កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ ម៉ារ៉ាតុងអង្គរជាតិចក្រភពខ្មែរ គិតពីសុវត្ថិភាពអ្នកចូលរួមជាចម្បង
12, Jul 2023 , 1:59 pm        
រូបភាព
អត្តពលិកចូលរួមរត់ប្រណាំងម៉ារ៉ាតុង នៅទឹកដីអង្គរ នាខេត្តសៀមរាបកន្លងទៅ
អត្តពលិកចូលរួមរត់ប្រណាំងម៉ារ៉ាតុង នៅទឹកដីអង្គរ នាខេត្តសៀមរាបកន្លងទៅ
ដោយ:
គណៈកម្មការបច្ចេកទេសគិតគូលើសុវត្ថិភាពអ្នកចូលរួមជាចម្បង ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរជាតិចក្រភពខ្មែរលើកទី៨ ដែលចាប់ផ្តើមនៅថ្ងៃទី៦ ខែសីហា នាទឹកដីសៀមរាប។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការកីឡាអូឡាំពិកកម្ពុជា  ក្នុងគោលបំណងធានាឱ្យបាននូវសេវាសុខមាលភាពខ្ពស់ចំពោះអត្តពលិក។



នាទីស្នាក់ការគណៈកម្មាធិការជាតិកីឡាអូឡាំពិកកម្ពុជា(NOCC) ក្នុងពិធីសន្និសីទសារព័ត៌មាន «ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរជាតិ ចក្រភពខ្មែរ លើកទី៨»នៅព្រឹកថ្ងៃទី១១ ខែកក្កដា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឱ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងនេះមន្រ្តីបច្ចេកទេស ត្រូវតែធានាឱ្យបាននូវសុខសុវត្ថិភាពរបស់អ្នកចូលរួមទាំងអស់។
 
«ចំពោះគណៈកម្មាធិការជាតិដែលតែងតែរក្សាបាននូវកេរ្តិ៍ឈ្មោះល្អ គឺដោយសារយើងបានធ្វើត្រឹមត្រូវតាមគោលការណ៍របស់អន្តរជាតិ អ៊ីចឹង!ការងារនេះយើងនឹងធ្វើឱ្យបានល្អ ម៉ដ្ឋចត់ពិសេសគឺផ្តោតសំខាន់ទៅលើសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់របស់អ្នករត់។ អ្នករត់គឺជាមនុស្សសំខាន់ដែលត្រូវយកចិត្តទុកដាក់»។ លោក វ៉ាត់ ចំរើន លើកឡើងដូច្នេះ។
 
ចំពោះវត្តមានអ្នកចូលរួមសម្រាប់ទិវារត់ប្រណាំងឆ្នាំ២០២៣នេះ នឹងច្រើនជាងពាក់កណ្តាលបើធៀបទៅនឹងឆ្នាំ២០២២ ដែលមានអ្នកចូលរួមត្រឹមតែជាងមួយពាន់នាក់ប៉ុណ្ណោះ។ ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរជាតិ ចក្រភពខ្មែរ ខកខានប្រារព្ធធ្វើរយៈពេល២ឆ្នាំដោយសារបញ្ហាជំងឺកូវីដ-១៩ វាយលុកទូទាំងប្រទេសកាលពីដើមឆ្នាំ២០២០ រហូតដល់ចុងឆ្នាំ២០២១។
 
អគ្គលេខាធិការគណៈកម្មាធិការជាតិកីឡាអូឡាំពិកកម្ពុជា និយាយថា៖«ឥឡូវនេះយើបានឈ្មោះអ្នកចូលរួមជាង ២០០០នាក់ក្នុងនោះ ជនបរទេសជាង៥០០នាក់ ហើយកម្ពុជាយើងមានចំនួនជាង ១៦០០នាក់ ប៉ុន្តែយើងនៅបើកឱ្យមានការចុះឈ្មោះចូលរួមបន្តទៀត»។
 
គួបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអង្គរជាតិ ចក្រភពខ្មែរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅទឹកដីខេត្តសៀមរាប ដោយមានបីវិញ្ញាសារួមមាន ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ (រត់កម្សាន្តលក្ខណៈគ្រួសារ)៕
 

Tag:
 កីឡាអត្តពលកម្ម
 ម៉ារ៉ាតុងអង្គរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com