កីឡាជាតិ
ជាតិ
លោក ប្រាក់ វុទ្ធី ថា បាល់ទាត់នារីកម្ពុជា អភិវឌ្ឍលឿន ប៉ុន្ដែនឹងថមថយទៅវិញ បើខ្វះការប្រកួត
13, Jul 2023 , 3:09 pm        
រូបភាព
លោក ប្រាក់ វុទ្ធី ផ្ដល់បទសម្ភាសមកកាន់អ្នកសារព័ត៌មាន រូបពី FFC
លោក ប្រាក់ វុទ្ធី ផ្ដល់បទសម្ភាសមកកាន់អ្នកសារព័ត៌មាន រូបពី FFC
លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាបាល់ទាត់នារីកម្ពុជា មើលឃើញថា វិស័យបាល់ទាត់នារីកម្ពុជា អភិវឌ្ឍលឿន ជាងប្រទេសមួយចំនួនក្នុងតំបន់ ស្របពេលប្រទេសទាំងនោះ បានចាប់ផ្ដើមមុនកម្ពុជា។ ការអះអាងរបស់គ្រូបង្វឹករូនេះ ដោយផ្អែកលើលទ្ធផល ប្រកួតកន្លងមក ទាំងនៅស៊ីហ្គេម លើកទី៣២ និង AFF U-19 Women’s Championship 2023 នៅឥណ្ឌូណេស៊ី។ យ៉ាងណា ប្រសិនជាមិនមានការប្រកួតច្រើនសម្រាប់ក្រុមនារី សន្ទុះ នៃការអភិវឌ្ឍ នឹងធ្លាក់ចុះ រាប់បញ្ចូលទាំងធនធាន និងសមត្ថភាពរបស់ពួកគេផង។



លោក ប្រាក់ វុទ្ធី បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មានថា វិស័យបាល់ទាត់នារីកម្ពុជា មានសន្ទុះអភិវឌ្ឍលឿន ប្រសិនជាមើលទៅលើលទ្ធផល និងការប្រកួតរបស់កីឡាការិនីនៅក្នុងទីលានប្រកួត។ គ្រូបង្វឹករូបនេះ លើកឧទាហរណ៍បញ្ជាក់បន្ថែមថា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន បានអភិវឌ្ឍវិស័យនេះ មុនកម្ពុជា ប៉ុន្ដែ យោងទៅលើបទពិសោធន៍ប្រកួតកន្លងទៅដូចជាព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ក្រុមឈុតធំនារី ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ក្នុងព្រឹត្តិការណ៍ AFF U-19 Women’s Championship 2023 នារីអាយុក្រោម ១៩ឆ្នាំ កម្ពុជា បានឈ្នះ ២ប្រកួត និងចាញ់១។ លទ្ធផលទាំងនេះ បូករួមជាមួយការបង្ហាញទម្រង់លេង ទាំងមានជំនឿចិត្តរបស់កីឡាការិនីទាំងនោះ ក្នុងទីលាន លោក ប្រាក់ វុទ្ធី បានសន្និដ្ឋានថា នេះ គឺជាសន្ទុះ នៃការអភិវឌ្ឍវិស័យបាល់ទាត់នារីកម្ពុជា។
  
លោក ប្រាក់ វុទ្ធី សំណេះសំណាល ជាមួយកីឡាការិនីកម្ពុជា

ស្របពេលសន្ទុះកើនឡើង ផ្ទុយទៅវិញ ប្រសិនជា មិនមានការរៀបចំឲ្យមានការប្រកួតច្រើនសម្រាប់ពួកគេទេ នោះ ការប្រឹងប្រែង នឹងទៅជាអសារបង់។ លោក ប្រាក់ វុទ្ធី បាននិយាយដូច្នេះថា៖«យើង មានសន្ទុះលឿនជាងប្រទេសមួយចំនួន ក៏ប៉ុន្ដែ សន្ទុះទាំងនេះ នឹងបាត់បងទៅវិញប្រសិនជា មិនមានការប្រកួតច្រើនក្នុងប្រទេសយើង។ ប្រសិនជាមិនមានការប្រកួតច្រើនទេ អ្វី ដែលយើងបានខំប្រឹងកន្លងមក នឹងត្រូវបាត់បង់ទៅវិញ។»។
 
បន្ទាប់ពីហាលអាវ ក្នុងព្រឹត្តិការណ៍ AFF U-19 Women’s Championship 2023 ដោយបានឈ្នះ ឡាវ, ទីម័រខាងកើត និងចាញ់ ឥណ្ឌូណេស៊ី គ្រូបង្វឹកក្រុមនារីរូបនេះ បានប្រាប់ថា រាល់ការចេញទៅប្រកួតផ្សេងៗ ក្នុងព្រឹត្តិការណ៍អន្ដរជាតិ រូបលោក រួមជាមួយក្រុមជម្រើសជាតិនារីកម្ពុជា មិនមែនទៅដើម្បីតែយកបទពិសោធន៍ប្រកួតទេ ប៉ុន្ដែ គឺទៅដើម្បីប្រជែងយកលទ្ធផលណាមួយ តាមសមត្ថភាពខំប្រឹងប្រែង ធ្វើឲ្យបានល្អបំផុង។ ដោយឡែក លោក ប្រាក់ វុទ្ធី បានចាត់ទុកថា អ្វី ដែលបានឆ្លងកាត់ ឬការប្រកួតកន្លងមក គឺជាមេរៀន និងចំណេះ ដឹងសម្រាប់សិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមខ្លួន។
 
