ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីការពារជាតិ ចាត់ទុកកងរាជអាវុធហត្ថ ជាអង្គភាពគំរូក្នុងជួរយោធា
14, Jul 2023 , 3:40 pm        
រូបភាព
សម្តេច ទៀ បាញ់ ធ្វើជាអធិបតីក្នុងពិធីរម្លឹកខួប៣០ឆ្នាំនៃការបង្កើតកងរាជអាវុធហត្ថ ដែលត្រូវបានរៀបចំឡើងនៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ រូបពីក្រសួងការពារជាតិ
សម្តេច ទៀ បាញ់ ធ្វើជាអធិបតីក្នុងពិធីរម្លឹកខួប៣០ឆ្នាំនៃការបង្កើតកងរាជអាវុធហត្ថ ដែលត្រូវបានរៀបចំឡើងនៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ រូបពីក្រសួងការពារជាតិ
ដោយ៖ ទេពញាណ 
 
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ ចាត់ទុកកងរាជអាវុធហត្ថ ដែលបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ថាជា «អង្គភាពគំរូមួយ» ក្នុងកងយោធពលខេមរភូមិន្ទ។ ប្រសាសន៍របស់សម្តេច ធ្វើឡើងក្នុងពិធីរម្លឹកខួប៣០ឆ្នាំនៃការបង្កើតកងរាជអាវុធហត្ថ ហើយត្រូវបានស្រង់យកទៅផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិ។


 
សម្តេចរដ្ឋមន្រ្តី លើកឡើងថា កងរាជអាវុធហត្ថ បានអនុវត្តភារកិច្ច ដែលត្រូវបានប្រគល់ជូន ដូចជា ការកែទម្រង់ ការកសាងកម្លាំង ការអប់រំហ្វឹកហ្វឺន ការសាងសង់ជំរំ ការបង្ក្រាបបទល្មើស និងការជួយសង្គ្រោះ ជាដើម។ សម្តេច​ ថែមទាំងសរសើរពីស្នាដៃ និងសមិទ្ធផលផ្សេងៗទៀតរបស់កងរាជអាវុធហត្ថក្នុងរយៈពេល៣០ឆ្នាំមកនេះ នៅក្នុងកិច្ចការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយ។ 
 
សូមរម្លឹកពីសាវតារថា កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៧ ដោយមានឈ្មោះថា «ក្រុមរាជអាវុធហត្ថខ្មែរ»។ នៅឆ្នាំ១៩៧១ ក្រុមរាជអាវុធហត្ថខ្មែរ ត្រូវប្តូរឈ្មោះមកជា «កងអាវុធហត្ថជាតិ»។ ក្នុងអំឡុងរបបខ្មែរក្រហម ស្ថាប័នកងរាជអាវុធហត្ថ ត្រូវបានលុបបំបាត់ចោល។ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ កងរាជអាវុធហត្ថ ក៏ត្រូវបានបង្កើតឡើងវិញ។
 
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ដែលចេញកាលពីឆ្នាំ១៩៩៤ តួនាទីសំខាន់ៗរបស់កងរាជអាវុធហត្ថ រួមមាន រ៉ាប់រងសកម្មភាពខាងប៉ូលិសរដ្ឋបាល, រ៉ាប់រងសកម្មភាពខាងប៉ូលិសតុលាការ, បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា, និងផ្តល់កម្លាំងទៅជួយក្រសួងនានា ដែលបានស្នើសុំតាមការចាំបាច់ ជាអាទិ៍៕ 
 

Tag:
 ទៀ បាញ់
  កងរាជអាវុធហត្ថ
  ខួប៣០ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com