កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាកាយវប្បកម្ម បដិសេធការចោទរបស់ សំបូរ នន់
14, Jul 2023 , 5:09 pm        
រូបភាព
លោក សំបូរ នន់ នៅចន្លោះ កណ្ដាល រូបពី Wittayaporm
លោក សំបូរ នន់ នៅចន្លោះ កណ្ដាល រូបពី Wittayaporm
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានចេញសេចក្ដីប្រកាសបដិសេធ ចំពោះការចោទរបស់លោក សំបូរ នន់ ថាសហព័ន្ធកាយវប្បកម្មកម្ពុជា បានស្នើរឲ្យសហព័ន្ធកីឡាកាយវប្បកម្មថៃ បញ្ឈប់ការប្រកួតរបស់កីឡាករកម្ពុជា៥រូប។ ក្នុងសេចក្ដីប្រកាសនោះ សហព័ន្ធ បានបញ្ជាក់ថា មិនបានស្នើរសុំឲ្យកីឡាករកម្ពុជា ឈប់ប្រកួត ហើយក៏មិនបានស្នើរឲ្យសហព័ន្ធថៃ បញ្ឈប់កីឡាករកម្ពុជា ដូចអ្វី ដែលលោក សំបូរ នន់ បានអះអាងនោះទេ។



កាលពីថ្ងៃទី៨-៩ ខែកក្កដា កីឡាករកម្ពុជា ៥រូប បានចេញទៅប្រកួតក្នុងពានរង្វាន់ Thailand Payab Classic នៅប្រទេសថៃ។ កីឡាករ ៥រូបនោះ មាន៖ គង់ ច័ន្ទដួង, ឈុំ ឆវ័ន, សំបូរ នន់, ផន ភ័ស និង ឌី វ៉ាន់ដា បានចេញទៅប្រកួតជាលក្ខណៈឯកជន ព្រោះពានរង្វាន់នោះ ធ្វើឡើងដើម្បីផ្សព្វផ្សាយទេសចរណ៍ ហើយអនុញ្ញាតឲ្យជនបរទេសចូលរួម។
 
តាមរយៈការឡាយផ្ទាល់លើហ្វេសប៊ុក  កាលពីថ្ងៃទី១០ ខែកក្កដា លោក សំបូរ នន់ បានរៀបរាប់ថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានស្នើឲ្យបញ្ឈប់ការប្រកួតរបស់កីឡាករទាំង ៥រូបនេះ។ ហើយលោក សំបូរ នន់ បានសួរនាំដើមហេតុ ពីគណៈកម្មការរៀបចំការប្រកួតនោះ ហើយទទួលបានចម្លើយ គឺសហព័ន្ធកម្ពុជា ស្នើឲ្យដក ព្រោះជាប់ពាក់ព័ន្ធនិងសារធាតុហាមឃាតក្នុងការប្រកួត។ បន្ទាប់មក កីឡាករកម្ពុជារូបនេះ បានស្នើទៅថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាកាយវប្បកម្មថៃ ហើយក៏ត្រូវបានអនុញ្ញាតឲ្យប្រកួតបន្ដ រហូតទទួលបានចំណាត់ថ្នាក់លេខ១។
 
ដោយឡែក នៅថ្ងៃទី១៤ ខែកក្កដា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបដិសេធចំពោះការចោទប្រកាន់បែបនេះ។ សហព័ន្ធ បានសរសេរដូច្នេះថា៖«សហព័ន្ធ សូមបដិសេធទាំងស្រុង គឺខាងសហព័ន្ធ មិនបានសុំឲ្យកីឡាករកម្ពុជា ផ្អាកការប្រកួត និងសហព័ន្ធថៃ ក៏មិនបានផ្អាកដែរ កីឡាករទាំង ៥នាក់ បានចូលរួមប្រកួតរហូតដល់ចប់កម្មវិធី។»។
 
ចំពោះការស្រាយបំភ្លឺបន្ថែម ចំពោះករណីនេះ សារព័ត៌មានថ្មីៗ បានទំនាក់ទំនង លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដែរ ប៉ុន្ដែ ប្រធានរូបនេះ សុំមិនផ្ដល់បទសម្ភាសនោះទេ ដោយបាននិយាយថា រូបលោក នឹងធ្វើសន្នីសិទសារព័ត៌មានជាផ្លូវការមួយ ដើម្បីបំភ្លឺរឿងនេះ ឲ្យអស់សេចក្ដី៕
 

Tag:
 សំបូរ នន់
  កីឡាកាយវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com