កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ ​អាម៉េរិក ទៅដល់នូវែលសេឡង់ ត្រៀមខ្លួនការពារជើងឯក
11, Jul 2023 , 10:29 pm        
រូបភាព
ក្រុមបាល់ទាត់នារីអាម៉េរិក ទៅដល់ប្រទេសនូវែលសេឡង់ នាថ្ងៃទី១១ ខែកក្កដា ដើម្បីត្រៀមខ្លួនក្នុងការការពារតំណែងជើងឯក Women’s World Cup 2023 របស់ខ្លួន។ ក្រុមអាម៉េរិកក៏ត្រូវបានរំពឹងថាជាក្រុមដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជននូវែលសេឡង់ផងដែរ។



នេះជាលើកទី២ ហើយដែលក្រុមនារីអាម៉េរិក បានធ្វើដំណើរទៅដល់ប្រទេសនូវែលសេឡង់ត្រឹមតែរយៈពេល ៦ ខែចុងក្រោយមកនេះ។ ក្រុមនារីអាម៉េរិកកាលពីខែមករា ដើមឆ្នាំ ២០២៣ ពួកគេបានបោះជំរុំក្នុងប្រទេសស្ថិតក្នុងទ្វីបអូសេអានី ហើយដោយកាលនោះក៏បានប្រកួតមិត្តភាពយកឈ្នះលើក្រុមម្ចាស់ផ្ទះ ២លើកផងដែរនៅក្នុងទីក្រុង Wellington និង Auckland។
  


ទៅដល់ទឹកដីប្រទេសនូវែលសេឡង់គ្រូបង្វឹកក្រុមអាម៉េរិកលោក Vlatko Andonovski បាននិយាយថាក្រុមរបស់លោកបានត្រៀមខ្លួនពីមុនមករួចរាល់ ហើយនឹងចង់ឃើញក្រុមខ្លួនក្លាយជាក្រុមទទួលការចាប់អារម្មណ៍ទី ២នៅក្នុងប្រទេសនូវែលសេឡង់។
 
«សម្រាប់យើង ការត្រៀមខ្លួនសម្រាប់ World Cup យើងត្រៀមរួចតាំងពីមុនមកម្ល៉េះ យើងបានមកទីនេះកាលពីខែមករា ហើយបានធ្វើការងាររបស់យើងជាមួយនឹងមជ្ឈដ្ឋាននៅទីនេះ។ យើងទទួលបានអារម្មណ៍ថាជាផ្ទះរបស់យើងនៅទីនេះ ដូចអ្វីដែលខ្ញុំបាននិយាយកាលពីខែមករា យើងចង់ក្លាយជាក្រុមទីពីរដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសនូវែលសេឡង់។»។ លោក Andonovski បាននិយាយបែបនេះ។
  


ក្រុមនារីអាម៉េរិកនឹងបោះជំរុំហ្វឹកហាត់ត្រៀមការប្រកួត World Cup នៅក្នុងទីក្រុង Auckland អំឡុងព្រឹត្តិការណ៍ទាំងមូល ដែលជាទីកន្លែងក្រៅប្រទេសអូស្ត្រាលីដែលជាសហម្ចាស់ផ្ទះមួយរូប។ 
 
អាម៉េរិកនឹងចាប់ផ្តើមពូល E ដោយត្រូវប្រកួតក្នុងប្រទេសនូវែលសេឡង់ផ្ទាល់តែម្តង ហើយការប្រកួតដំបូងត្រូវជួបក្រុមវៀតណាម មុនទៅប៉ះក្រុមហូឡង់ និងព័រទុយហ្កាល់។
ការប្រកួត Women’s World Cup 2023 នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣៕
 

Tag:
 Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com