កីឡាអន្តរជាតិ
អន្តរជាតិ
U22 សិង្ហបុរី នឹងមិនចូលរួម Asian Games​ នៅចិន ក្រោយដកខ្លួនពី AFF Cup U23
11, Jul 2023 , 5:59 pm        
រូបភាព
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំ សិង្ហបុរី នឹងមិនចូលរួមការប្រកួតព្រឹត្តិការណ៍កីឡអាស៊ី Asian Games 2022 ដែលធ្វើឡើងនៅក្នុងទីក្រុងហាងចូវ ប្រទេសចិន នាពេលខាងមុខនេះឡើយ។​ នេះបើតាមការបញ្ជាក់របស់សមាគមបាល់ទាត់សិង្ហបុរី (FAS) នាថ្ងៃទី១១ ខែកក្កដា។ សិង្ហបុរី ក៏មិនបញ្ជូនU23 របស់ខ្លួនរប្រកួតពានរង្វាន់ U23 AFF Cup ឆ្នាំ ២០២៣ដែរ ក្នុងគោលបំណងឱ្យកីឡាករបានធូរស្បើយផ្លូវចិត្តឡើងវិញ បន្ទាប់ពីរងភាពអាម៉ាស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។



បើតាម FAS ការសម្រេចចិត្តមិនចូលរួមការប្រកួតនេះ កើតឡើងបន្ទាប់ពីក្រុម U22 សិង្ហបុរី បង្ហាញទម្រង់លេងនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមិនសូវបានល្អ និងកាលវិភាគមានភាពមមាញឹកខ្លាំង។
  


​កាលពីសប្តាហ៍មុន FAS ក៏បានដាក់ចេញនៅវិធានការ ១០ចំណុចក្នុងការកសាងទម្រង់លេងរបស់ក្រុមសិង្ហបុរីឡើងវិញសម្រាប់ប្រជែងនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ។ U22 សិង្ហបុរី ធ្លាក់ត្រឹមវគ្គចែកពូល ៥លើកជាប់ៗគ្នានៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក ហើយកាលពីប្រកួតនៅទឹកដីប្រទេសកម្ពុជា នៃស៊ីហ្គេមលើកទី៣២ ពួកគេរង​បរាជ័យលទ្ធផល ៧-០ ក្រោមថ្វីជើងម៉ាឡេស៊ី ដែលជាលទ្ធផលចាញ់ដ៏ធំបំផុតមិនធ្លាប់មានតាំងពីឆ្នាំ ២០០១ មក។
 
សម្រាប់ការមិនចូលរួមការប្រកួត Asian Games 2022 នៅប្រទេសចិន FAS ថាជាការសម្រេចចិត្តស្របតាមអនុសាសន៍មួយក្នុងចំណោម អនុសាសន៍ទាំង ១០ ដែលបានយកមកពិនិត្យមើលឡើងវិញ។ ក្រុម U22 សិង្ហបុរី នឹងត្រូវផ្តោតលើការប្រកួតស៊ីហ្គេម និង AFC U23 Asian Cup 2024 វគ្គជម្រុះតែប៉ុណ្ណោះ។ 
 
ការដកខ្លួនចេញពីការប្រកួត ក៏ព្រោះតែ Asian ​Games 2022 ធ្វើឡើងមិនស្ថិតនៅក្នុងថ្ងៃសម្រាកនៃបាល់ទាត់អន្តរជាតិ ឬ ​FIFA Day ហើយការប្រកួតក៏ធ្វើឡើងក្នុងខែតែមួយពេលដែលការប្រកួត AFC U23 Asian Cup 2024 វគ្គជម្រុះមកដល់ដូចគ្នា។ ស្ថាប័នកីឡាប្រទេសសិង្ហបុរី ក៏បានគាំទ្រដល់ការសម្រេចចិត្តនេះ ហើយគណៈកម្មាធិការអូឡាំពិកសិង្ហបុរី ក៏មិនមានចំណាត់ការអ្វីទៅលើក្រុមដែលមិនទៅចូលរួមប្រកួត។
 
ក្រៅពី Asian ​Games 2022 សិង្ហបុរីក៏បានដកខ្លួនចេញពីការប្រកួត U23 AFF Cup ឆ្នាំ ២០២៣ ផងដែរ ដើម្បីជួយកីឡាករបានធូរស្បើយផ្លូវចិត្តឡើងវិញ បន្ទាប់ពីមានទម្រង់លេងមិនល្អក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
 
​លើកចុងក្រោយបំផុតដែលក្រុម U22 សិង្ហបុរីចូលរួមការប្រកួតព្រឹត្តិការណ៍ Asian Games ក្នុងឆ្នាំ ២០១៤ តែចំណែកឆ្នាំ ២០១៨​ ពួកគេមិនបានបំពេញតាមស្តង់ដារសម្រាប់ការប្រកួត ហើយក៏គ្មានវត្តមានប្រកួតដែរ។
 
ទោះក្រុមបុរសមិនចូលរួម តែក្រុមបាល់ទាត់នារីសិង្ហបុរី នឹងត្រូវបន្តភារកិច្ចរបស់ខ្លួនក្នុងយុទ្ធនាការ Asian Games ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​ ២០២៣ ខាងមុខនេះ៕
 
 
 
 

Tag:
 Asian Games 2022
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com