កីឡាជាតិ
ជាតិ
លោក អេ ភូថង ជឿជាក់ ធឿន ធារ៉ា នឹងសាងភាពលេចធ្លោឡើងវិញដូចនៅ Thai Fight​
14, Jul 2023 , 7:59 pm        
រូបភាព
លោក អេ ភូថង គ្រូបង្វឹកកីឡាករ ធឿន ធារ៉ា
លោក អេ ភូថង គ្រូបង្វឹកកីឡាករ ធឿន ធារ៉ា
ដោយ:
លោក អេ ភូថង គ្រូបង្វឹកក្លិបប្រដាល់កីឡា អេភូថង គុនខ្មែរ ជឿជាក់សិស្សគុនរបស់ខ្លួន ធឿន ធារ៉ា នឹងធ្វើបានល្អ ហើយអាចនឹងបង្ករឱ្យមានភាពភ្ញាក់ផ្អើលសារជាថ្មីលើសង្វៀន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដូចដែលរូបគេបានធ្វើក្នុងឆ្នាំ២០២២ នៅសង្វៀន Thai Fight ប្រទសថៃ។

 
ថ្លែងក្នុងបទសម្ភាសថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោក អេភូថង ជឿជាក់លើសមត្ថភាពរបស់កីឡាករកំពុងលេចធ្លោកម្ពុជា ធឿន ធារ៉ា ព្រោះការហ្វឹកហាត់បានគ្រប់គ្រាន់ និងទៀងពេលវេលា។
អតីតស្តេចប្រដាល់កែងឆេះជង្គង់ហោះ សង្ឃឹមថាការវិលមកកាន់សង្វៀនវិញរបស់ ធារ៉ា នឹងមានការភ្ញាក់ផ្អើល។ «ខ្ញុំសង្ឃឹមព្រោះថាការហ្វឹករបស់គាត់ពេញលេញ ប៉ុន្តែបច្ចេកទេសមិនទាន់ល្អដូចមុនរបួសទេ តែកម្លាំងគាត់ល្អតាមរយៈការព្យាយាមហ្វឹកហាត់»។ លោកគ្រូអេ ភូថងបង្ហាញពីក្តីជឿជាក់លើកូនសិស្សខ្លួនដូច្នេះ។ បានជាលោក អេ ភូថង ជឿជាក់ដូច្នេះព្រោះលោកបានចុះបង្ហាត់បង្ហាញ ធឿន ធារ៉ា ដោយផ្ទាល់នឹងយកចិត្តទុកដាក់ជាខ្លាំង។
 
យ៉ាងណាក៏ដោយអតីតកីឡាករគុនខ្មែរ លោក អេ ភូថង នៅតែត្រូវការកែលម្អរបន្ថែមទៅលើសមត្ថភាពរបស់ធារ៉ា ពោលគឺបច្ចេកទេសទប់ទល់ពេលគេទាត់ដោយសារបញ្ហារបួសដៃគាត់ទើបជាសះស្បើយ។ «ធារ៉ា គាត់មានរបួសដៃ តែឥឡូវបានជាសះស្បើយហើយតែគាត់ខានវាយយូរ។ ខ្ញុំខ្លាចតែបច្ចេកទេសគាត់ទេដោយសារដៃទើបជារបួសគាត់នៅញញើតពេលប្រកួត»។ លោកភូថងបន្ថែម។
 
គួបញ្ជាក់ផងដែរថា កីឡាករមានរហស្សនាមថាអ្នកពូថៅដៃពិឃាដ ធឿន ធារ៉ា នឹងត្រូវជួបប្រកួតជាមួយកីឡាកររ៉ូម៉ានី ALEX BUBLEA ជាគូដណ្តើមខ្សែក្រវាត់វាយលើប្រភេទទម្ងន់ ៧២គីឡូក្រាម នៅសង្វៀនថោន ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៧យប់តទៅ៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 អេ ភូថង
© រក្សាសិទ្ធិដោយ thmeythmey.com