ជាតិ
សង្គមជាតិ
ភ្នាក់ងារទារប្រាក់កម្ចីអនឡាញ ៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ
12, Jul 2023 , 11:04 am        
រូបភាព
ភ្នាក់ងារទារប្រាក់កម្ចីអនឡាញ៣នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ចូនទៅតុលា នៅថ្ងៃទី១១កក្កដា ឆ្នាំ២០២៣។ រូបថត៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ភ្នាក់ងារទារប្រាក់កម្ចីអនឡាញ៣នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ចូនទៅតុលា នៅថ្ងៃទី១១កក្កដា ឆ្នាំ២០២៣។ រូបថត៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
សមត្ថកិច្ច ​បញ្ជូនភ្នាក់ងារទារប្រាក់កម្ចីអនឡាញចំនួន៣នាក់ទៅតុលាការ បន្ទាប់ពីជនទាំងនេះធ្វើសកម្មភាពគំរាមកំហែងជនរងគ្រោះ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ។

 
​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ត្រូវបានឃាត់ខ្លួន ដោយ​កម្លាំង​មាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ​ដែល​មានការ​ឯកភាព​ពី​លោក សេង ហៀ​ង ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី៩កក្កដា​ ឆ្នាំ២០២៣។ ​
 
បើតាម​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ​ជនសង្ស័យទាំង៣នាក់នេះ គឺបម្រើការជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ដោយពួកគេដើរតួនាទីជាអ្នកបញ្ចុះបញ្ចូល និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ។ «ជារឿយៗ ភ្នាក់ងារទារប្រាក់កម្ចីអនឡាញទាំង៣នាក់នេះ តែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា»។  នេះជាការបញ្ជាក់ពីនាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ដោយរកឃើញថា ក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាត ពីធនាគារជាតិនៃកម្ពុជាឡើយ។ 
 
បច្ចុប្បន្ន ភ្នាក់ងារទារប្រាក់កម្ចីអនឡាញទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្តទៀត  ខណៈអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា កំពុងបន្តចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ ចំពោះការផ្ដល់ឥណទានខុសច្បាប់និងផ្សព្វផ្សាយនានា តាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុ ដែលគ្មានច្បាប់អនុញ្ញាត។
 
ជុំវិញករណីនេះ ធនាគារជាតិនៃកម្ពុជា​ បានរំលឹកដល់សាធារណជនជាថ្មីម្តងទៀតថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ បានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ច និងសង្គមតាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែង ការអនុវត្តកិច្ចសន្យាមិនសុចរិត ដែលបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាពិសេសធ្វើឱ្យអ្នកខ្ចីធា្លក់ក្នុងបំណុលច្រើនលើសលប់។ ការណ៍នេះ បានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាទាំងមូល។
 
ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ពីធនាគារជាតិនៃកម្ពុជា។ រួមមាន៖ ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ។ គ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយផ្លូវច្បាប់។
 
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ស្នើយ៉ាងទទូចឱ្យសាធារណជន ចៀសវាងដាច់ខាតនូវការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ៕ 
 

Tag:
 កម្ចីអនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com