កីឡាជាតិ
ជាតិ
ម្ចាស់មេដាយមាស ឈុន ប៊ុនថន នឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជា តាមរយៈប្រកួតជើងឯកអាស៊ីនៅថៃ
11, Jul 2023 , 10:01 am        
រូបភាព
កីឡាករ-កីឡាការិនី អត្តពលកម្មកម្ពុជា ពេលចេញដំណើរទៅកាន់ប្រទេសថៃ។ រូបពី ឈុន ប៊ុនថន
កីឡាករ-កីឡាការិនី អត្តពលកម្មកម្ពុជា ពេលចេញដំណើរទៅកាន់ប្រទេសថៃ។ រូបពី ឈុន ប៊ុនថន
ដោយ:
កីឡាករ ឈុន ប៊ុនថន ទៅចូលរួមប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៣ (2023 Asian Athletics Championship) នៅទីក្រុងបាងកក ប្រទេសថៃ។ ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ នឹងយកព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំង។

 
ជាមួយនឹងបេសកម្មថ្មីលើទឹកដីថៃ កីឡាករអត្តពលកម្មកម្ពុជា ឈុន ប៊ុនថន ចាត់ទុកការប្រកួតជើងឯកអាស៊ីឆ្នាំ២០២៣ ជាភារកិច្ចដ៏សំខាន់សម្រាប់ខ្លួន ដ្បិតជាការប្រកួតកម្រិតអាស៊ីប៉ាស៊ីហ្វិក ដែលមានកីឡាករខ្លាំងៗមកពីបណ្តាប្រទេសផ្សេងៗចូលរួម។
 
ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីអត្តពលកម្មកម្ពុជា នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ រូបពី​ ឈុន ប៊ុនថន

កីឡាករ ឈុន ប៊ុនថន និយាយថា៖«សម្រាប់ខ្ញុំ នេះជាការប្រកួតដ៏លំបាកមួយ ព្រោះវាជាបទពិសោធថ្មី និងជាការប្រកួតអាស៊ីប៉ាស៊ីហ្វិក មានប្រទេសជាង៤០ចូលរួម។ សម្រាប់ខ្ញុំជាម្ចាស់មេដាយមាសកីឡាអាស៊ីអាគ្នេយ៍ ប៉ុន្តែការប្រកួតនៅប្រទេសថៃនេះ វាមិនមែនជាការងាយស្រួលទេ។ តែយ៉ាងណាខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញឱ្យគេស្គាល់ពីកីឡារត់ប្រណាំងរបស់ខ្មែរ គឺកំពុងតែអភិវឌ្ឍឡើង ដែលអាចចូលរួមប្រកួតកម្មវិធីធំៗបាន»។
 
មុនចេញទៅប្រជែងនៅទឹកដីថៃ កីឡាករអត្តពលកម្មកម្ពុជារូបនេះ បានយកចិត្តទុកដាក់ និងប្រឹងប្រែងហ្វឹកហាត់ជាខ្លាំង បន្ទាប់ពីចប់ស៊ីហ្គេម២០២៣។ ប៊ុនថន ចាត់ទុកការប្រកួតប្រជែងនេះ ជាឱកាសបង្ហាញឱ្យពិភពលោកបានស្គាល់កម្ពុជា កាន់តែច្រើនមួយកម្រិតថែមទៀត។
 
«មុនការប្រកួតនេះ ខ្ញុំបានហ្វឹកហាត់ខ្លាំង ស្មើនឹងកម្រិតសមត្ថភាព ខ្ញុំហ្វឹកហាត់នៅប្រទេសចិន ពេលដែលខ្ញុំធ្វើតេស្តល្បឿនរត់ចម្ងាយរបស់ខ្ញុំ»។ លោក ប៊ុនថន និយាយដូច្នេះមុនបន្តថា ខ្លួនមិនអាចរំពឹងខ្លាំងបានឡើយ ព្រោះការប្រកួតមានកម្រិតខ្ពស់។
 
គួរបញ្ជាក់ថា សហព័ន្ធកីឡាអត្តពលកម្មកម្ពុជា បញ្ជូនប្រតិភូគ្រូបង្វឹក និងអត្តពលិកចំនួន៥រូបរួមមាន៖ លោក ប៉ែន វុទ្ធី ប្រធានប្រតិភូ លោក បូរ ពុធរាត្រី គ្រូបង្វឹក កីឡាករ ឈុន ប៊ុនថន កញ្ញា ពក ពិសី និងកីឡាករ ណឹប ចាន់យូរ៉ុង។ ការប្រកួតប្រព្រឹត្តទៅ ពីថ្ងៃទី១២ ដល់ទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ៕
 

Tag:
 កីឡាអត្តពលកម្ម
 ឈុន ប៊ុនថន
© រក្សាសិទ្ធិដោយ thmeythmey.com