កីឡាអន្តរជាតិ
អន្តរជាតិ
Alli សារភាពថាខ្លួនត្រូវបានគេរំលោភនៅអាយុ៦ឆ្នាំ និងធ្លាប់ជាក្មេងលក់គ្រឿងញៀន
14, Jul 2023 , 7:29 pm        
រូបភាព
Dele Alli ខ្សែបម្រើក្រុម Everton សារភាពថាត្រូវបានគេរំលោភផ្លូវភេទនៅពេលរូបគេមានអាយុត្រឹម ៦ឆ្នាំ និងធ្លាប់ជាក្មេងជួយដូរគ្រឿងញៀន។ ក្នុងកិច្ចសម្ភាសមួយជាមួយ Gary Neville ខ្សែបម្រើ Alli បានបង្ហើបពីរឿងរ៉ាវដែលគេត្រូវបានរងគ្រោះកាលវ័យកុមារ មុនពេលរូបគេត្រូវបានគេយកទៅចិញ្ចឹមអាយុ ១២ឆ្នាំ​​ រហូតក្លាយជាកីឡាករបាល់ទាត់អាជីព។



ខ្សែបម្រើសញ្ជាតិអង់គ្លេសនិយាយថា នៅអាយុ ៦ឆ្នាំ ខ្លួនត្រូវបានគេរំលោភផ្លូវភេទ ។ នៅអាយុ ៧ឆ្នាំ រូបគេបានចាប់ផ្តើមជក់បារី និងនៅអាយុ ៨ឆ្នាំគេបានក្លាយជាកុមារជួញដូរគ្រឿងញៀនថែមទៀត។
  


អតីតកីឡាករ Tottenham Hotspur វ័យ ២៧ឆ្នាំ កាលពីពេលថ្មីៗនេះ​ បានចំណាយពេល ៦សប្តាហ៍ក្នុងការស្តារឡើងវិញពីការញៀនថ្នាំងងុយគេង និងបញ្ហាសុខភាពផ្លូវចិត្ត។ Alli អតីតជាកីឡាករវ័យក្មេងដែលមានទេពកោសល្យល្អបំផុតមួយរូប ក៏ធ្លាប់បានជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេស ដោយបានជួយក្រុមឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018។ រូបគេក៏បានជួយក្រុម Tottenham Hotspur ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Chapions League ក្នុងឆ្នាំ ២០១៩។
 
ទោះយ៉ាងណា Dele Alli ចាប់ផ្តើមធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ហើយគេបានចាកចេញពី Spurs ទៅចូលរួមក្រុម Everton ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ​មុនពេលត្រូវបានដាក់ឱ្យខ្ចីជើងទៅកាន់ទឹកដីប្រទេសតួកគីក្លិប Besiktas រដូវកាលមុន។ Alli បានបង្ហាញខ្លួន៣៧ប្រកួតឱ្យក្រុមជម្រើសជាតិអង់គ្លេសនៅក្នុងឆ្នាំ ២០១៩ រូបគេបានវិលមកក្លិប Everton ពេលចុងបញ្ចប់នៃរដូវកាល ព្រោះតែរបួស។
  


«នៅពេលដែលខ្ញុំវិលត្រលប់ពីតួកគីវិញ ខ្ញុំបានរកឃើញថា ខ្ញុំត្រូវការព្យាបាល ហើយខ្ញុំស្ថិតនៅក្នុងភាពមិនល្អនៃផ្លូវចិត្ត។ ខ្ញុំបានសម្រេចចិត្តធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទា និងគ្រឿងញៀន សម្រាប់សុខភាពផ្លូវចិត្ត ពួកគេបានដោះស្រាយ លើបញ្ហាការញៀនថ្នាំងងុយគេង និងបញ្ហាសុខភាពផ្លូវចិត្តរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា វាជាពេលវេលាសម្រាប់ខ្ញុំ។ […]»។ ​Alli បាននិយាយបែបនេះក្នុងកិច្ចសម្ភាសជាមួយ Gary Neville អតីតខ្សែការពារ Manchester United និងអង់គ្លេស។
 
​បន្ទាប់ពី Dele Alli បានបង្ហើបរឿងរ៉ាវក្នុងកិច្ចសម្ភាស ក្លិប Everton បានចេញសេចក្តីថ្លែងការណ៍សាទរទៅកាន់ភាពក្លាហានរបស់កីឡាករវ័យ ២៧ឆ្នាំ។ ក្លិប Everton បាននិយាយដូច្នេះថា ៖ «គ្រប់គ្នាស្ថិតនៅក្លិប Everton ពិតជាគោរព និងភាពក្លាហានក្នុងការនិយាយអំពីបញ្ហាលំបាកដែលគេបានជួបប្រទះ ក៏ដូចជាការស្វែងរកជំនួយដែលគេត្រូវការ។ Dele នឹងមិនឆ្លើយអ្វីបន្ថែមទៀតឡើយចំពោះការស្តានីតិសម្បទាបន្ថែមទៀតឡើយ យើងបានសាកសួរអំពីឯកជនភាព​ និងការគោរពទៅលើកីឡាករ ព្រោះរូបគេកំពុងស្ថិតក្នុងបញ្ហារបួសផ្លូវចិត្ត ហើយត្រូវការព្យាបាល។»៕
 

Tag:
 Dele Alli
  Everton
© រក្សាសិទ្ធិដោយ thmeythmey.com