អន្តរជាតិ
ចិន ប្រាប់អាម៉េរិកកុំបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែន
11, Jul 2023 , 12:09 pm        
រូបភាព
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃទី១០ ខែកក្កដា បានទទូចឱ្យអាម៉េរិក កុំបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនដើម្បីបង្ការបញ្ហាមនុស្សធម៌។ ទន្ទឹមនេះ មន្រ្តីក្រសួងការបរទេសចិន បានអំពាវនាវជាថ្មីឱ្យភាគីពាក់ព័ន្ធអនុវត្តការរឹតត្បិត និងកុំបន្តបញ្ឆេះភ្លើងជម្លោះបន្តទៀត។



 
អាម៉េរិក នៅថ្ងៃទី៧ ខែកក្កដាកន្លងទៅ បានប្រកាសផ្តល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន តាមរយៈកញ្ចប់ជំនួយ៨០០លានដុល្លារ។ ក្រុមសិទ្ធិមនុស្ស និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញពីក្តីបារម្ភជុំវិញការសម្លាប់មនុស្សដោយមិនរើសមុខ។ 
 
ជុំវិញការបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនបែបនេះ ក្រសួងការបរទេសចិន ក៏ចេញមុខមកប្រតិកម្មដែរ ដោយសារបារម្ភពីបញ្ហាមនុស្សធម៌។ 
 
«ការផ្គត់ផ្គង់ដោយមិនទទួលខុសត្រូវលើគ្រាប់បែកចង្កោម គឺទំនងបង្កបញ្ហាមនុស្សធម៌កម្រិតខ្ពស់»។ លោកស្រី Mao Ning បានបញ្ជាក់ច្បាស់ៗបែបនេះ ទៅកាន់សំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងគ្រាប់បែកចង្កោមរបស់អាម៉េរិក។ បន្ថែមពីនេះ លោកស្រី Mao Ning បានបន្តថា ការផ្តល់គ្រាប់បែកចង្កោម គួរតែត្រូវបានធ្វើឡើងដោយការប្រុងប្រយ័ត្ន និងការរឹតត្បិត។ 
 
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញជាថ្មីឱ្យមានកិច្ចចរចា និងកិច្ចពិភាក្សាលើវិបត្តិនៅអ៊ុយក្រែនផង។ បើតាមលោកស្រី Mao ភាគីពាក់ព័ន្ធ មិនគួរបញ្ឆេះភាពតានតឹងបន្ថែមឡើយ ហើយវាមានតែធ្វើឱ្យវិបត្តិអ៊ុយក្រែន កាន់តែមានស្ថានភាពអាក្រក់ប៉ុណ្ណោះ។ 
 
កន្លងមក សូម្បីតែសម្ព័ន្ធមិត្តអាម៉េរិកដូចជា អង់គ្លេស កាណាដា និងអេស្បាញ សុទ្ធតែប្រកាសជំហរប្រឆាំងនឹងការប្រើប្រាស់អាវុធដែលត្រូវបានហាមឃាត់ដោយប្រទេសជាង១០០ នេះ ព្រោះវាអាចបង្កហានិភ័យដល់ប្រជាជនស៊ីវិល៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com