កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាតេក្វាន់-ដូ បើកការប្រកួតជ្រើសរើសជើងឯក ដើម្បីប្រមូលធនធានចូលជម្រើសជាតិ
12, Jul 2023 , 8:59 am        
រូបភាព
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ រូបពីសហព័ន្ធកីឡាតេក្វាន់ដូ ITF
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ រូបពីសហព័ន្ធកីឡាតេក្វាន់ដូ ITF
សហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអេហ្វកម្ពុជា បើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣។ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអេហ្វ កម្ពុជា បានបញ្ជាក់ប្រាប់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ធ្វើឡើងក្នុងគោលដៅប្រមូលកីឡាករ-កីឡាការិនី ដែលមានសមត្ថភាព ឲ្យចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា។



​លោក បួនហ៊ីង សុធីយ៉ា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលត្រូវធ្វើនៅថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងសាលដំបូលទូកអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់សហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអេហ្វ កម្ពុជា។ តាមរយៈព្រឹត្តិការណ៍នេះ អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ជាពេលវេលាងាយស្រួល ក្នុងការស្វែងរកកីឡាករ-កីឡាការិនី ដែលមានបច្ចេកទេស និងសមត្ថភាពល្អ សម្រាប់ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមខ្លួន ចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា។
 
អគ្គលេខារូបនេះ បន្ថែមទៀតថា កីឡាករ-កីឡាការិនីថ្នាល់ ក៏អាចបង្ហាញសមត្ថភាពរបស់ពួកគេ និងទទួលបានបទពិសោធន៍ប្រកួតជាក់ស្ដែង បន្ទាប់អ្នកទាំងនោះ បានចំណាយពេលហាត់ជាមួយក្លិប និងសមាគមន៍ ដែលបានចុះឈ្មោះជាមួយសហព័ន្ធ។ លោក សុធីយ៉ា បន្ដទៀតថា សមាគមន៍ ក្លិបទាំងអស់ ក៏អាចពង្រឹងនៅសាមគ្គីភាព ក្នុងនាមជាគ្រួសារតេក្វាន់-ដូ អាយធីអេហ្វ អ្នកហាត់ និងអ្នកស្រឡាញ់វិស័យកីឡាដូចគ្នា។ 
 
លោក បួន ហ៊ីង សុធីយ៉ា បាននិយាយដូច្នេះថា៖«ការប្រកួតនេះ គឺយើងធ្វើជារៀងរាល់ឆ្នាំ ដើម្បីវាយតម្លៃ មើលលើសមត្ថភាព ឬក៏ប្រមូលធនធានកីឡាករ-កីឡាការិនីល្អៗ ឲ្យចូលរួមជាមួយជម្រើសជាតិ ហើយក៏យើងផ្ដល់ឱកាស ឲ្យកីឡាករ-កីឡាការិនីក្លិប បានបញ្ចេញសមត្ថភាព និងយកបទពិសោធន៍ប្រកួតផងដែរ។ បន្ថែមជាងនេះ យើង ចង់ឲ្យបណ្ដាលក្លិប ដែលចុះឈ្មោះជាមួយសហព័ន្ធ បានស្គាល់ និងពង្រឹងសាមគ្គីភាព ក្នុងនាមជាអ្នកស្រឡាញ់វិស័យកីឡាដូចគ្នា។»។
 
ចំពោះការប្រកួតថ្នាក់ជាតិ នឹងត្រូវធ្វើចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ ២០២៣។ សហព័ន្ធកីឡាតេក្វាន់ដូ ITF បានដាក់ ២៣វិញ្ញាសា ក្នុងការប្រកួត មានដូចជា៖ វិញ្ញាសាមេគុន ៧ប្រភេទ, វិញ្ញាសាបច្ចេកទេសពិសេស ១ប្រភេទ និងវិញ្ញាសាប្រយុទ្ធឯកត្តជន ១៥ប្រភេទ៕
 

Tag:
 តេក្វាន់-ដូ អាយធីអេហ្វ
© រក្សាសិទ្ធិដោយ thmeythmey.com