ជាតិ
សេដ្ឋកិច្ច
​អាម៉េរិក​ជាទីផ្សារ​នាំចេញលំដាប់លេខ១របស់​កម្ពុជា ខណៈចិនឈរនៅលេខ៣
09, Jul 2023 , 1:59 pm        
រូបភាព
រូបតំណាង៖ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) ចាប់ដៃជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នាជំនួបពិភាក្សាការងារនៅល្ងាចថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាដែលជាទីរៀបចំប្រជុំកំពូល
រូបតំណាង៖ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) ចាប់ដៃជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នាជំនួបពិភាក្សាការងារនៅល្ងាចថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាដែលជាទីរៀបចំប្រជុំកំពូល
កម្ពុជាសម្រេចការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសនានា ក្នុងពិភពលោកបានក្នុងទំហំទឹកប្រាក់ប្រមាណ៩ ១៨៣លានដុល្លារ នារយៈពេល៥ខែមកនេះ​នៃឆ្នាំ២០២៣។​ ក្នុងនោះ​ សហរដ្ឋអាម៉េរិក គឺជាទីផ្សារឈរនៅលំដាប់ទី១របស់កម្ពុជា ខណៈស្ថិតប្រទេសចិន គឺស្ថិតនៅលំដាប់ទី៣។

​យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២៣​ កម្ពុជានាំទំនិញទៅកាន់ផ្សារសហរដ្ឋអាម៉េរិកមានទំហំជិត ៣ ១៩៨លាន​ដុល្លារ។ នេះទីផ្សារធំបំផុតរបស់កម្ពុជា ស្ថិតក្នុងលំដាប់ទី១។ 
 
លំដាប់ពី២នោះ ជាទីផ្សារប្រទេសវៀតណាម​មានទំហំនាំចេញជាង១ ៣២៣​លានដុល្លារ និងលំដាប់លេខ៣ គឺជាប្រទេសចិនដែលមានទំហំនាំចេញជិត ៥៨៩លានដុល្លារ។ 
 
ផ្អែកលើស្ថិតិដដែល សហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា​។ ទំនិញដែលត្រូវនាំចេញទៅប្រទេសនេះ មានសម្លៀកបំពាក់ កាបូបដៃ និងស្បែកជើង​ ជាដើម។​ 
 
កាលពីថ្ងៃទី៥កក្កដា ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក W.Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាម៉េរិក​ប្រចាំ​កម្ពុជា បានប្តេជ្ញា​ពង្រីក​កិច្ចសហប្រតិ​បត្តិការ សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម វិនិយោគទុន និងបង្កើត​ឱកាស​ការងារ​បន្ថែមទៀត​រវាង​ប្រទេស​ទាំងពីរ។ 
 
នាជំនួបនោះ លោកឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាម៉េរិក​ បានសម្តែងនូវការពេញចិត្តនូវគម្រោងដែលមានកាន់តែប្រសើរនៅកម្ពុជា ក្នុងការជំរុញឱ្យការបញ្ជទិញពីទីផ្សារអាម៉រិកកាន់តែច្រើន។ លោកបានបញ្ជាក់ថា  កំណើនេះ គឺកើនទាំងបរិមាណផលិតផលវាយនភណ្ឌ សម្លៀកបំពាក់​ ស្បែកជើង។
 
ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហអាម៉េរិកសម្រេចបានទំហំ ៩ ២៨១លានដុល្លារ ដែលក្នុងនោះមានការនាំចេញមាន៨ ៩៦៨លានដុល្លារ។​ ទំនិញប្រភេទសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលមានកម្ពុជានាំចេញទីផ្សារអាម៉េរិកមាន ២ ២០០លានដុល្លារ, គ្រឿងប្រដាប់ប្រដាសម្រាប់ធ្វើដំណើរ​កាបូបដៃមានទំហំទឹកប្រាក់ ១ ៤៤១លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីមាន ១ ២៩៦លានដុល្លារ, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំគឺមាន ៩៦២លានដុល្លារ ​និងសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមានទំហំ៥៧០លានដុល្លារ។ 
 
ចំណែកទំហំដែលកម្ពុជា​នាំចូលពីអាម៉េរិកក្នុងឆ្នាំ២០២២វិញ គឺមានយានយន្ត​ក្រៅអយស្ន័យយាន ឬអយរអគ្គិសនីក្នុងទំហំទឹកប្រាក់ ១១៣លានដុល្លារ, កាកសំណល់ពីឧស្សាហកម្មម្ហូបអាហារមាន ៣៦លានដុល្លារ, ម៉ាស៊ីន និង បរិធានមេកានិក សម្ភារអគ្គិសនីមាន ២៣លានដុល្លារ, ឧបករណ៍ និងបរិធានអុកទិកសម្រាប់វេជ្ជ ឬការវះកាត់មាន ១៤លានដុល្លារ និងផលិតឱសថ មាន៧លានដុល្លារ។​ នេះបើយោងតាមស្ថិតិរបស់ក្រសួងពាណិជ្ជកម្ម៕ 
 
 
 

Tag:
 ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com