កីឡាជាតិ
ជាតិ
គុនខ្មែរ៖ លោក ហេង សុខឃន ណែនាំកីឡាករថ្នាលរក្សាសីលធម៌ ដើម្បីបង្ហាញអន្តរជាតិពីភាពទន់ភ្លន់របស់ខ្មែរ
13, Jul 2023 , 5:29 pm        
រូបភាព
លោក ហេង សុខ ឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រូបពី Haha Super Fight& Gym
លោក ហេង សុខ ឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រូបពី Haha Super Fight& Gym
លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងក្នុងពិធីប្រកួតដណ្ដើមខ្សែក្រវាត់ ថ្នាល គុនខ្មែរ SUPER FIGHT កាលពីថ្ងៃទី១២ ខែកក្កដា ថាការប្រកួតតែង មានឈ្នះ មានចាញ់ ប៉ុន្ដែលទ្ធផលទាំងនោះ គ្រាន់តែជាផ្នែកមួយ នៃការប្រកួតប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលសំខាន់ គឺការរក្សានូវក្រមសីលធម៌ និងភាពសមរម្យ ដែលបង្ហាញដល់ឆាកជាតិ និងអន្ដរជាតិ អំពីវប្បធម៌ ដ៏ទន់ភ្លន់របស់កម្ពុជា។



លោក ហេង សុខឃន បានផ្ដាំផ្ញើរទៅដល់កីឡាករ-កីឡាការិនីថ្នាល ឲ្យប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងជាសឲ្យផុតការធ្វើអ្វីមួយ ដែលមានផលប៉ះពាល់ទៅដល់គុណតម្លៃ គុណផលរបស់ខ្លួន។ អគ្គលេខាធិការរូបនេះ ក៏បានពន្យល់ផងដែរថា ពាក្យថាកីឡា ក្រៅអំពីការប្រកួត ក៏ត្រូវរាប់បញ្ចូលលើការគោរពវិន័យ និងក្រមសីលធម៌ ដូចជាគោរពគ្រូ ការអោនលំទោន ការគោរពថ្នាក់ដឹកនាំ និងការស្ដាប់ការបង្វឹករបស់គ្រូ ព្រោះការបង្ហាញនូវគុណតម្លៃទាំងអស់នេះ គឺជាការបង្ហាញនូវមុខមាត់ វប្បធម៌ ដ៏ទន់ភ្លន់របស់កម្ពុជា។
 
«ទោះឈ្នះ ឬ ចាញ់ យើង ត្រូវរក្សាក្រមសីលធម៌ ដើម្បីបង្ហាញលើឆាកជាតិ និងអន្ដរជាតិថា វប្បធម៌ខ្មែរ គឺមានភាពទនភ្លន់ សុភាពរាបសារ។ ត្រូវបង្ហាញភាពសមរម្យ ក្នងនាមជាអ្នកស្រឡាញ់គុនខ្មែរ។»។ លោក ហេង សុខឃន បាននិយាយដូច្នេះ។
 
ក្នុងកម្មវិធីដដែរនោះ អគ្គលេខាធិការរូបនេះ បានពន្យល់ប្រាប់ក្នុងអត្ថន័យអប់រំ ដល់កីឡាករ-កីឡាការិនីថ្នាលថា គោលបំណង និងសារសំខាន់ នៃការហត់កីឡា ក្រៅអំពីលទ្ធផលឈ្នះ ឬចាញ់ គឺ ដើម្បីគេចផុតពីអបាយមុខ និងចងបណ្ដុះផ្នត់គំនិត «កីឡារស់ក្នុងសន្ដិភាព» «កីឡា នាំមកនូវសុខសន្ដិភាព សុខភាព និងសេដ្ឋកិច្ច»។ លោក ហេង សុខឃន បញ្ជាក់ថា នេះ គឺជាយុទ្ធសាស្ដ្រ ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចង់ណ្ដុះផ្នត់គំនិតទាំងនេះ ក្នុងស្រទាប់យុវជន។

អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ បានថ្លែងបែបនេះ៖«សហព័ន្ធ ប្រកាន់ជំហរ និងអូសទាញ់យុវជនឲ្យមកលេងកីឡា ទាំងអស់គ្នា ដើម្បីសេដ្ឋកិច្ច សុខភាព និងគេចឲ្យផុតពីគ្រឿងញាណ។ នេះ គឺជាគោលជំហរបស់ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ។»។
 
ជាក់ស្ដែងតាមរយៈ វិស័យកីឡាប្រដាល់គុនខ្មែរនេះ បានធ្វើឲ្យកីឡាករ-កីឡាការិនី មួយចំនួន បានក្លាយជាបុគ្គលគំរូ ដោយមានអ្នកគាំទ្រជាច្រើន ពេញចិត្តនូវការតស៊ូរបស់ពួកគេ។ ម្យ៉ាងវិញទៀត កីឡាករ-កីឡាការិនីខ្លះ ក៏មានទីផ្សារប្រកួតប្រជែងក្នុងស្រុក និងក្រៅស្រុកច្រើន ដែលជាហេតុអាចឲ្យអ្នកទាំងនោះ មានថវិការ ក្នុងការចិញ្ចឹមជីវិត៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ហេង សុខឃន
© រក្សាសិទ្ធិដោយ thmeythmey.com