កីឡាអន្តរជាតិ
អន្តរជាតិ
Ten Hag សរសើរ ​Mount ក្រោយបង្ហាញខ្លួនដំបូងឱ្យ Man United ឈ្នះ Leeds
13, Jul 2023 , 5:59 pm        
រូបភាព
Mason Mount បានបង្ហាញខ្លួនលើកដំបូងក្នុងនាមជាកីឡាករ ​Manchester United ខណៈដែលក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag យកឈ្នះ Leeds United លទ្ធផល ២-០ ក្នុងការប្រកួតកម្តៅសាច់ដុំត្រៀមបើករដូវកាលថ្មី ដែលធ្វើឡើងក្នុងទីក្រុង ​Oslo ប្រទេសន័រវែស។ Ten Hag សរសើរ ​Mount ជាកីឡាករមានគុណភាព និងជួយក្រុមប្រជែងពានរដូវកាលថ្មី។



ខ្សែបម្រើវ័យ ២៤ឆ្នាំ ដែលបានផ្លាស់ទៅកាន់ ​Man United ដោយផ្ទេរពីក្រុម​ Chelsea កាលពីខែមុន ក្នុងតម្លៃ៧០លានដុល្លារ បង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងនៃការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មី នឹងបង្ហាញទម្រង់លេងបានយ៉ាងភ្ញាក់ផ្អើល។
  


ជម្រើស ១១នាក់ដំបូងរបស់លោក ​Ten Hag មានលាយឡំរវាងកីឡាករដែលមានបទពិសោធន៍ និងកីឡាករយុវជន ក្នុងនោះរួមមានខ្សែការពារ Lisandro Martinez, Raphael Varane និង Jadon Sancho សុទ្ធសឹងតែមានវត្តមានក្នុងក្រុមសម្រាប់ការប្រកួតត្រៀមរដូវកាលថ្មី។
 
ចំណែកក្នុងការប្រកួតដែល Mount បង្ហាញខ្លួនលើកដំបូង កីឡាករជម្រើសជាតិអង់គ្លេស បានបង្ហាញទម្រេង់លេងយ៉ាងល្អ ដោយគេបានបង្កើតឱកាសល្អៗច្រើនលើកនៅដើមវគ្គ ដើម្បីបញ្ជូនបាល់ឱ្យកីឡាកររួមក្រុមស៊ុត។ តំបន់ខ្សែបម្រើរបស់ក្រុមបិសាចក្រហម ចាប់ផ្តើមបង្កើតឱកាសច្រើនឡើងទៅកាន់តំបន់ប្រយុទ្ធ ដែលជាការបង្កើតឡើងពី ​Mount។
 
ក្រោយពេលឃើញ ​Mount បង្ហាញទម្រង់លេងភ្ញាក់ផ្អើល លោក Ten Hag ជាអ្នកចាត់ការក្រុមបាននិយាយដូច្នេះថា ៖«ខ្ញុំប្រាកដថាគេនឹងរួមចំណែកដល់ភាពជោគជ័យរបស់ ​Manchester United ព្រោះគេជាកីឡាករមានគុណភាពមួយរូប។ ក្នុងតំបន់ខ្សែបម្រើអ្នកត្រូវតែប្រយុទ្ធ ប៉ុន្តែអ្នកក៏ត្រូវតែការពារផងដែរ គេនឹងនាំមកនៅកម្លាំងមកក្នុងការប្រកួតរបស់យើង យើងត្រូវការកម្លាំងដ៏ខ្លាំងក្នុងតំបន់ខ្សែបម្រើ។»។
 
ការប្រកួតជ័យជម្នះ ២-០ ក្នុងជំនួបមិត្តភាពត្រៀមបើករដូវកាលថ្មី គ្រាប់បាល់ជ័យជម្នះទាំង ២គ្រាប់ធ្វើបានដោយកីឡាករយុវជន Noam Emeran នៅនាទី ៦៧ និង Joe Hugill នៅនាទី ៨១ ម្នាក់ ១គ្រាប់សម្រាប់ក្រុមបិសាចក្រហម។
 
​ពិសេសលើសពីការប្រកួត ក្នុងជំនួបនោះកីឡាករក្រុមបិសាចក្រហម និង​ ​Leeds ក៏បានពាក់អាវដែលមានឈ្មោះថា McQueen ដើម្បីជាការ​ឧទ្ទិសការចងចាំទៅដល់លោក Gordon McQueen ដែលធ្លាប់ជាអតីតកីឡាករខ្សែការពារក្រុមទាំងពីរ។ លោក ​Gordon McQueen បានទទួលមរណៈភាពក្នុងវ័យ ៧០ឆ្នាំ កាលពីខែមិថុនា៕
 
 

Tag:
 Mason Mount
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com