កីឡាជាតិ
ជាតិ
អត្តពលិកកម្ពុជា១៦០នាក់នឹងបញ្ជូនទៅហ្វឹកហាត់នៅចិន ត្រៀមប្រកួតកីឡាអាស៊ីនៅចិន
13, Jul 2023 , 6:59 pm        
រូបភាព
ការប្រកួតកីលាវាយកូនបាល់នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
ការប្រកួតកីលាវាយកូនបាល់នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
ដោយ:
កម្ពុជា នឹងបញ្ជូនអត្តពលិក១៦០នាក់ លើ១២ប្រភេទកីឡាទៅហ្វឹកហាត់នៅប្រទេសចិន ក្រោមជំនួយឥតសំណងដែលនៅសល់ជាង ១០០ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាអាស៊ី Asian Games 2022។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិកកម្ពុជា NOCC នៅថ្ងៃទី១១ ខែកក្កដា នាទីស្នាក់ការ NOCC។

 
សហព័ន្ធកីឡាទាំង១២ប្រភេទនឹងចេញដំណើរទៅប្រទេសចិន ដើម្បីហ្វឹកហាត់ត្រៀមការប្រកួត Asian Games 2022 ដែលប្តូរទៅធ្វើនៅឆ្នាំ២០២៣នេះ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តបញ្ចប់ទៅនៅក្នុងខែកក្កដា នេះ។
 
លោក វ៉ាត់ ចំរើន បានឱ្យដឹងថាក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានបញ្ជាក់អំពីការចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩  នៅប្រទេសចិនរួចរាល់ហើយ ដោយគណៈកម្មាធិការជាតិ កំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយក្រសួងអប់រំយុវជន និងកីឡា ជាពិសេសមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដើម្បីសម្រេចថាកីឡាប្រភេទណាខ្លះនឹងត្រូវបញ្ជូនទៅហ្វឹកហាត់ត្រៀមការប្រកួត។
  
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

«បន្ទាប់ពីបោះឆ្នោតហើយ យើងនឹងបញ្ជូនអត្តពលិកយើងចំនួន ១២ប្រភេទកីឡាទៅហ្វឹកហាត់នៅទីក្រុងហានចូវ ប្រទេសចិន។ យើងមាន ១៦០នាក់ដែលត្រៀមទៅហ្វឹកហាត់នៅចិនហ្នឹងដែលមានទាំងកីឡាប្រយុទ្ធមួយចំនួនផង ដែលត្រៀមការហ្វឹកហាត់ឡើងវិញ»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។ លោកអគ្គលេខាធិការបន្តថា ចំនួនអាចនឹងមានកើនច្រើនរហូតដល់ទៅចន្លោះជាង ២០០នាក់ដែលត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៣នេះ។
 
ចំពោះកីឡាទាំង១២ប្រភេទនោះដែរ លោក វ៉ាត់ ចំរើន នឹងជ្រើសរើសយកកីឡាករ-ការិនីមានសក្តានុពល ជាពិសេសលេចធ្លោនៅស៊ីហ្គេមលើកទី៣២ ដើម្បីបញ្ជូនទៅហ្វឹកហាត់នៅប្រទេសចិន
 
គួបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ឆ្នាំ២០២២ លើកមកឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពៅថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហានចូវ ប្រទេសចិន ដោយមានអត្តពលិកជាច្រើនមកពី ៤៥ប្រទេសចូលរួម។ កីឡាអាស៊ីលើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី កម្ពុជា សម្រេចបានមេដាយ៣ ក្នុងនោះកីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ឈ្នះមេដាយមាស១ កីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស១ និងសំរឹទ្ធ១៕
 

Tag:
 កីឡាអាស៊ី
 វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com