កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ារ៉ុក​ក្លាយជាក្រុមចាប់អារម្មណ៍ជាងគេ នៅវគ្គជម្រុះ World Cup 2026 តំបន់អាហ្វ្រិក
14, Jul 2023 , 4:39 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ារ៉ុក ក្រុមលេខ ៤ នៅ FIFA World Cup 2022 ត្រូវបានគេរំពឹងថានឹងក្លាយជាក្រុមឈរកំពូលតារាងនៅក្នុងការប្រកួតជម្រុះ World Cup 2026 តំបន់អាហ្រ្វិក ខណៈពួកគេបានចាប់ឆ្នោតចូលទៅក្នុងពូលមួយដ៏ងាយស្រួល។



ការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកតំបន់អាហ្វ្រិកមាន៥៤ប្រទេសចូលរួមដោយចែកជា៩ពូល ក្នុងមួយពូល៦ប្រទេស ចាប់ពីពូល A ដល់ពូល I។ ៩ក្រុមប៉ុណ្ណោះទទួលបានកៅអីស្វ័យប្រវត្តិទៅកាន់ការប្រកួតព្រឹត្តិការណ៍ World Cup 2026 នៅប្រទេសអាម៉េរិក, ម៉ិកស៊ិក, កាណាដា ដែលធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួត។ 
  


ក្រុមចំណាត់ថ្នាក់លេខ ២ ល្អចំនួន ៤ក្រុមនឹងត្រូវប្រជែងសម្រាប់កន្លះកៅអីមួយចុងក្រោយ​ ហើយក្រុមដែលឈ្នះនឹងត្រូវបន្តការប្រកួតដណ្តើមកន្លះកៅអីទៀតពីជំនួបវគ្គ Playoffs អន្តរទ្វីប ជាមួយក្រុមដែលឈ្នះកៅកន្លះកៅអីមកពីទ្វីបផ្សេងមួយទៀត។
 
សម្រាប់ម៉ារ៉ុក ពួកគេត្រូវបានចាប់ពូលចូលទៅក្នុងពូល E ដែលរួមមានក្រុម សាំប៊ី, កុងហ្គូ, តង់សានី, នីហ្សេ និង អេរីត្រេ ហើយនេះដែលជាមូលហេតុដែលម៉ារ៉ុក ត្រូវបានគេរំពឹងថាជាក្រុមនឹងបញ្ចប់ចំណាត់ថ្នាក់កំពូលតារាង នឹងឈ្នះសំបុត្រទៅកាន់ World Cup 2026 ដោយងាយស្រួល។
 
កាលពីឆ្នាំ​ ២០២២ ម៉ារ៉ុកបានចាប់ផ្តើមការប្រកួតពានរង្វាន់ World Cup របស់ខ្លួនដោយបានបង្កើតភាពភ្ញាក់ផ្អើលជាច្រើនដោយពួកគេបានក្លាយជាក្រុមអាហ្វ្រិកដំបូងបង្អស់ដែលអាចឈានជើងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានបញ្ចប់ចំណាត់ថ្នាក់លេខ ៤។ 
 
ការប្រកួតជំនួប ២លើកដំបូងសម្រាប់វគ្គចែកពូលការប្រកួតជម្រុះតំបន់អាហ្រ្វិកសម្រាប់ World Cup 2026 នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៣ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយការប្រកួត​ ២ចុងក្រោយនឹងត្រូវធ្វើឡើងពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៥។​ ការប្រកួតវគ្គ Playoffs ចំនួនដណ្តើមកន្លះកៅអីនឹងធ្វើឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។
 
ខាងក្រោមនេះជាក្រុមដែលត្រូវប្រកួតវគ្គជម្រុះ World Cup 2026 តំបន់អាហ្រ្វិក៖
 
ពូល A ៖ អេហ្ស៊ីប, បួគីណាហ្វាសូ, ហ្គីណេប៊ីហ្សូ, សៀរ៉ាឡេអូន, អេត្យូពី, ជីប៊ូទី
ពូល B ៖ សេណេហ្កាល់, កុងហ្គោ, ម៉ូរីតានី, តូហ្គោ, ស៊ូដង់​, ស៊ូដង់ខាងត្បូង
ពូល C ៖ នីហ្សេរីយ៉ា, អាហ្វ្រិកខាងត្បូង, បេណាំង, ស៊ីមបាវ៉េ, រវ៉ាន់ដា, ឡេសូតូ
ពូល D ៖ កាម៉េរូន, កាប់វែរ, អង់ហ្គោឡា, លីប៊ី, អ៊ីស្វាទីនី, ម៉ូរីស
ពូល E ៖ ម៉ារ៉ុក, សាំប៊ី, កុងហ្គោ, តង់សានី, នីហ្សេ, អេរីត្រេ
ពូល F ៖ កូតឌីវ័រ, ហ្គាបុង, កេនយ៉ា, ហ្គំប៊ី, ប៊ូរុនឌី, សីស្ហែល
ពូល G ៖ អាហ្សេរី, ហ្គីណេ, អ៊ូហ្កង់ដា, ម៉ូសាំប៊ិក, បុតស្វាណា, សូម៉ាលី
ពូល H ៖ ទុយណេស៊ី, ហ្គីណេអេក្វាទ័រ, ណាមីប៊ី, ម៉ាឡាវី, លីបេរីយ៉ា, សៅតូម៉េ និងប្រាំងស៊ីប
ពូល I ៖ ម៉ាលី, ហ្គាណា, ម៉ាដាហ្កាស្កា, អាហ្រ្វិកកណ្តាល, កូម័រ, ឆាដ៕
 
 

Tag:
 ម៉ារ៉ុក
  World Cup 2026
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com