កីឡាជាតិ
ជាតិ
ទោះបីធ្លាក់វគ្គជម្រុះ តែប្រធានក្រុមបាល់ទាត់នារីកម្ពុជា មើលឃើញពីភាពរីកចម្រើនរបស់ក្រុម
12, Jul 2023 , 5:02 pm        
រូបភាព
ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំ កម្ពុជា
ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំ កម្ពុជា
​ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៩ឆ្នាំ បានចប់ភារកិច្ចក្នុងការប្រកួតពានរង្វាន់ AFF U-19 Women’s Championship 2023 នៅប្រទេសឥណ្ឌូណេស៊ី ដោយឈ្នះ ២ និងចាញ់ ១ប្រកួត។ កីឡាការិនី​ U19 កម្ពុជា បង្ហាញទស្សនៈដូចគ្នាថា វិស័យបាល់ទាត់នារីកម្ពុជា រីកចម្រើនច្រើន ព្រោះពីមុនមិនធ្លាប់ឈ្នះក្រុមណាមួយសោះក្នុងតំបន់។

 
កីឡាការិនី សំរិទ្ធ និមល ប្រធានក្រុមបាល់ទាត់នារី អាយុក្រោម ១៩ឆ្នាំ បានផ្ដល់បទសម្ភាសថា សមាជិកក្រុមរបស់កម្ពុជា បានប្រឹងអស់ពីសមត្ថភាព ក្នុងការប្រកួតព្រឹត្តិការណ៍ AFF U-19 Women’s Championship។ កីឡាការិនីរូបនេះ ក៏សោកស្ដាយផងដែរ ដោយមិនអាចជួយឲ្យក្រុមកម្ពុជាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែ ប្រធានក្រុមរូបនេះ ក៏សម្លឹងឃើញចំណុចវិជ្ជាមានផងដែរ ព្រោះកូនក្រុមរបស់ខ្លួន ម្នាក់ៗ មានឆន្ទៈក្នុងការប្រកួត និងមានទំនុកចិត្តលើខ្លួនឯងក្នុងការគ្រប់គ្រងបាល់។
  
កីឡាការិនី ឈិត សា ភឿន របួសដៃស្ដាំ

«យើង ធ្លាប់មានសម្ពាធជាមួយក្រុមខ្លាំង ប៉ុន្ដែមិនមែនជាបញ្ហាខ្លាំងរបស់ពួកយើងទេ។ ជួបក្រុមកាន់តែខ្លាំង ការប្រមូលអារម្មណ៍របស់ពួកយើង កាន់តែខ្លាំងជាងមុន។» កីឡាការិនី សំរិទ្ធ និមល បាននិយាយប្រាប់ដូច្នេះ។
 
ក្នុងព្រឹត្តិការណ៍ កីឡាការិនី ឈិត សាភឿន ខ្សែប្រយុទ្ធកម្ពុជា បានរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង ក្នុងជំនួបជាមួយឡាវ បន្ទាប់ពីរកបានពីរគ្រាប់ម្នាក់ឯងទល់ក្រុម ឡាវ ដោយជួយឲ្យកម្ពុជាឈ្នះ ក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ ការអវត្តមានកីឡាការិនីរូបនេះ ធ្វើប៉ះពាល់ជាខ្លាំងដល់តំបន់ប្រយុទ្ធកម្ពុជា។
 
កីឡាការិនី សំរិទ្ធ និមល បាននិយាយបន្ថែមដូច្នេះថា៖«យើងព្រួយបារម្ភខ្លាំង ចំពោះ ឈិត សាភឿន ព្រោះជាកីឡាការិនី ដែលបានជួយឲ្យក្រុមឈ្នះឡាវ។ គាត់ ជាកីឡាការិនីល្អ ពេលបាត់បង់គាត់ ក្នុងជំនួបជាមួយទីម័រ ធ្វើឲ្យយើងពិបាករកគ្រាប់បាល់។»។
 
