កីឡាអន្តរជាតិ
អន្តរជាតិ
PSG យកបាន Hernandez ពី Bayern Munich តម្លៃជាង៤៣លានដុល្លារ
10, Jul 2023 , 3:09 pm        
រូបភាព
​Paris Saint Germain បានចុះកិច្ចសន្យាយកខ្សែការពារ Lucas Hernandez ពីក្រុម Bayern Munich ជាមួយកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើតាមក្លិបជើងឯក Ligue 1 ប្រកាសនាថ្ងៃទី៩ ខែកក្កដា។



តម្លៃនៃការផ្ទេរមិនត្រូវបានបញ្ជាក់ពីសំណាក់ក្លិបទាំងពីរឡើយ ប៉ុន្តែបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបារាំង PSG បានបង់ប្រាក់ឱ្យទៅ Bayern Munich ប្រមាណ ៤០លានអឺរ៉ូ (៤៣,៨៧លានដុល្លារ) បូករួមជាមួយនឹងប្រាក់បូកបន្ថែមសម្រាប់កីឡាករវ័យ ២៧ឆ្នាំ។
  


«ខ្ញុំពិតជារីករាយខ្លាំងណាស់ ខ្ញុំបានរង់ចាំក្នុងការចូលរួមជាមួយនឹង PSG រយៈពេលជាយូមកហើយ ហើយចុងក្រោយវាបានកើតឡើងពិតមែន វាគឺជាថ្ងៃពិសេសមួយសម្រាប់ខ្ញុំ ហើយខ្ញុំពិតជាសប្បាយចិត្តដែលបានមកដល់ទីនេះ។»។ ខ្សែការពារស្លាបឆ្វេង ​Lucas Hernandez បាននិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។
 
បើតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ ក្លិប Atletico Madrid ដែលជាក្លិបរបស់ Hernandez បានលេងកាលពីវ័យកុមារ ក៏នឹងទទួលបានថ្លៃសេវាដ៏សំខាន់មួយផងដែរពីសំណាក់ការផ្ទេរនោះ។
កីឡាករក្រុមជម្រើសជាតិបារាំង បានបង្ហាញខ្លួនចំនួន ១០៧លើក នៅក្រុមជើងខ្លាំងស្ថិតក្នុងក្របខណ្ឌ Bundesliga ចាប់តាំងពីឆ្នាំ ២០១៩ ប៉ុន្តែកាលពីរដូវកាលមុន Hernandez បង្ហាញខ្លួនលេងបានត្រឹមតែ ៧ប្រកួតតែប៉ុណ្ណោះ ព្រោះតែបញ្ហារបួសដាច់សរសៃពួរកាលពីប្រកួត FIFA World Cup 2022។
 
Hernandez ក្លាយជាកីឡាករទី៥ ដែល PSG បានចុះកិច្ចសន្យាយកមកចូលរួមក្រុម បន្ទាប់ពីខ្សែបម្រើ Manuel Ugarte និង Lee Kang-in, ខ្សែការពារ Milan Skriniar និងខ្សែប្រយុទ្ធ ​Marco Asensio។
 
PSG ក៏បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយនឹងលោក Luis Enrique អតីតគ្រូបង្វឹកក្រុមអេស្ប៉ាញ និងក្រុម Barcelona មកដឹកនាំក្រុមបន្ត ក្រោយពេលដែលក្លិបបានបណ្តេញលោក Christophe Galtier ក្រោយដឹកនាំបានរយៈពេល ១រដូវកាល៕
 

Tag:
 Paris Saint Germain
  Lucas Hernandez
© រក្សាសិទ្ធិដោយ thmeythmey.com