អន្តរជាតិ
លោកវ៉ាង យី៖ អាស៊ាន-ចិន គួរពន្លឿនកិច្ចចរចាដំឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
13, Jul 2023 , 8:29 pm        
រូបភាព
សន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយចិន។ រូបភាព ASEAN
សន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយចិន។ រូបភាព ASEAN
ប្រធានការិយាល័យនៃគណៈកម្មការមជ្ឈិមសម្រាប់កិច្ចការបរទេស លោក វ៉ាង យី នៅថ្ងៃទី១២ ខែកក្កដា បានលើកឡើងថា ចិន និងអាស៊ាន គួរពន្លឿនកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ទី៣ (FTA 3.0) ស្របពេលខួប២០ឆ្នាំ ដែលចិនចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC)។

 
ពីក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី លោក វ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន នៅថ្ងៃទី១២ ខែកក្កដា បានជួបជាមួយរដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ជុំវិញកិ​ច្ចសហប្រតិបត្តិការទៅវិញទៅមក សន្តិភាពក្នុងតំបន់ និងប្រព័ន្ធពាណិជ្ជកម្មសកលផង។ 
 
ក្នុងជំនួបទ្វេភាគីនេះ លោកវ៉ាង បានប្រាប់ប្រមុខការទូតសិង្ហបុរីថា ស្របពេលខួប ២០ឆ្នាំ ដែលចិនចូលសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរ គួរក្តាប់យកឱកាសនេះសម្រាប់កិច្ចសហប្រតិបត្តិការជំនាន់ថ្មី និងលើកតម្កើងទំនាក់ទំនងចិន-អាស៊ាន។ ត្រង់ចំណុចនេះ មន្រ្តីការទូតជាន់ខ្ពស់ចិន បានជំរុញឱ្យ ចិន-អាស៊ាន គួរតែពន្លឿនកិច្ចចរចាជំនាន់ ៣.០ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ 
 
ជាការពិត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ ៣.០ ត្រូវបានភាគីទាំងពីរចាប់ផ្តើមឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយកិច្ចចរចាជុំទីមួយ នៃកិច្ចព្រមព្រៀងមួយនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ចុងក្រោយនេះ ភាគីទាំងពីរប្តេជ្ញាក្នុងការបង្កើនកម្រិតបើកចំហលើពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច រួមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលទើបកើតមានថ្មីៗជាដើម។ 
 
បើតាមលោកវ៉ាង ចិន និងអាស៊ាន គួរតែរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មសេរីសកល, ប្រកាន់យកមជ្ឈភាពរបស់អាស៊ាន រួមទាំងការពារសន្តិភាព ក្នុងតំបន់ និងការអភិវឌ្ឍ។ ចិន និងអាស៊ាន មានទំហំពាណិជ្ជកម្មសេរី ៩៧៥,៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ 
 
ចំណែកប្រមុខការទូតសិង្ហបុរី បានអះអាងថា ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ហើយលោករំពឹងថា ភាគីទាំងពីរ នឹងពង្រឹងទំនងចិត្តទៅវិញទៅមក និងលើកតម្កើងស្ថិរភាព និងវិបុលភាព។ 
 
ក្នុងថ្ងៃទី១៣ ខែកក្កដា អាស៊ាន និងចិន មានសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន-ចិនផង ដោយជំនួបនោះ ភាគីទាំងពីរ បានជជែកពីដំណើរការកិច្ចសហប្រតិបត្តិការ រួមទាំងមធ្យោបាយពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ តាមរយៈការអនុវត្តផែនការសកម្មភាព២០២១ ដល់ ២០២៥។ មន្រ្តីទូតបណ្តាប្រទេសអាស៊ាន និងចិន ក៏បានពិភាក្សាពីបញ្ហាក្នុងតំបន់ផង៕
 

Tag:
 ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com