សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន​លែង​ជា​ប្រទេស​នាំ​ចេញ​ធំ​ជាង​គេ​ទៅ​អាម៉េរិក​ទៀត​ហើយ
14, Jul 2023 , 9:29 pm        
រូបភាព
ទិដ្ឋភាពនៃកំពង់ផែ Ningbo-Zhoushan ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ រូបភាព ៖ Xinhua ។
ទិដ្ឋភាពនៃកំពង់ផែ Ningbo-Zhoushan ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ រូបភាព ៖ Xinhua ។
ចិនបានបាត់បង់តំណែងរបស់ខ្លួនជាអ្នកនាំចេញទំនិញធំបំផុតទៅកាន់អាម៉េរិកជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ ដែលជំនួសដោយម៉ិកស៊ិក និងកាណាដា។ ដើមឆ្នាំនេះ ចិននាំទិញចូលអាម៉េរិកប្រមាណ ១៣,៤ភាគរយប៉ុណ្ណោះដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៩ឆ្នាំ។

 
ចិនមានចំណែកប្រហែលតែ ១៣,៤ភាគរយនៃការនាំចូលសរុបរបស់អាម៉េរិកក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ដែលធ្លាក់ចុះ៣,៣ភាគរយក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ ទំហំនៃការនាំចូលនេះ បានថយចុះស្ទើរតែគ្រប់វិស័យជាពិសេសគឺ សឺមីកុងឌុចទ័របានកាត់បន្ថយរហូតដល់ ៥០ភាគរយ។​ នេះបើយោងតាមក្រសួងពាណិជ្ជកម្មអាម៉េរិក។ 
 
ម៉ិកស៊ិក និងកាណាដា​ បាននាំមុខចិនក្នុងការនាំចូលទំនិញទៅអាម៉េរិក។ ការនាំចូលទំនិញរបស់អាម៉េរិកពីម៉ិកស៊ិកបានកើនឡើងដល់ ១៩៥ពាន់លានដុល្លារ ដែលជាកំណត់ត្រាខ្ពស់សម្រាប់រយៈពេល ៥ខែនៃឆ្នាំនេះ ខណៈដែលការនាំចូលពីកាណាដាបានកើនឡើងដល់ ១៧៦ពាន់លានដុល្លារ។
 
ជាមួយគ្នានេះ ប្រទេសអាស៊ីអាគ្នេយ៍ក៏បានបង្កើនការនាំចេញទៅកាន់អាម៉េរិកច្រើនផងដែរផងដែរ។ ការនាំចូលរបស់អាម៉េរិកពីបណ្តាប្រទេសអាស៊ានបានកើនឡើងដល់ ១២៤ពាន់លានដុល្លារក្នុងរយៈពេល ៥ខែឆ្នាំនេះ ដែលជាតួលេខធំបំផុតទីពីរមិនធ្លាប់មានសម្រាប់រយៈពេលនេះ។ ចំណែក​ទំនិញ​អាស៊ាន​ក្នុង​ការ​នាំ​ចូល​ពី​អាម៉េរិក​បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​ទសវត្សរ៍​កន្លង​មកនេះ។
 
នៅឆ្នាំ ២០០៩ ចិនបានវ៉ាដាច់កាណាដាក្លាយជាប្រទេសនាំចេញទំនិញធំបំផុតទៅកាន់អាម៉េរិក។ ដោយសារឧស្សាហកម្មផលិតកម្មដែលមានតម្លៃខ្ពស់របស់អាម៉េរិកកាន់តែមានការប្រកួតប្រជែងតិចជាងមុន ស្របពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុ ចិនបានទាញយកអត្ថប្រយោជន៍ច្រើនពីតម្លៃផលិតកម្មទាបរបស់ខ្លួន ដើម្បីទទួលបានការឈរជើងនៅក្នុងពាណិជ្ជកម្មពិភពលោក។  
 
យ៉ាងណាមិញនៅចន្លោះឆ្នាំ ២០១៥ និង ២០១៨ ទំនិញរបស់ចិនដែលនាំចូលទៅអាម៉េរិកបានចាប់ផ្តើមធ្លាក់ចុះមិកវិញ ក្រោមប្រធានាធិបតី ដូណាល់ ត្រាំ ។ រដ្ឋបាល ត្រាំ បានដាក់ពន្ធធ្ងន់លើទំនិញចិនប្រហែល ៣៧០ពាន់លានដុល្លារ ដែលនាំចូលមកអាម៉េរិកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យឧស្សាហកម្មផលិតកម្មក្នុងស្រុករស់ឡើងវិញ។
 
ក្រោយមកការដឹកនាំរបស់ប្រធានាធិបតី ចូ បៃឌិន រដ្ឋាភិបាលអាម៉េរិកបានរក្សាពន្ធគយទាំងនេះ ប៉ុន្តែដកហូតការនាំចេញទំនិញមួយចំនួនទៅចិនលើវិស័យដូចជា គ្រឿងអេឡិចត្រូនិក និងឧបករណ៍ទូរគមនាគមន៍ ដោយសារហេតុផលសន្តិសុខជាតិ។ 
 
នៅក្នុងបរិបទនេះ អាជីវកម្មអាម៉េរិកកំពុងរៀបចំបណ្តាញផលិតកម្មឡើងវិញ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ថ្មីៗនេះបានលើកទឹកចិត្តអ្នកផ្គត់ផ្គង់របស់ខ្លួនបោះទុននៅតៃវ៉ាន់ និងកន្លែងផ្សេងទៀត ដើម្បីផ្លាស់ទីរោងចក្រចេញពីចិន ទៅកាន់ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ និងឥណ្ឌា។ បន្ថែមពីនេះ ហាងលក់សំលៀកបំពាក់ GAP កំពុងផ្លាស់ប្តូរផលិតកម្មជាច្រើនទៅកាន់ម៉ិកស៊ិក និងអាម៉េរិកកណ្តាល៕
 

Tag:
 អាម៉េរិក
  ចិន
  នាំចេញ
  កាណាដា
  ម៉ិកស៊ិក
© រក្សាសិទ្ធិដោយ thmeythmey.com