កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្រុមនារីកូរ៉េខាងត្បូង សម្លឹងបង្ហាញភាពភ្ញាក់ផ្អើលសម្រាប់ប្រជាជននៅ ​World Cup
10, Jul 2023 , 8:29 am        
រូបភាព
​កីឡាការិនី Ji So-yun ប្រធានក្រុមបាល់ទាត់នារីកូរ៉េខាងត្បូង នឹងយក ការបំផុសគំនិតពីការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកកាលពីឆ្នាំ ២០២២ ដែលឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup សម្រាប់ត្រៀមខ្លួនរបស់ក្រុមបង្ហាញភាពភ្ញាក់ផ្អើលនៅក្នុងការប្រកួត ​Women’s World Cup 2023 ដែលជិតមកដល់ក្នុងពេលដ៏ឆាប់ខាងមុខ។

ក្រុមនារីកូរ៉េខាងត្បូង នឹងបង្ហាញខ្លួននៅក្នុងការប្រកួត ដែលត្រូវធ្វើឡើងក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នៅថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា។ 
 
កូរ៉េខាងត្បូង បង្ហាញខ្លួនលើកទី៤ របស់ខ្លួននៅព្រឹត្តិការណ៍ World Cup 2023 ដោយពួកគេនឹងត្រូវឆ្លងកាត់ការប្រកួតវគ្គចែកពូលសន្សំពិន្ទុ ហើយដែលប្រវត្តិសាស្រ្តរបស់ពួកគេធ្លាប់ឡើងទៅវគ្គ ១៦ក្រុម នៅក្នុងឆ្នាំ ២០១៥​ នៅក្នុងប្រទេសកាណាដា។
 
ទោះយ៉ាងណា អតីតខ្សែបម្រើក្រុម Chelsea កីឡាការិនី Ji រំពឹងថាក្រុមស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក ​Colin Bell នឹងអាចស្វែងរកផ្លូវឈានជើងទៅដល់វគ្គ ៤ក្រុមចុងក្រោយ ដូចទៅនឹងក្រុមស្ថិតក្នុងតំបន់ទ្វីបអាហ្រ្វិក ក្រុមជម្រើសជាតិម៉ារ៉ុក ដែលឈានជើងឡើងដល់វគ្គនោះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
  


«ស្ថិតក្នុងការប្រកួតប្រជែងពានរង្វាន់នេះ អ្នកនឹងឃើញអ្វីដែលភ្ញាក់ផ្អើលអំពីក្រុម។ គ្មាននរណាម្នាក់រំពឹងទេថា ម៉ារ៉ុក អាចឈានជើងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតា។ ខ្ញុំរំពឹងថា យើងអាចធ្វើរឿងដ៏ភ្ញាក់ផ្អើល ទៅកាន់មនុស្សគ្រប់គ្នាក្នុងពេលនេះ មានក្រុមចំនួន ៣២ក្រុម ក្នុងការប្រកួត ហើយវានឹងក្លាយជាការប្រជែងដ៏តានតឹង ប៉ុន្តែយើងព្យាយាមយ៉ាងណា ថាយើងនឹងធ្វើការងារធ្ងន់ដូចទៅនឹងអ្វីដែលយើងធ្វើរយៈពេល ៤ឆ្នាំចុងក្រោយមកនេះ។»។ កីឡាការិនី Ji បាននិយាយបែបនេះប្រាប់ទៅកាន់សារព័ត៌មាន Yonhap។
 
ក្រុមនារីកូរ៉េខាងត្បូង ត្រូវបានចាប់ចូលទៅក្នុងពូល ​H ដោយរួមមានក្រុមអាល្លឺម៉ង់, កូរ៉េខាងត្បូង និងម៉ារ៉ុក៕ ​​
 
 

Tag:
 Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com