កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកអាស៊ី បើកទ្វារឱ្យអត្តពលិករុស្ស៊ី-បេឡារុស ៥០០នាក់ចូលរួមប្រកួត ​​​Asian Games
12, Jul 2023 , 8:29 am        
រូបភាព
គណៈកម្មាធិកាកីឡាអូឡាំពិកអាស៊ី (OCA) បានយល់ព្រមឱ្យអត្តពលិករុស្ស៊ី និងបេឡារុសចូលរួមក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ដែលធ្វើឡើងនៅក្នុងទីក្រុងហាងចូវ ខេត្តហ្សឺជាំង ប្រទេសចិន។ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ ត្រូវផ្អែកលើគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។



អត្តពលិករុស្ស៊ី និងបេឡារុស ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ដាក់បម្រាមហាមឃាត់មិនឱ្យចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡាអន្តរជាតិនានា ចាប់តាំងពីប្រទេសរុស្ស៊ីបាន វាយប្រហារលើប្រទេសអ៊ុយក្រែន កាលពីដើមឆ្នាំ ២០២២។ សង្គ្រាមរវាងប្រទេសទាំងពីរនៅតែបន្តក្តៅកគុក តែស្ថាប័នកីឡាដ៏ធំរបស់ពិភពលោកបាននិយាយថា កីឡាករគ្មានកំហុសឡើយសម្រាប់ការប្រកួត។
 
នៅក្នុងមហាសន្និបាត OCA លើកទី៤២ នៅថ្ងៃទី១០​ ខែកក្កដា ក្នុងក្រុងបាងកក ប្រទេសថៃ លោក ​​Husain Al-Musallam ​អគ្គនាយកនៃស្ថាប័ន ​OCA បានប្រកាសអំពីការបើកទ្វារសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុសចូលរួមប្រកួតកីឡាអាស៊ីហ្គេម​ដែលធ្វើនៅប្រទេសចិន។ 
 
បើតាមសម្តីរបស់នាយក OCA ដដែលនោះ អត្តពលិករុស្ស៊ី និងបេឡាតែចំនួន៥០០នាក់ប៉ុណ្ណោះដែលនឹងត្រូវអនុញ្ញាតចូលរួមប្រកួតប្រជែងក្រោមស្លាកទង់ជាតិអព្យាក្រឹត្យ។ លោក ​Al-Musallam បានអះអាំងបន្ថែមថា មន្រ្តីពាក់ព័ន្ធនឹងនយោបាយមកពីប្រទេសរុស្ស៊ី និងបេឡារុស មិនត្រូវបានអញ្ជើញឱ្យចូលរួមការប្រកួតនេះឡើយ ហើយក៏នឹងមិនមានសញ្ញាសម្គាល់អ្វីមួយឡើយដែលទាក់ទងនឹងសហព័ន្ធកីឡាអូឡាំពិកនៃប្រទេសទាំងពីរនោះផងដែរ។ 
 
អត្តពលិកដែលទៅប្រកួតប្រជែងត្រូវតែមានអព្យាក្រឹត្យភាព និងឯករាជ្យ នៅ Asian Games ដើម្បីដណ្តើមសំបុត្រទៅកាន់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស​ ២០២៤។ ហើយអត្តពលិកមកពីប្រទេសទាំងពីរ ក៏ត្រូវបានកំណត់មិនឱ្យលើសពីចំនួន ៥០០នាក់ ក្នុងការប្រកួតជម្រុះដើម្បីទៅកាន់ព្រឹត្តិការណ៍ Paris 2024 ផងដែរ។ 
 
ទោះយ៉ាងណា ប្រតិភូដែលមកពីចំនួន ៤៥ប្រទេស ឬគណៈកម្មាធិការអូឡាំពិក ដែលស្ថិតក្នុងមហាសន្និបាត OCA យល់ព្រមឱ្យពួកគេចូលរួមប្រកួត លុះត្រាតែគណៈកម្មាធិការអូឡាំពិកអត្តរជាតិ (IOC) ផ្តល់ភ្លើងខៀវសម្រាប់ពួកគេដែរ។ 
 
គួរបញ្ជាក់ថា Asian Games 2022 លើកទី១៩ ត្រូវបានផ្អាកការរៀបចំកាលពីខែកញ្ញា ឆ្នាំ ២០២២​ ដោយសារតែប្រទេសចិនរងផលប៉ះពាល់ពីសំណាក់ជំងឺកូវីដ-១៩ ហើយបានលើកមកធ្វើចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៣ វិញ។ ព្រឹត្តិការណ៍រំពឹងនឹងមានអត្តពលិកចូលរួមប្រមាណ ១២,០០០នាក់ ទូទាំងតំបន់អាស៊ី, មន្ត្រីការប្រកួតចំនួន ៤,៧០០នាក់, ក្រុមអ្នកសារព័ត៌មានចំនួន ១២,០០០នាក់ថែមទៀត៕
 

Tag:
 អូឡាំពិក
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com