កីឡាអន្តរជាតិ
អន្តរជាតិ
UEFA Euro U21៖ អង់គ្លេសបំបាក់អេស្ប៉ាញលើកពានលើកដំបូងក្នុងរយៈពេល៣៩ឆ្នាំ
10, Jul 2023 , 9:18 am        
រូបភាព
ក្រុមបាល់ទាត់អាយុក្រោម ២១ឆ្នាំអង់គ្លេស គ្រងជើងឯកពានរង្វាន់ U21 European Championship លើកដំបូងក្នុងរយៈពេល ៣៩ឆ្នាំ ក្រោយយកឈ្នះលើក្រុមអាយុ ២១ឆ្នាំ អេស្ប៉ាញយ៉ាងលំបាក នាជំនួបវគ្គផ្តាច់ព្រ័ត្រថ្ងៃទី៨ ខែកក្កដា។


ជំនួបវគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Batumi ប្រធានក្រុមអេស្ប៉ាញ ​Abel Ruiz នៅនាទី៩០+៩ ក្នុង​ពេលវេលាបន្ថែម ដោយរូបគេបានស៊ុតបាល់ពិន័យ ១១ម៉ែត្រ មិនចូលព្រោះ​តែ​បាល់​នោះ​ត្រូវបានជួយសង្គ្រោះពី​កីឡាករអង់គ្លេស និងយុវជនក្រុម Manchester City អ្នកចាំទី James Trafford ដើម្បីជួយក្រុម U21 អង់គ្លេស រក្សាសំណាញ់ទី មិនឱ្យគូប្រកួតស៊ុតចូល។
  


​ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Lee Carsley ក្រុម U21 អង់គ្លេស ឆ្លងកាត់ការ​ប្រកួត​ចំនួន ៦ប្រកួត ក្នុងទឹកដីហ្សកហ្ស៊ី និងរូម៉ានី រហូតបន្តដំណើរឈានដល់វគ្គផ្តាច់ព្រ័ត្រ ​និង​គ្រង​ជើងឯក។
 
នេះជាការដណ្តើមបានពានរង្វាន់ថ្មីមួយបន្ថែមទៀត សម្រាប់ក្រុមរហ័សនាមតោកំណាច ដោយពួកគេ ធ្លាប់បានឈ្នះពានរង្វាន់ UEFA Euro U19 និង U17 ព្រមទាំង U20 World Cup នៅក្នុងឆ្នាំ ២០១៧​ ដែលជាពេលវេលាដែលពួកគេកំពុងមានភាពខ្លាំងបំផុត។
 
គ្រាប់បាល់ ១គ្រាប់ជ័យជម្នះសម្រាប់អង់គ្លេស កើតឡើងនៅនាទី ៤៥+៤ ដោយស៊ុតបាល់​ដោយកីឡាករយុវជន Curtis Jones ហើយលទ្ធផលនេះហើយ ​ដែលនាំឱ្យ​ក្រុមពួកគេ​គ្រងជើងឯក។ 
​ក្រុមអាយុក្រោម ២១ឆ្នាំ អង់គ្លេស គ្រងជើងឯក UEFA Euro U21 ក្រោមក្រសែ​ភ្នែក​របស់​គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ដែលជាបុរសធ្លាប់ដឹកនាំ​ក្រុមជម្រើសជាតិអង់គ្លេស ទទួលបានចំណាត់ថ្នាក់ត្រឹមជើងឯករង នៅក្នុងប្រកួត UEFA Euro 2020៕
 
 

Tag:
 UEFA Euro U21
© រក្សាសិទ្ធិដោយ thmeythmey.com