៈ​ពេល​​១៥​ឆ្នាំ​មក​នេះ​។ 
 
«​​រូប​ចំ​កណ្ដាល​តំណាង​ឱ្យ​ឪពុក​ខ្ញុំ​។ ​គាត់​​បាន​ចែក​ឋាន​អស់​​១៥​ឆ្នាំ​មក​ហើយ​។ ​រូប​មួយ​ចំហៀង​មុខ​ តំណាង​ឱ្យ​​ខ្ញុំ​​។ ខ្ញុំ​​តែង​​គិត​ថា ឪពុក​របស់​ខ្ញុំ​​ ​នៅ​ឈរ​ញញឹម​ពី​ក្រោយ​ខ្ញុំ​​ជា​និច្ច​។ ខ្ញុំ​មាន​កម្លាំង​ចិត្ត​។ ហើយ​នេះ​ជា​​មូល​ហេតុ​ដែល​នាំ​ឱ្យខ្ញុំ​​គូរ​រូប​មួយ​ផ្ទាំង​នេះ​។ រូប​នេះ​​ក៏​និយាយ​ពី​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​​ដែរ ដែល​តំណាង​ឱ្យ​ការ​ឧទ្ទិស​កុសល​»។ នេះ​ជា​ការ​ពន្យល់​របស់​វិចិត្រករ​​ ពន្លឺ​។


 គំនូរ​រូប​ព្រហ្មបាយ័ន

ទម្រាំ​​បាន​ដើរ​មក​ដល់​ចំណុច​នេះ លោក​ ពន្លឺ បាន​ឆ្លង​កាត់ដំណើរ​​ជីវិត​តស៊ូ​ច្រើន​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​មិន​បោះ​បង់​ គឺ​ការ​ជឿ​ជាក់​លើ​ក្ដី​ស្រមៃ​។ អ្វី​ដែល​សំខាន់​បំផុត​ទៀត​នោះ គឺ​កម្លាំ​ង​ចិត្ត​ដែល​បាន​ពី​ឪពុក​ដ៏​ល្អ​ របស់​លោក​។​
 
សម្រាប់​បុរស​សម្ដី​មួយ​ៗ​ច្បាស់​លាស់​រូប​នេះ គំនូរ​គឺ​ជា​ជើង​មេឃ​មួយ ​នៃ​ជីវិត​របស់​លោក​​។ គំនូរ​គឺ​ជា​របស់​មួយ ដែល​​មាន​តម្លៃ​ខ្លាំង​បំផុត​​សម្រាប់​លោក​ ដោយ​ហេតុ​ថា លោក​​អាច​​បក​ស្រាយ​គំនិត​របស់​ខ្លួន​ តាម​រយៈ​គំនូរ​។ រូប​គំនូរ​របស់​លោក​ មាន​លក្ខណៈ​បង្កប់​​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន និង​មាន​ភ្ជាប់​អត្តសញ្ញាណ​ជាតិ​ផង​ដែរ​។ 


គំនូរ​របស់​វិចិត្រករ ព្រហ្ម ពន្លឺ

អះអាង​ថា​ខ្លួន​មាន​កម្រិត​វប្បធម៌​តិច ប៉ុន្តែ​អាច​ស្វែង​រក​ខ្លួន​ឯង​ឃើញ តាម​រយៈ​ការ​មិន​បោះ​បង់​ ពន្លឺ​ ផ្ដាំ​ទៅ​អ្នក​ស្រឡាញ់​វិស័យ​សិល្បៈ​ ពិសេស​ផ្នែក​គំនូរ​ ត្រូវ​តែ​តស៊ូ​ជម្នះ​ឧបសគ្គ​ ទើប​​អាច​រក​ឃើញទេពកោសល្យ​របស់​ខ្លួន​។
 
លោក ព្រហ្ម ពន្លឺ​ បន្ថែម​៖«ខ្ញុំ​ជា​សិល្បករ​មួយ​រូប ​ដែល​មិន​បាន​ចូល​សាលា​ធំដុំ​ទេ​ ក៏​មិន​បាន​រៀន​សូត្រ​​​ចេះ​ដឹង​ច្រើន​ដែរ​។ ខ្ញុំ​សុំ​ឱ្យ​បង​ប្អូន​ទាំងអស់​គ្នា​មាន​គោលដៅ​ជីវិត។ អ្វី​ដែល​យើង​ស្រឡាញ់​ អ្វី​ដែល​យើង​មាន​បំណង យើង​ត្រូវ​ធ្វើ​វា​ឱ្យ​បាន​។ ខ្ញុំ​ធ្លាប់​ដួល​ច្រើន​ ធ្លាប់​គូរ​គំនូរ​ដើរ​សួរ​គេ​តាម​ផ្សារ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​បោះ​បង់​ ខ្ញុំ​នៅ​តែ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​។ បើ​ខ្ញុំ​មិន​មាន​ថ្ងៃមុន​ ខ្ញុំ​មិន​មាន​ថ្ងៃនេះទេ​។ បង​ប្អូន​ដែល​ស្រឡាញ់​ផ្នែក​សិល្បៈ​ ឬ​ផ្នែក​គំនូរ​ សុំ​កុំ​បោះ​បង់​ក្ដី​ស្រមៃ​ខ្លួន​ឯង។ បើ​សិន​យើង​បោះ​បង់​ក្ដី​ស្រមៃ​ខ្លួន​ឯង លើក​ទី​១ លើក​ទី​២ ខ្ញុំ​គិត​ថា​យើង​មិន​អាច​មាន​លើក​ទី​៣​ទេ​។ ប្រសិន​យើង​បោះ​បង់​ យើង​អាច​ផ្លាស់​ប្ដូរ​យក​អ្វី​ថ្មី​មួយ​ទៀត​»៕
 
 

Tag:
 ព្រហ្ម ពន្លឺ
  វប្បធម៌​
  គំនូរ​
  វិចិត្រ​ករ​
© រក្សាសិទ្ធិដោយ thmeythmey.com