កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបអ៊ុយក្រែន Dynamo Kyiv រិះគន់ Fenerbahce គ្មានមនសិការ ដែលប្រកួតមិត្តភាពក្នុងទឹកដីរុស្ស៊ី
10, Jul 2023 , 5:19 pm        
រូបភាព
ក្លិប Dynamo Kyiv របស់អ៊ុយក្រែនថ្ងៃទី៩ ខែកក្កដា បានរិះគន់ធ្ងន់ៗទៅក្លិប Fenerbahce របស់តួកគីថាជាក្លិបបាល់ទាត់គ្មានមនសិការ បន្ទាប់ពីក្រុមមួយនេះបានធ្វើដំណើរទៅប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីនៅក្នុងប្រទេសរុស្ស៊ី។



ក្រុម​ Fenerbahce របស់តួកគីនឹងត្រូវចូលរួមការប្រកួតប្រជែងក្នុងពានរង្វាន់ Pari Premier Cup ដែលជាការប្រកួតកម្តៅសាច់ដុំមុនពេលបើករដូវកាលថ្មី ដោយត្រូវប្រកួតទល់ក្រុម Zenit St Peterburg, Red Star Belgrade និងក្រុមមកពីអាស៊ែបៃសង់ Neftci។ ការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋាន Gazprom Arena ក្នុងទីក្រុង St Peterburg។
 
យ៉ាងណា មកដល់ពេលបច្ចុប្បន្ន ក្រុមជម្រើសជាតិរុស្ស៊ី​ ក៏ដូចជាក្លិបនានាក្នុងប្រទេសរុស្ស៊ី នៅតែបន្តត្រូវបានហាមឃាត់ពីសំណាក់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA និងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក្នុងការប្រកួតអន្តរជាតិផ្សេងៗ ចាប់តាំងពីតែប្រទេសរុស្ស៊ីបានវាយលុកប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២ មកម្ល៉េះ។ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនកំពុងតែបន្តរាំរៃ មកដល់ពេលបច្ចុប្បន្ន។
 
ក្លិប Dynamo Kyiv របស់ប្រទេសអ៊ុយក្រែនបានរិះគន់ទៅកាន់ក្រុម Fenerbahce ដូច្នេះថា ៖ «លុយប្រលាក់ដោយឈាមដែលបានពីក្រុមហ៊ុន Gazprom (ថាមពលយក្សរុស្ស៊ី) បានផ្លាស់ប្តូរអ្នកគ្រប់យ៉ាង ហើយបានធ្វើឱ្យអ្នកក្លាយជាមនុស្សគ្មានកិត្តិយស និងមនសិការ។»។ 
 
កាលពីឆ្នាំមុន Fenerbahce ក៏បានរងការពិន័យបិទកីឡដ្ឋានមួយផ្នែកចំនួន ២ឆ្នាំ ក្រោយប្រកួតទល់ Dynamo Kyiv ដែលកាលនោះអ្នកគាំទ្ររបស់ Fenerbahce បានស្រែកច្រៀងដោយមានឈ្មោះប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ 
 
ស្ថាប័ន UEFA ក៏បានដាក់ពិន័យទៅលើក្រុម Fenerbahce ជាទឹកប្រាក់ប្រមាណ ៥០,០០០អឺរ៉ូ (៥៤,៨៣៥ដុល្លារ) នឹងបានបញ្ជាឱ្យបិទផ្នែកខ្លះនៃកីឡដ្ឋានរបស់ពួកគេបន្ថែមទៀត៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com