កីឡាអន្តរជាតិ
អន្តរជាតិ
​Juventus ចាប់ផ្តើមនីតិវិធី​ដើម្បីចាកចេញពីគម្រោង Super League
14, Jul 2023 , 2:02 pm        
រូបភាព
​ក្លិប Juventus នាថ្ងៃទី១៣ ខែកក្កដា បាននិយាយថា ខ្លួនបានផ្តួចផ្តើមនីតិវិធីដើម្បីដកខ្លួនចេញពីគម្រោង European Super League (ESL) ស្ថិតជាមួយនឹងក្រុម Real Madrid និង Barcelona។



​ក្រុមរហ័សនាមសេះបង្កង់ បានពិភាក្សាអំពីការចាកចេញរបស់ខ្លួនជាមួយនឹងក្រុមយក្សអេស្ប៉ាញ Real Madrid និង Barcelona ព្រមទាំងជាមួយនឹងក្រុមដទៃផ្សេងទៀតដែលស្ថិតនៅក្នុងគម្រោង ​ESL។
  


«យោងតាមការពិភាក្សា និងបានផ្តល់ភាពមិនស្របគ្នាដែលមានស្រាប់លើការបកស្រាយនៃលក្ខខណ្ឌកិច្ចសន្យាដែលត្រូវអនុវត្តទៅនឹងគម្រោង Super League ក្លិប Juventus បញ្ជាក់ថាខ្លួនបានចាប់ផ្តើមនីតិវិធីដើម្បីចាកចេញ។»។ ក្លិបស្ថិតក្នុងក្របខណ្ឌ Serie A បានប្រកាសបែបនេះ។
 
ក្លិប Juventus បានអះអាងថាការចាកចេញពី ESL អាចធ្វើទៅបាន លុះត្រាតែមានការអនុញ្ញាតពីក្លិប Real Madrid និង Barcelona ផងដែរ។
 
អតីតប្រធានក្លិប Juventus លោក Andrea Agnelli ដែលជាមនុស្សម្នាក់ស្ថិតនៅពីក្រោយគម្រោងនៃ ESL ត្រូវពិន័យរយៈពេល ១៦ខែពីកីឡាបាល់ទាត់ កាលពីថ្ងៃ១០ ខែកក្កដា នៅក្នុងករណីអំពីភាពមិនប្រក្រតីនៃការបង់ប្រាក់របស់ក្លិបដល់កីឡាករ។ លោក Agnelli និងក្រុមប្រឹក្សាភិបាលទាំងមូលបានលាលែងពីតំណែងនៅក្លិប ​Juventus កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។
ការបំបែកខ្លួនដើម្បីទៅបង្កើត Super League ​ត្រូវបានចាប់ផ្តើមចេញជាគម្រោងនៅក្នុងខែមេសា ឆ្នាំ ២០២១ ដោយមានក្លិបធំៗចំនួន ១២ តំបន់អឺរ៉ុប បានចាប់ផ្តើមការដេញថ្លៃដើម្បីគ្រប់គ្រងការប្រកួត និងប្រាក់ចំណូលដ៏ច្រើនរបស់ខ្លួនឆ្ងាយពីស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប ​UEFA។
 
គម្រោងនៃការបង្កើត ESL បានដួលរលំមិនដល់រយៈពេល ៤៨ម៉ោងផង ដោយអ្នកគាំទ្រ និងកីឡាករបាល់ទាត់តំបន់អឺរ៉ុបជាច្រើនបានរិះគន់ខ្លាំង រហូតជំរុញឱ្យក្លិបដូចជា Manchester United, Manchester City, Liverpool, Tottenham Hotspur, Arsenal, Chelsea, AC Milan, Inter Milan, និងក្លិប ​Atletico Madrid ដកខ្លួនចេញភ្លាមៗ៕
 
 

Tag:
 Juventus
  Super League
© រក្សាសិទ្ធិដោយ thmeythmey.com