«យើង ទៅលេងរាល់ការប្រកួត គឺមិនមែនទៅរកតែបទពិសោធន៍ទេ ប៉ុន្ដែយើង យកអ្វីដែលយើង បានធ្វើជាបទពិសោធន៍ ព្រោះជាមេរៀន ជាចំណេះដឹង មួយ សម្រាប់យើង ដឹងពីចំណុចខ្លាំង និងខ្សោយរបស់យើង។»។ លោក ប្រាក់ វុទ្ធី បាននិយាយប្រាប់ដូច្នេះ។
 
គ្រូបង្វឹកក្រុមនារីរូបនេះ បញ្ជាក់ប្រាប់ថា ក្រុមនារីកម្ពុជា មានចំណុចខ្វះខាតច្រើនពាក់ព័ន្ធជាមួយកាយសម្បទា និងបច្ចេកទេសជំនាញមូលដ្ឋាន ជាពិសេសទៀតនោះ គឺការខ្វះបទពិសោធន៍ប្រកួតជាមួយក្រុម ដែលមានកម្រិតខ្លាំង។ ប៉ុន្ដែ បច្ចុប្បន្ន ក្រុមនារី គឺរីកចម្រើនខ្លាំង ប្រសិនប្រៀបធៀបពីការចាប់ផ្ដើមដំបូង ព្រោះពួកគេ មានសម្ពាធខ្លាំង ហើយឥឡូវនេះ មិនសូវមានសម្ពាធ និងមានស្មារតីប្រកួតប្រជែងខ្ពស់ ដើម្បីដណ្ដើមលទ្ធផលល្អ។ លោក ប្រាក់ វុទ្ធី និយាយដូច្នេះថា៖«បច្ចុប្បន្ន យើងនៅរងសម្ពាធនៅឡើយ ពេលប៉ះជាមួមួក្រុមខ្លាំង ប៉ុន្ដែ រងសម្ពាធតិច មិនដូចការប្រកួតមុនៗ។ ការប្រកួតមុនៗ ពួកគាត់មានសម្ពាធខ្លាំង ដូចជាចាញ់ច្រាប់ចឹង។ ប៉ុន្ដែ បន្ទាប់ពីយើងមានបទបិសោធន៍ច្រើន ការចាញ់ច្រាប់ ដូចជាកាត់បន្ថយច្រើន ហើយស្មារតីពួកគាត់ គ្រប់ការប្រកួតទាំងអស់ គឺខ្លាំងណាស់ ទោះជាការប្រកួតនោះបែបណា ក៏ដោយ ពួកគាត់បន្ដ រហូតដល់ទីបញ្ចប់។»។
 
ដើម្បីឲ្យសន្ទុះនៃការរីកចម្រើនរបស់ក្រុមនារីកម្ពុជា ឈានទៅមុខបានលឿន លោក ប្រាក់ វុទ្ធី ជឿថា ពាក់ព័ន្ធជាមួយការអភិវឌ្ឍកីឡាការិនីថ្នាល។ បច្ចុប្បន្ន បាល់ទាត់ផ្នែកបុរស មានការប្រកួតជាច្រើន ដូចជាពានរង្វាន់លីគ, ពានសម្ដេច ហ៊ុន សែន និងពានយុវជនផ្សេងៗទៀត តាមតំបន់ ប៉ុន្ដែសម្រាប់ក្រុមនារី នៅមិនទាន់មាននៅឡើយទេ ម្យ៉ាងវិញទៀត ពានរង្វាន់លីគនារី ក៏ត្រូវបានលើកពេលផងដែរ។ 
 
«ទាត់នារីបច្ចុប្បន្ននេះ ការប្រកួតត្រូវបានលើកទាំងអស់ សូម្បីតែ U-15 និង U-16 រយៈពេល២ ឆ្នាំហើយ។ ការអកខាន់ប្រកួតសម្រាប់នារី U-15 និង U-16 ហានីភ័យខ្ពស់ណាស់។ កាលណាបាល់ទាត់ថ្នាលមិនដំណើរការ និងមិនទទួលបានការយកចិត្តទុកដាក់ទេ បាល់ទាត់កម្រិតខ្ពស់មិនអាចរីកចម្រើនបានទេ ព្រោះឈុតធំ របស់កម្ពុជា  ត្រូវពឹងលើបាល់ទាត់ថ្នាល់។ ការប្រកួត U-15 និងU-16 មិនមានសម្រាប់ថ្នាល គឺជាបញ្ហាធំ។»៕
 

Tag:
 បាល់ទាត់
  ប្រាក់ វុទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com