កីឡាអន្តរជាតិ
អន្តរជាតិ
Women’s World Cup 2023៖ គ្រូហ្វីលីពីនរំពឹងទទួលបានបទពិសោធន៍ល្អៗ ក្រោយបង្កើតប្រវត្តិសាស្រ្ត
11, Jul 2023 , 11:04 am        
រូបភាព
លោក ​Alen Stajcic គ្រូបង្វឹកក្រុមបាល់ទាត់នារីហ្វីលីពីន រំពឹងទទួលបានបទពិសោធន៍ច្រើន ពីសំណាក់ក្រុមគូប្រជែងបរទេសខ្លាំង ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួន ក្នុងការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 ខណៈដែលកូនក្រុមលោកផ្ទាល់សុទ្ធសឹងតែគ្មានបទពិសោធន៍លើការប្រកួតអន្តរជាតិធំៗ។



ក្រុមនារីហ្វីលីពីននឹងបង្កើតប្រវត្តិសាស្ត្រខ្លួន ដោយនឹងបង្ហាញវត្តមានលើកដំបូងនៅក្នុងព្រឹត្តិការណ៍ World Cup 2023 នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលធ្វើជាម្ចាស់ផ្ទះ។ ហ្វីលីពីន នឹងត្រូវជួបតទល់ជាមួយនឹងក្រុមនារីស្វ៊ីស ដែលជាការប្រកួតវគ្គចែកពូល ពូល A នៅថ្ងៃទី២១ ក្នុងទីក្រុង Dunedin ប្រទេសនូវែលសេឡង់។
 
កាលពីថ្ងៃទី៨ ខែកក្កដា លោក Stajcic ក៏បានលើកឡើងអំពីដំណើរទៅប្រកួតលើកដំបូងរបស់កូនក្រុមលោកថា ជាឱកាសទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនហ្វីលីពីន ខណៈដែលប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ភាគច្រើននិយមភាពល្បីល្បាញលើកីឡាប្រដាល់, កីឡាបាល់បោះ។
 
«យើងត្រូវតែផ្តល់ឱ្យពួកគេនៅបទពិសោធន៍នៃក្រុមអឺរ៉ុប អាម៉េរិកខាងត្បូង និងអាម៉េរិកកណ្តាល ក្រុមមកពីអូសេអានីដូចគ្នាដែរ ទៅនឹងក្រុមស្ថិតក្នុងតំបន់អាស៊ី។ យើងព្យាយាមផ្តល់ឱ្យពួកគេបានស្គាល់ បានយល់អំពីភាពខុសគ្នានៃបាល់ទាត់ បច្ចេកទេស លក្ខណៈ និងរៀនអំពីការធ្វើដំណើរ រៀនអំពីអាជីពជាកីឡាករទាំងក្រៅ និងក្នុងទីលាន ដើម្បីអាចប្រាកដថាអ្នកនឹងល្អពេលអ្នកបានទៅលេង ហើយនឹងក្រសោបមកវិញនូវបទពិសោធន៍ទាំងអស់នេះ។»។ លោក Stajcic គ្រូបង្វឹកសញ្ជាតិអូស្ត្រាលី បាននិយាយបែបនេះ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
 
ហ្វីលីពីនឆ្លង ជាក្រុមមិនធ្លាប់បានប្រកួតប្រជែង ក្នុងពានរង្វាន់លំដាប់ពិភពលោក។ ពួកគេបានកែប្រែវាសនាខ្លួន ដោយដណ្តើមបានកៅអីពីការប្រកួតប្រជែងក្នុងពានរង្វាន់ Women’s Asian Cup កាលពីខែកុម្ភៈ ដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
ក្រុមបាល់ទាត់នារីហ្វីលីពីន នឹងក្រុមនារីវៀតណាម ជាក្រុមពីរមកពីតំបន់អាស៊ីអាគ្នេយ៍ដែលបានបង្ហាញខ្លួនលេងនៅក្នុងព្រឹត្តិការណ៍ Women’s World Cup 2023 ហើយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដូចគ្នា៕
 

Tag:
 Women’s World Cup 2023
  Alen Stajcic
© រក្សាសិទ្ធិដោយ thmeythmey.com