អន្តរជាតិ
CMAC បញ្ចប់បេសកកម្មហ្វឹកហ្វឺនជំនាញដោះមីនដល់មន្ត្រីអ៊ុយក្រែនជាលើកទី២ នៅប្រទេសប៉ូឡូញ
12, Jul 2023 , 10:16 am        
រូបភាព
កម្លាំងមន្ត្រីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីកម្ពុជា (CMAC) (ឯកសណ្ឋានព័ណ៌ប្រផេះ) បានបណ្ដុះបណ្ដាលជំនាញដោះមីន ដល់មន្ត្រីមកពីអង្គភាពផ្តល់សេវាកម្មក្នុងគ្រាអាសន្ន (SESU) របស់អ៊ុយក្រែន កាលពីថ្ងៃទី៥ ដល់៩ កក្កដា ២០២៣ នៅប្រទេសប៉ូឡូញ។ រូបភាពពីហ្វេសប៊ុកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
កម្លាំងមន្ត្រីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីកម្ពុជា (CMAC) (ឯកសណ្ឋានព័ណ៌ប្រផេះ) បានបណ្ដុះបណ្ដាលជំនាញដោះមីន ដល់មន្ត្រីមកពីអង្គភាពផ្តល់សេវាកម្មក្នុងគ្រាអាសន្ន (SESU) របស់អ៊ុយក្រែន កាលពីថ្ងៃទី៥ ដល់៩ កក្កដា ២០២៣ នៅប្រទេសប៉ូឡូញ។ រូបភាពពីហ្វេសប៊ុកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
កម្លាំងមន្ត្រីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីកម្ពុជា (CMAC) បានបណ្ដុះបណ្ដាលជំនាញដោះមីន ដល់មន្ត្រីមកពីអង្គភាពផ្តល់សេវាកម្មក្នុងគ្រាអាសន្ន (SESU) របស់អ៊ុយក្រែន កាលពីថ្ងៃទី៥ ដល់៩ កក្កដា នៅប្រទេសប៉ូឡូញ។ វគ្គហ្វឹកហ្វឺនលើកទី២នេះ ប្រកបដោយភាពជោគជ័យ។ នេះបើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សរសេរលើហ្វេសប៊ុក។



បើតាមលោក ហេង រតនា វគ្គហ្វឹកហ្វឺននេះអាចដំណើរការទៅបាន​ ដោយមានការសម្របសម្រួលពី រដ្ឋាភិបាលជប៉ុន​ តាមរយ:ទីភ្នាក់កិច្ចសហប្រតិបតិ្តការអន្តរជាតិ​(JICA)​ និងប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ។
 
កិច្ចសហការជួយផ្ដល់ជំនាញកម្ចាត់មីន ក្នុងប្រទេសអ៊ុយក្រែននេះ កើតចេញពីកិច្ចពិភាក្សាគ្នារវាងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន ក្នុងកិច្ចប្រជុំអាស៊ាន និងប្រជុំពាក់ព័ន្ធ លើកទី៤០-៤១ នៅរាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២។
 
កាលពីខែមករា កន្លងមក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានហ្វឹកហ្វឺនដល់មន្ត្រីជំនាញអ៊ុយក្រែន លើការប្រើប្រាស់សម្ភារ បច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីនប្រភេទ ALIS ផលិតនៅប្រទេសជប៉ុន នៅ​វិទ្យាស្ថា​ន​បច្ចេ​កទេស​កំចាត់​មីន ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កំព​ង់ឆ្នាំង។
 
ដោយឡែកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៩ កក្កដា ក៏បានអំពាវនាវដល់ប្រទេសជាសមាជិកអង្គការណាតូ និងប្រទេសសម្ព័ន្ធមិត្ត ដូចជា អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ជាដើម ដែលជាប្រទេសហត្ថលេខី នៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម ត្រូវនាំគ្នាចូលរួមទប់ស្កាត់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវមួយនេះ នៅក្នុងជម្លោះសង្គ្រាម។ កម្ពុជា ជាប្រទេសរងគ្រោះដោយសារគ្រាប់បែកចង្កោមនេះ នៅក្នុងសម័យសង្គ្រាមឥណ្ឌូចិន នាទសវត្សរ៍៦០ និង៧០។
 
គ្រាប់បែកចង្កោមជាសំណល់សង្គ្រាមនៅកម្ពុជា ​នៅតែបន្តគំរាមកំហែងដល់អាយុជីវិតនិងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ ទោះបីជាមានអាយុកាលជាង៥០ឆ្នាំហើយក៏ដោយ។ ក្តីឈឺចាប់និងផលលំបាកនៃសង្គ្រាម ជាពិសេសដោយសារគ្រាប់បែកចង្កោមនៅកម្ពុជា និងបណ្តាប្រទេសរងគ្រោះមួយចំនួន​ ក៏ក្លាយជាចំណែកមួយនៃចលនាបង្កើតបានអនុសញ្ញាអន្តរជាតិអូស្លូ​ស្តីពី«ការហាមប្រាមការប្រើប្រាស់​ ការផលិត​ ការស្តុកទុក​ និងការដឹកជញ្ជូនគ្រាប់បែកចង្កោម» ដែលបានចូលជាធរមានជាច្បាប់អន្តរជាតិ​ នៅឆ្នាំ២០០៨​ មាន១២៣ប្រទេស ។ ក្នុងនោះមានរដ្ឋភាគីចំនួន១១១ និងរដ្ឋហត្ថលេខីចំនួន១២។ នេះបើតាមលោក ហេង រតនា។
 
បើតាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជារូបនេះ កម្ពុជារងការទម្លាក់ ប្រមាណ៣០លានកូនគ្រាប់បែកចង្កោម​ លើទីតាំងរាប់ម៉ឺនគោលដៅក្នុងក្របខណ្ឌទូទាំងប្រទេស នៅទសវត្សរ៍​ ៦០និង៧០​ ។ បើតាមការសិក្សាវាយតម្លៃឃើញថា គ្រាប់បែកចង្កោមដែលបានប្រើក្នុងសង្គ្រាមឥណ្ឌូចិន​ មានកម្រិតអត្រាមិនផ្ទុះ ប្រមាណ២៥ទៅ៣០ភាគរយ ដែលបរិមាណនេះ បន្តបង្កគ្រោះថ្នាក់រយៈពេលយូរអង្វែង។ 
 
លោក បានបញ្ជាក់លើហ្វេសប៊ុកថា៖«​ សូមបញ្ឈប់មហិ្ឆតាប្រើប្រាស់គ្រាប់បែកចង្កោមនេះក្នុងសមរភូមិប្រយុទ្ធ​ ព្រោះថាវិនាសកម្មពិតប្រាកដគឺប្រជាជនស៊ីវិលស្លូតត្រង់ ដែលត្រូវរងទុក្ខវេទនាយូរអង្វែងក្រោយសង្គ្រាមបានបញ្ចប់។​ ទង្វើនេះក៏ពាក់ពន្ធ័ដោយផ្ទាល់ដល់ការគោរពច្បាប់អន្តរជាតិ​ និងសិទ្ធិមនុស្សផងដែរ» ។ 
 
សូមរម្លឹកថា សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានផ្ទុះឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ សហគមន៍អន្តរជាតិនានា មើលឃើញថា រុស្ស៊ី ជាអ្នកឈ្លានពានលើអ៊ុយក្រែន៕ 
 
 

Tag:
 មីន
  CMAC
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com