កីឡាអន្តរជាតិ
អន្តរជាតិ
Alex Morgan ថាពង្រីកចំនួនក្រុមនៅ World Cup នឹងបង្កើនអ្នកទស្សនាបាល់ទាត់នារី
12, Jul 2023 , 7:29 pm        
រូបភាព
​កីឡាការិនី Alex Morgan ខ្សែប្រយុទ្ធក្រុមបាល់ទាត់នារីអាម៉េរិក រំពឹងថាការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 នឹងក្លាយជាការប្រកួតដ៏អស្ចារ្យបំផុតមួយ ហើយការពង្រីកចំនួនក្រុមពី២៤ ទៅដល់៣២ក្រុម នឹងជួយបង្កើនចំនួនអ្នកទស្សនាបន្ថែមទៀត។



ក្រុមនារីអាម៉េរិកនឹងចាប់ផ្តើមការប្រកួតការពារតំណែងជើងឯកសារជាថ្មីម្តងទៀត បន្ទាប់ពីគ្រងតំណែងពានរង្វាន់បាល់ទាត់ពិភពលោក ៣លើកជាប់គ្នា។ ការបង្ហាញខ្លួនលើកទី៨ របស់ខ្លួន អាម៉េរិកនឹងជួបតទល់ក្រុមនារីវៀតណាមជើងឯកតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងកីឡដ្ឋាន Eden Park ថ្ងៃទី២២ ខែកក្កដា មុនពេលទៅប៉ះក្រុមហូឡង់ និងព័រទុយហ្កាល់។ អាម៉េរិកបានទៅដល់ទឹកដីប្រទេសនូវែលសេឡង់ដើម្បីបោះជំរំហ្វឹកហាត់ នៅថ្ងៃទី១០ ខែកក្កដា។
  


ធ្វើដំណើរទៅដល់នូវែលសេឡង់ ខ្សែប្រយុទ្ធជើងចាស់ក្រុមនារីអាម៉េរិក Morgan និយាយថាខ្លួនរីករាយ និងការរំពឹងទុកច្រើនសម្រាប់ការប្រកួត ខណៈសរសើរថាការប្រកួត World Cup នឹងក្លាយជាការប្រកួតដ៏ល្អបំផុតមួយ។
 
«ការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏ល្អបំផុតមួយ ដែលខ្ញុំបានរំពឹងទុក។ យើងមានចំនួន ៣២ក្រុមក្នុង World Cup មិនដូចកាលពីមុនឡើយ ដូច្នេះវានឹងក្លាយជាការប្រកួតប្រជែងដ៏ខ្លាំងមួយ វានឹងក្លាយជាការប្រកួតដ៏ល្អបំផុត ហើយវាក៏នឹងទទួលបានការទស្សនា World Cup ច្រើនបន្ថែមទៀត។»។ Alex Morgan បាននិយាយក្រោយពេលធ្វើដំណើរទៅដល់ប្រទេសនូវែលសេឡង់។
 
អាម៉េរិក ធ្លាប់បានបោះជរំហ្វឹកហាត់នៅក្នុងប្រទេសនូវែលសេឡង់កាលពីខែមករា ដើមឆ្នាំ ២០២៣ ដោយកាលនោះពួកគេបានបំបាក់ក្រុមម្ចាស់ផ្ទះក្នុងការប្រកួតមិត្តភាព ២លើក​ក្នុងទីក្រុង ​Wellington និង ​Auckland។ អាម៉េរិករំពឹងក្លាយជាក្រុមដែលទទួលការចាប់អារម្មណ៍ទីពីរពីសំណាក់អ្នកគាំទ្រនូវែលសេឡង់។
 
កីឡាការិនីវ័យ ៣៤ឆ្នាំ នឹងបង្ហាញខ្លួនលើកទី៤ នៅក្នុងព្រឹត្តិការណ៍ World Cup ដោយរួមមានក្រុមកីឡាការិនីជើងចាស់រួមក្រុមដូចជា Megan Rapinoe ខ្សែប្រយុទ្ធ ឈ្នះពាន Golden Boot និង ​Golden Ball ឆ្នាំ ២០១៩ ក៏បង្ហាញខ្លួនលើកទី៤ ដូចគ្នា៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com