កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាល់ទាត់នារីហ្វីលីពីន រំពឹងទទួលការចាប់អារម្មណ៍ខ្លាំង ពេលបង្ហាញខ្លួនលើកដំបូង នៅ ​World Cup
09, Jul 2023 , 5:19 pm        
រូបភាព
ក្រុមបាល់ទាត់នារីហ្វីលីពីន រំពឹងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រជាជនខ្លួន ក្នុងពេល បង្ហាញខ្លួនប្រកួតប្រជែង នៅក្នុងពានរង្វាន់ FIFA Women’s World Cup 2023 ជាលើក​ដំបូង   ដូចទៅនឹងកីឡាបាល់បោះ និងកីឡាប្រដាល់ដែរ។

ប្រវត្តិសាស្ត្រដ៏យូរលង់មួយ ក្នុងប្រវត្តិវិស័យកីឡារបស់ហ្វីលីពីន ​មិនធ្លាប់បាន​លេង​នៅ​ក្នុងព្រឹត្តិការណ៍ FIFA World Cup ពីមុនឡើយ ទាំងក្រុមបុរស និងក្រុមនារី។ ហ្វីលីពីន​ទទួលបានឱកាសលេង ក្នុងពានរង្វាន់បាល់ទាត់នារីពិភពលោក នៅប្រទេសអូស្រ្តាលី និង​នូវែលសេឡង់ ជាការប្រកួតដែលមានការកែរចនាសម្ព័ន្ធ​ការប្រកួត ​ដោយមាន​ការបង្កើន​ក្រុមរហូតដល់ ៣២ក្រុម លើកដំបូងដូចគ្នា។
  


ការប្រកួតលើកដំបូងរបស់ក្រុមនារីហ្វីលីពីន នឹងត្រូវចាប់ផ្តើមយុទ្ធនាការប្រកួតរបស់ខ្លួន​នៅថ្ងៃទី២១ ខែកក្កដា ដោយក្រុមដឹកនាំដោយគ្រូបង្វឹក Alen Stajcic សញ្ជាតិអូស្រ្តាលី នឹងត្រូវជួបក្រុមនារីស្វ៊ីស ក្នុងទីក្រុង Dunedin នៅក្នុងប្រទេសនូវែលសេឡង់។​
 
លោក Stajcic និយាយថា ដំណើរផ្សងព្រេងរបស់ពួកគេ គឺចាប់ផ្តើមពីចំណុចសូន្យ ហើយ​ទៅ​កាន់ព្រឹត្តិការណ៍ ​World Cup គឺជារឿងអព្ភូតហេតុ។ មិនតែប៉ុណ្ណោះ​ ពាក់​កណ្តាល​នៃ​កីឡាករ សុទ្ធសឹងតែមិនស្ថិតក្នុងនាមជាកីឡាករក្លិបអាជីព ដោយភាគច្រើន​ការហ្វឹកហាត់​របស់ពួកគេ ​គឺដោយខ្លួនឯង នៅតាមតំបន់របស់ពួកគេ។
  


«វាជាប្រភេទឱកាស ដើម្បីឱ្យមានការកើនឡើងការចាប់អារម្មណ៍សម្រាប់ក្រុម។ ការប្រកួត ប្រជែង ​គឺជាបញ្ហាប្រឈមសម្រាប់យើងទាំងអស់គ្នា គឺត្រូវធ្វើយ៉ាងណា​ របៀបណា មិន​ត្រូវរីករាយនឹងអ្វីដែលយើងបានទៅដល់នោះទេ។ យើងត្រូវផ្តោតលើការប្រកួត។»។ លោក Stajcic វ័យ ៤៩ឆ្នាំ បានប្រាប់ទៅកាន់​ទីភ្នាក់ងារ AFP តាមរយៈប្រព័ន្ធ​ Zoom​។
 
ចាប់តាំងពីលោក Stajcic ត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីចុងឆ្នាំ ២០២១ ហ្វីលីពីន​បាន​ហក់​ឡើងនូវចំនួនកម្រិតលំដាប់ថ្នាក់ FIFA ពីលេខ ៦៨ ដល់លេខ ៤៦ នា​ពេលបច្ចុប្បន្ន។​ 
ចាប់ផ្តើមដំបូងនៅក្នុងព្រឹត្តិការណ៍ Women’s Asian Cup ក្នុងឆ្នាំ២០២២ ពួកគេធ្វើបាន យ៉ាង​ល្អ ដោយឈានជើងចូលក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយកាលនោះ រងបរាជ័យ ក្រោមថ្វីជើងក្រុមនារីកូរ៉េខាងត្បូង ហើយរក្សាបានតំណែង World Cup លើក ដំបូងរបស់ខ្លួន។
 
ក្រុមហ្វីលីពីន មកកាន់ការប្រកួតពានរង្វាន់ World Cup 2023 ដោយបាន ឈ្នះ ការ ប្រកួតនាពេលកន្លងមក ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ពួកគេឈ្នះមេដាយសំរឹទ្ធ និង ពានរង្វាន់ AFF Women’s Championship៕
 
 

Tag:
 Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com