ជាតិ
នាឡិកា​បុរាណអាយុ​ជាង២៦០ឆ្នាំ​ និងជាវត្ថុចាស់ជាងគេក្នុងសារមន្ទីរវិមានសុខា
09, Jul 2023 , 8:59 pm        
រូបភាព
សៀមរាប៖ សារមន្ទីរវិមានសុខា​ ក្រុង​សៀម​រាប មានវត្ថុបុរាណជាច្រើន ទាំងយានជំនិះ និងវត្ថុប្រើប្រាស់ផ្សេងៗ។ ក្នុងចំណោមវត្ថុបុរាណ និងចាស់ៗទាំងអស់ក្នុងសារមន្ទីរ មាននាឡិកាព្យួរជញ្ជាំងមួយគ្រឿង ដែលចំណាស់ជាងគេ គឺអាយុកាលជាង២៦០ឆ្នាំ។ វាគឺជានាឡិកា​បុរាណ ដែលត្រូ​វបានក្រុម​ហ៊ុន Thwaites and Reed Ltd. ផលិតនៅឆ្នាំ១៩៧៣ តាមគំរូទាំង​ស្រុងនាឡិកា​ដែល​ លោក FRANKLIN Benjamin បាន​ធ្វើ​ឆ្នាំ​១៧៥៧។ ក្រុម​ហ៊ុនដែល​បង្កើត​ឡើង​នាឆ្នាំ​១៧៤០ នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់​គ្លេស​នេះ បាន​ផលិត​នាឡិកា ១ ០០០​គ្រឿង​គត់។ លោក លី ប៉េងហេង ​ដែល​ជា​ស្ថាបនិក​សារមន្ទីរ​ វិមាន​សុខា បាន​​ធ្វើ​ដំណើរ​ទៅ​​សហរដ្ឋអាម៉េរិក ឆ្នាំ​១៩៩៨ ដើម្បីទិញ​នាឡិកាលេខ៥៤២ លើ១០០០​ នេះ។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះ ដែលរៀបចំដោយ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ៖
 
 
លោក Benjamin ជា​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​នយោបាយ​អាម៉េរិកាំង។ លោក​​កើត​ឆ្នាំ​១៧០៥ កាល​ពី​សហរដ្ឋអាម៉េរិក​ ​ជា​អាណានិគម​របស់​អង់គ្លេស​នៅ​ឡើយ ហើយ​បាន​ស្លាប់​ឆ្នាំ​១៧​៩០​។ ក្នុងឆ្នាំ១៧៥៧ លោក FRANKLIN បាន​​ធ្វើ​នាឡិកា​មួយ​គ្រឿងដោយ​ខ្លួនឯង ដែល​បាន​ធ្វើ​​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​បស្ចិម​ប្រទេសភ្ញាក់​ផ្អើល។ វា​សាមញ្ញ​ជាង​នាឡិកា​ដទៃទៀតនាសម័យ​នោះ តែ​វាទាក់ទាញ​ជាង​ដែរ។ 
 


វា​មាន​កង់​តែ​៣ និង​ពីញ៉ុង​២​ប៉ុណ្ណោះ។ សតវត្ស​នោះ ​មាន​អគ្គិសនីតែក្នុងរន្ទះ​ទេ។ នាឡិកា​នេះ​​មិន​​ដើរ​ដោយភ្លើង ​អាគុយ ថ្ម ថ្ម​ពិល ឬ​រឺស័រ​ទេ។ គឺ​វា​ដើរ​ដោយកម្លាំង​រុញ​ប៉ង់ឌុល ដែល​ធ្វើ​ឱ្យ​ច្រវាក់​មាន​ដុំ​ដែក​ជាប់​ទាំង២​​ចុង​បង្វិល​កង់​ដើម។ ហេតុនេះ​​ត្រូវ​រុញ​ប៉ង់ឌុល​នោះ​ញឹក​ញាប់។ 
  


មាន​ម្ជុល​២ ស្ថិ​តនៅ​កន្លែង​ផ្សេង​ពីគ្នា។ មួយ​បង្ហាញ​ម៉ោង និងនាទី ហើយ​មួយ​ទៀត​បង្ហាញ​វិនា​ទី។ ម្ជុល​ម៉ោង​បង្វិល១ជុំ ៤ម៉ោង។ មាន​លេខ​រ៉ូម៉ាំងជាន់គ្នា ៣ជាន់។ ៣ គុណនឹង ៤ជុំ ស្មើ​​នឹង ១២​ម៉ោង : I II III IV V VI VII VIII IX X XI XII ។  ម្ជុល​វិនាទី​បង្វិល១ជុំ ១នាទី។ នា​ឡិ​កា​​ពី​ដើម​នោះ​មានកម្ពស់​ ៤០សង់ទីម៉ែត្រ ទទឹង​ ១៨​សង់ទីម៉ែត្រ និង​កម្រាស់ ១៣​សង់​ទីម៉ែត្រ​៕
 
 
 

Tag:
 នាឡិកា
  វត្ថុបុរាណ
  យានយន្ត
  រថយន្តបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com