ក្នុងបទសម្ភាសជាមួយគ្នានេះដែរ កីឡាការិនី ឈិត សាភឿន ខ្សែប្រយុទ្ធកម្ពុជា ក៏បានបង្ហាញពីអារម្មណ៍សោកស្ដាយ ដោយខ្លួនមិនអាចប្រកួតឲ្យក្រុមជម្រើសជាតិ ក្នុងជំនួបជាមួយទីម័រខាងកើត និងជំនួបជាមួយឥណ្ឌូណេស៊ី។ ខ្សែប្រយុទ្ធរូបនេះ បាននិយាយបែបនេះថា៖«ខ្ញុំ ពិតជាសោកស្ដាយជាខ្លាំង បន្ទាប់ពីរបួសក្នុងជំនួបជាមួយឡាវ ព្រោះខ្ញុំ មិនអាចបន្ដលេងឲ្យក្រុមបាន ដោយសាររបួសដៃ។ ខ្ញុំ គិតថាប្រសិនជាខ្ញុំ អាចបានលេង ខ្ញុំជឿថា លទ្ធផលអាចប្រែប្រួល ព្រោះយើងមានគុណភាពប្រយុទ្ធ។ ខ្ញុំ ឃើញថាក្រុមរបស់យើង មានការរីកចម្រើនជាងមុនច្រើន ដោយសារ យើងមិនដែលប្រកួតឈ្នះគេទេ ប៉ុន្ដែពេលនេះ យើងឈ្នះ ២ប្រកួត និងចាញ់១ប្រកួត។ បើពីមុន មិនដែលឈ្នះគេផង។»។
 
កីឡាការិនី ជា ហ្វារីយ៉ា អ្នកចាំទីក្រុមនារីអាយុក្រោម ១៩ឆ្នាំ ក៏បានប្រាប់ផងដែរថា ក្រុមនារីកម្ពុជា ប្រកួតមានទំនុកចិត្តច្រើនជាងមុន ម្យ៉ាងវិញទៀត អ្នកទាំងនោះ ក៏មិនមានសម្ពាធដែរ បើទោះជាត្រូវជួបជាមួយគ្រូប្រកួត ដែលមានកម្រិតខ្លាំងជាងខ្លួន។
 
បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ប្រកួតនៅអន្ដរជាតិជាច្រើនលើក អ្នកចាំទីរូបនេះ ក៏បាននិយាយប្រាប់ផងដែរថា៖«ទោះជាមួយក្រុមណា ក៏គ្មានសម្ពាធ ក្នុងការបំពេញតួនាទីជាអ្នកចាំទី ដែរ ម្យ៉ាងវិញទៀត វាហាក់ដូចជាសាំជាមួយការប្រកួតហើយ ព្រោះយើងធ្លាប់ជួបជាមួយក្រុមខ្លាំងជាច្រើនដែរ។ ប្រសិនជាជួបឥណ្ឌូណេស៊ី លើកក្រោយទៀត ពួកយើង នឹងមិនឲ្យរបូតគ្រាប់ច្រើនបែបនេះទេ។»។
 
គួរបញ្ជាក់ផងដែរថា ក្នុងបេសកកម្មនេះ ក្រុមនារីអាយុក្រោម ១៩ឆ្នាំ របស់កម្ពុជា បានឈ្នះ ២ប្រកួត គឺយកឈ្នះ ឡាវ ២-១ កាលពីថ្ងៃទី៥ ខែកក្កដា និងឈ្នះទីម័រខាងកើត លទ្ធផល ១-០ នៅថ្ងៃទី៧ ខែកក្កដា។ ប៉ុន្ដែ កម្ពុជា ត្រូវបានម្ចាស់ផ្ទះ ក្រុមនារីឥណ្ឌូណេស៊ី លត់​ក្នុងលទ្ធផល ៥-០ នៅថ្ងៃទី៩ ខែកក្កដា ដែធ្វើឱ្យក្រុមកម្ពុជា មិនអាចក្លាយជាក្រុមលេខ២ល្អបំផុត៕
 

Tag:
 បាល់ទាត់
  AFF U19 Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com