កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី Sinclair ​ប្រធានក្រុមកាណាដា នឹងបង្ហាញវត្តមានលើកទី៦ នៅ World Cup
11, Jul 2023 , 8:29 am        
រូបភាព
Christine Sinclair នឹងធ្វើដំណើរទៅកាន់ការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 ក្នុងនាមជាប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីកាណាដា និងត្រៀមបង្ហាញវត្តមានលើកទី៦ របស់ខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ កាណាដាបានបង្ហាញបញ្ជីឈ្មោះកីឡាការិនី ២៣នាក់រួចរាល់។



ខ្សែបម្រើ Sophie Schmidt រួមជាមួយកីឡាការិនីម្ចាស់ពាន Canadian Player of the Year ៣សម័យកាល Kadeisha Buchanan និងកីឡាការិនី Jessie Fleming មិត្តរួមក្រុមនៅក្លិប Chelsea សុទ្ធសឹងតែស្ថិតក្នុងចំណោមកីឡាការិនីជើងចាស់របស់កាណាដា ទៅកាន់ World Cup ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ពានរង្វាន់ Women’s World Cup 2023 នឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់​ ដែលជាសហម្ចាស់ផ្ទះ។



«រាល់គ្រប់គ្នាសុទ្ធសឹងតែផ្តល់អ្វីគ្រប់យ៉ាងដើម្បីអាចមានវត្តមានក្នុងក្រុមនេះ វាគឺជាការបូកបញ្ចូលគ្នាដ៏អស្ចារ្យនូវបទពិសោធន៍ និងកីឡាការិនីថ្មីដែលអាចនាំមកនូវអ្វីដែលខុសប្លែកនឹងភ្ញាក់ផ្អើលសម្រាប់ការប្រកួតនាពេលខាងមុខ។»។ នេះជាសម្តីគ្រូបង្វឹកកាណាដាអ្នកស្រី Bev Priestman បាននិយាយអំពីការត្រៀមខ្លួនរបស់ក្រុម។
 
កីឡាការិនី Sinclair វ័យ ៤០ឆ្នាំ ជាកីឡាការិនីក្រុមកាណាដាមួយរូបដែលរកបានគ្រាប់បាល់ច្រើនជាងគេចំនួន ១៩០គ្រាប់ ហើយក៏ជាកីឡាការិនីមួយរូបដែលបង្ហាញខ្លួនប្រកួតចំនួន ៣២៣ប្រកួត។ កីឡាការិនីរូបនេះបង្ហាញក្តីសង្ឃឹមថានាងនឹងអាចក្លាយជាកីឡាការិនីដំបូងដែលអាចរកបានគ្រាប់បាល់បញ្ចូលទីក្នុងការបង្ហាញខ្លួន ៦លើកផ្សេងគ្នា។
 
សម្រាប់ក្រុមកាណាដា កម្រិតអាយុសម្រាប់ក្រុមទាំងមូលមានអាយុជាមធ្យមនៅចន្លោះ ២៧ឆ្នាំ ហើយក្រុមជើងខ្លាំងមួយរូបក្នុងវិស័យបាល់ទាត់នារី កាណាដា នឹងចាប់ផ្តើមការប្រកួតក្នុងវគ្គចែកពូល ពូល B ដោយត្រូវជួបក្រុមនីហ្សេរីយ៉ា នាថ្ងៃទី២១ ខែកក្កដា៕
 
ក្រុមបាល់ទាត់នារីកាណាដា៖
 
អ្នកចាំទី ៖ Kailen Sheridan (San Diego Wave FC), Sabrina D'Angelo (Arsenal FC), Lysianne Proulx (SCU Torreense)
ខ្សែការពារ ៖ Kadeisha Buchanan (Chelsea), Vanessa Gilles (Olympique Lyonnais), Shelina Zadorsky (Tottenham Hotspur), Allysha Chapman (Houston Dash), Ashley Lawrence (Paris Saint-Germain), Jayde Riviere (Manchester United), Gabrielle Carle (Washington Spirit)
ខ្សែបម្រើ ៖ Quinn (OL Reign), Simi Awujo (University of Southern California), Jessie Fleming (Chelsea), Julia Grosso(Juventus), Sophie Schmidt (Houston Dash)
ខ្សែប្រយុទ្ធ ៖ Jordyn Huitema (OL Reign), Cloe Lacasse (Benfica), Adriana Leon (Portland Thorns), Christine Sinclair (Portland Thorns), Nichelle Prince (Houston Dash), Deanne Rose (Reading), Evelyne Viens (Kristianstads), Olivia Smith (Pennsylvania State University)៕
 

Tag:
 World Cup
  Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com