កីឡាជាតិ
ជាតិ
ធ្លាក់ពី AFF U19 ​ទាំងប្រផិតប្រផើយ គ្រូនារីកម្ពុជា ចាត់ទុកឈ្នះ-ចាញ់ ជាបទពិសោធដើម្បីអភិវឌ្ឍបន្ត
11, Jul 2023 , 1:59 pm        
រូបភាព
ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំ របស់កម្ពុជា រូបពី FFC
ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំ របស់កម្ពុជា រូបពី FFC
លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បាននិយាយថា រាល់ការប្រកួតតែងឆ្លុះ បញ្ចាំងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុម បើទោះលទ្ធផល ឈ្នះ ឬចាញ់ សុទ្ធតែចាំទុកជាបទពិសោធន៍ សម្រាប់អភិវឌ្ឍបន្ដ។ គ្រូបង្វឹករូបនេះ បានប្រាប់ដូច្នេះ បន្ទាប់ពីក្រុមនារីកម្ពុជាធ្លាក់ត្រឹមវគ្គចែកពូលទាំងប្រផិតប្រផើយ ក្នុងការប្រកួតពានរង្វាន់ AFF U19 Women’s Championship 2023 នៅប្រទេសឥណ្ឌូណេស៊ី។



ក្រុមជម្រើសជាតិកម្ពុជា នារីអាយុក្រោម ១៩ឆ្នាំ អស់ឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមនារីថៃ យកឈ្នះលើ មីយ៉ាន់ម៉ា ត្រឹមលទ្ធផល ១-០ កាលពីថ្ងៃទី១០ ខែកក្កដា នៅកីឡដ្ឋាន Jakabaring Athletic ហើយក្រុមនារីមីយ៉ាន់ម៉ា នៃពូល C ក្លាយជាក្រុមលេខ២ ល្អជាងគេ នៃពូលទាំង៣ ដោយកម្ពុជា លេខ២ ពូល A និង ម៉ាឡេស៊ី ពូល B  ត្រូវហាលអាវ។
 
ក្រោយចប់បេសកកម្មនេះ លោក ប្រាក់ វុទ្ធី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ក្រុមនារីកម្ពុជា បានបង្ហាញនូវចំណុចវិជ្ជមានផង និងចំណុចខ្វះខាតផង។ ចំណុចវិជ្ជមាននោះ គឺកីឡាការិនីទាំងនោះ​ ស្មារតីជឿជាក់ និងមិនមានសម្ពាធ បើទោះជាប្រកួតមួយគូប្រកួតមានកម្រិតខ្ពស់ជាងក៏ដោយ។ រីឯចំណុចខ្វះខាត អវិជ្ជមាន នៅត្រង់ខ្វះខាតបច្ចេកទេស និងកម្លាំងកាយសម្បទា ចាញ់កីឡាការិនីប្រទេសផ្សេងទៀត។ បន្ថែមជាងនេះទៀត នោះ គឺកីឡាការិនីកម្ពុជា មិនសូវមានបទពិសោធន៍ប្រកួត នៅលើឆាកអន្ដរជាតិ ច្រើនដូចក្រុមផ្សេងទៀត។
 
«ឈ្នះ ឬចាញ់ ជាបទពិសោធន៍សម្រាប់យើង សម្រាប់អនាគតរបស់យើង បន្ដទៀត។ ចំណុចខ្វះខាតរបស់យើង គឺមានច្រើនទាក់ទងទៅនិងកត្តាគុណផលម្នាក់ៗ។ គុណភាពកីឡាការិនីរបស់យើងម្នាក់ៗ ទាំងបច្ចេកទេស និងកម្លាំងកាយសម្បទា ហើយបទពិសោធន៍ នៃការប្រកួត។ ប៉ុន្ដែ យើង ឃើញភាពល្អប្រសើរច្រើនជាងមុន ពាក់ព័ន្ធជាមួយផ្នែកស្មារតី។ គ្រប់ការប្រកួតទាំងអស់ យើងតែងទុកជាមេរៀន។ គ្រប់ការប្រកួត ទាំងឈ្នះ ទាំងចាញ់ គឺជាបទពិសោធន៍របស់យើង សម្រាប់អភិវឌ្ឍ។»។ គ្រូបង្វឹករូបនេះ បាននិយាយប្រាប់ដូច្នេះ។
 
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៣ ខែកក្កដា ដោយ មីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយ វៀតណាម ចំណែក ឥណ្ឌូណេស៊ី ត្រូវស្វាគមន៍ ក្រុមថៃ។
 
គួរបញ្ជាក់ថា ក្នុងបេសកកម្មនេះ ក្រុមនារីអាយុក្រោម ១៩ឆ្នាំ របស់កម្ពុជា បានឈ្នះ ២ប្រកួត គឺយកឈ្នះ ឡាវ ២-១ កាលពីថ្ងៃទី៥ ខែកក្កដា និងឈ្នះទីម័រ ខាងកើត លទ្ធផល ១-០ នៅថ្ងៃទី៧ ខែកក្កដា។ ប៉ុន្ដែ កម្ពុជា ត្រូវបានម្ចាស់ផ្ទះ ក្រុមនារីឥណ្ឌូណេស៊ី លត់​ក្នុងលទ្ធផល ៥-០ នៅថ្ងៃទី៩ ខែកក្កដា។ ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំ នឹងត្រូវត្រឡប់មកកម្ពុជា វិញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 បាល់ទាត់
  AFF U19 Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com