កីឡាជាតិ
ជាតិ
គុនខ្មែរ៖ ប៉ះកីឡាកររ៉ូម៉ានី ធឿន ធារ៉ា សន្យាធ្វើឱ្យកក្រើកសង្វៀនជាថ្មីក្រោយជាពីរបួសដៃ
13, Jul 2023 , 10:29 am        
រូបភាព
កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា
កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា
កីឡាករប្រដាល់គុនខ្មែរលំដាប់ជួរមុខកម្ពុជា ធឿន ធារ៉ា សន្យាថានឹងធ្វើឱ្យកក្រើកសង្វៀនសារជាថ្មីនៅថ្ងៃទី១៦ ខែកក្កដា ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ តេជោសន្តិភាព គុនខ្មែរវើលឆេមពាន បន្ទាប់ខ្លួនបានឃ្លាតពីការប្រយុទ្ធមួយរយៈដោយសារតែបញ្ហារបួសកែងដៃ។ ធារ៉ា ត្រូវតទល់កីឡាកររ៉ូម៉ានី Alex Bublea និងជំនួបដណ្តើមខ្សែក្រវាត់របស់កីឡាករឆ្នើមកម្ពុជា ព្រុំ សំណាង ជាមួយកីឡាករមកពីបេឡារុស NIKITA។

 
ថ្លែងក្នុងបទសម្ភាសផ្ទាល់ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នាក្លិបកីឡាប្រដាល់អេភូថងគុនខ្មែរ កីឡាករប្រដាល់មានដើមកំណើតនៅខេត្តព្រៃវែង ធឿន ធារ៉ា ថាការវិលមកកាន់សង្វៀនជាថ្មីដោយសារបញ្ហារបួសរបស់ខ្លួនបានជាសះស្បើយមួយរយភាគរយហើយ មួយវិញទៀតការហ្វឹកហាត់របស់ខ្លួនបានពេញលេញល្អ។

កីឡាករប្រដាល់គុនខ្មែរ ព្រុំ សំណាង
កីឡាករ ធឿន ធារ៉ា និយាយថា៖«មួយរយៈក្រោយនេះគឺខ្ញុំបុកហាត់ខ្លាំងដើម្បីត្រៀមការប្រកួតដណ្តើមខ្សែក្រវាត់នៅថ្ងៃទី១៦ កក្កដា នេះ។ ការវិលមកវិញដែរសម្រាប់រូបខ្ញុំសង្ឃឹម ៧០ភាគរយដោយសារតែខ្ញុំខានប្រកួតយូរ»។ ធារ៉ា បន្តថាចំពោះម៉ាស៊ីនរបស់ខ្លួនមិនអាចនិយាយមុនបាននោះទេដោយសារខានប្រកួតយូរអាចគាំងក៏ថាបាន ហើយបច្ចុប្បន្នរូបគេបុកហាត់ខ្លះទៅលើកម្លាំងហ្ស៊ូស។
 
«សំខាន់នៅលើហ្ស៊ូស ព្រោះអីខានប្រកួតយូរខ្លាចគាំង»។ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា បញ្ជាក់ដូច្នេះស្របពេលខ្លួនមិនទាន់ដឹងពីសមត្ថសភាពដៃគូប្រកួតរបស់ខ្លួន Alex Bublea មកពីរ៉ូម៉ានី នោះទេ។ ទោះបីយ៉ាងណាក៏ដោយម្ចាស់ខ្សែក្រវាត់ Thai Fight ឆ្នាំ២០២២ សន្យាថានឹងបង្កបរិយាកាសឱ្យកក្រើកលើសង្វៀនប្រកួត ដើម្បីបំពេញខ្សែចក្ខុអ្នកគាំទ្រ។
 
អ្នកលេងពូថៅដៃពីឃាដ បន្តថា៖«សម្រាប់រូបខ្ញុំសង្ឃឹមថាថ្ងៃទី១៦ កក្កដា នេះនឹងធ្វើឱ្យបានល្អ មិនធ្វើឱ្យពុកម៉ែបងប្អូនខកចិត្តនោះទេក្នុងការវិលមកសាជាថ្មី»។

ការប្រកួតកីឡាប្រដាល់គុនខ្មែររវាង ព្រុំ សំណាង បង្គោលក្រហម និងបង្គោលខៀវ TUN TUN MIN មកពី មីយ៉ាន់ម៉ា
គួបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ តេជោ សន្តិភាព គុនខ្មែរវើលឆេមពាន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅសង្វៀនថោនដោយមានកីឡាករជួរមុខកម្ពុជាជាច្រើនដូចជា។
 
គូដណ្តើមខ្សែក្រវាត់៖ ជាងកាត់សក់កន្ត្រៃមាស ព្រុំ សំណាង ទទួលកីឡាករមកពីបេឡារុស NIKITA លើប្រភេទទម្ងន់ ៧៧គីឡូក្រាម, អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា ចចារជាមួយអ្នកលេងឆ្លងទ្វីប ALEX BUBLEA មកពីប្រទេស រ៉ូម៉ានី វាយលើប្រភេទទម្ងន់៧២គីឡូក្រាម។ រីឯគូមិត្តភាពពិសេស កណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ស្វាគមន៍មិត្តចាស់មកពីប្រទេសថៃ CHANGPUAK JESADA លើប្រភេទទម្ងន់ ៦៩គីឡូក្រាម និងមនុស្សយក្សមិនខ្លាចការប្រយុទ្ធ ម៉ានូ សិល្បៈ ជួបអ្នកប្រយុទ្ធឡាវ CHATSAKMAI CHATCHAWAM លើប្រភេទទម្ងន់ ៨៥គីឡូក្រាម។
 
គូមិត្តភាពបន្តបន្ទាប់រួមមាន យ៉េន ឌីណា ជួបកីឡាកររុស្ស៊ី SOLOVEV SERGEI លើប្រភេទទម្ងន់ ៦៥គីឡូក្រាម ក្របីព្រៃ ពេជ្រ សម្បត្តិ ស្វាគមន៍ PETCHLAMPOON POR.CHAREONPAT មកពីប្រទេសថៃ លើប្រភេទទម្ងន់ ៦០គីឡូក្រាម និងក្លុកដំរីពិឃាដ ផល សោភ័ណ្ឌ ទទួលកីឡាករមកពីព័រទុយហ្គាល់ MIGUEL TRINDADE លើប្រភេទទម្ងន់ ៦៥គីឡូក្រាម៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ធឿន ធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com