ជាតិ
វិទ្យាល័យមួយនៅកំពត ​បណ្តុះជំនាញ​កសិ​កម្ម ដោយនាំសិស្សដាំ​បន្លែ និង​ធ្វើជីធម្មជាតិ ​
15, Jul 2023 , 7:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកផេក វិទ្យាល័យសម្ដេច ហ៊ុន សែន អង្គរសុរភី
រូបភាពពីហ្វេសប៊ុកផេក វិទ្យាល័យសម្ដេច ហ៊ុន សែន អង្គរសុរភី
ភ្នំពេញ៖ វិទ្យាល័យសម្ដេច ហ៊ុន សែន អង្គសុរភី ដែលស្ថិតក្នុងភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុក​កំពង់​ត្រាច ខេត្តកំពត  កំពុងបណ្តុះគំនិត​ធ្វើកសិកម្មដល់សិស្ស​ថ្នាក់ទី១១ និងទី១២ ដោយការ​ដឹកនាំពួកគេ រៀបចំសួនដាំដុះបន្លែសុវត្ថិភាព និងធ្វើជីធម្មជាតិ នៅ​ក្នុងបរិវេណសាលា។   



រយៈពេលជាង៣ខែហើយ ដែលគ្រូបង្រៀននៃវិទ្យាល័យសម្ដេច ហ៊ុន សែន អង្គសុរភី បាន​នាំសិស្សថ្នាក់ទី១១-១២ ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ លោក ម៉េង អាន់ នាយកស្ដីទី​វិទ្យាល័យអង្គសុរភី បានប្រាប់សារព័ត៌មានថ្មីៗថា កន្លងមក សាលា​បានបញ្ជូន​គ្រូប​ង្រៀន​២នាក់ ទៅសិក្សាជំនាញកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទ​កសិកម្ម ហើយ​យកជំនាញ​នោះ មកបណ្ដុះ​បណ្ដាលសិស្សក្នុងសាលាវិញ។

រូបភាពពីហ្វេសប៊ុកផេក វិទ្យាល័យសម្ដេច ហ៊ុន សែន អង្គរសុរភី
 
បច្ចុប្បន្ន សាលាមានរោងដាំបន្លែសុវត្ថិភាពចំនួន២ សម្រាប់ឱ្យសិស្សអនុវត្តផ្ទាល់​នៅរៀង​រាល់​​​ថ្ងៃសុក្រ រយៈពេល១ម៉ោង ដែលចាត់ទុកជាមេរៀនកសិកម្ម និងបំណិនជីវិត។ «គ្រូនាំ​សិស្សដាំបន្លែ ក្នុងម៉ោងកសិកម្ម ក្នុងម៉ោងសិក្សាហ្នឹង។ ដូចថ្នាក់ទី១២អ៊‍ីចឹង មាន៣៤ម៉ោង មាន​ម៉ោងកសិកម្ម១ម៉ោង ហើយថ្នាក់ទី១១ មាន៣៣ម៉ោង មានម៉ោងកសិកម្ម១ម៉ោ​ងអ៊‍ី​ចឹងទៅ។ ​ ជាទូទៅ យើងរៀបឱ្យមានម៉ោងកសិកម្ម១ម៉ោង ក្នុងមួយសប្ដាហ៍»។ នេះ​ជាការ​លើក​ឡើងរបស់ លោកគ្រូ ម៉េង អាន់​។
 
ដំណាក់កាលដំបូងលោកគ្រូ-អ្នកគ្រូ បាននាំសិស្សឱ្យដាំស្ពៃចង្កឹះ និង​​ដាក់លក់បានប្រាក់​ប្រមាណ​ជាង៦០ម៉ឺនរៀល និងបន្តទៅដំណាក់កាលទី២ ដោយគ្រោងដាំស្ពៃ​ក្រញាញ់ម្ដង។ ថវិកាដែលបាន​ពី​លក់បន្លែនោះ មួយចំនួនត្រូវផ្ដល់ជូនទៅគ្រូបង្គោល មួយចំនួនទៅសិស្ស និង​មួយចំនួនទៀតឱ្យទៅសាលា។ ក្រៅពីការដាំដំណាំ គ្រូបង្គោលក៏បង្រៀនសិស្សពី​របៀបធ្វើជីកំប៉ុស ជីធម្មជាតិ និងបច្ចេកទេសកសិកម្មផ្សេងៗផងដែរ។
  
រូបភាពពីហ្វេសប៊ុកផេក វិទ្យាល័យសម្ដេច ហ៊ុន សែន អង្គរសុរភី

លោកនាយកវ័យ៥០ប្លាយរូបនេះ ចាត់ទុកការដាំដំណាំ ជាកត្តាសំខាន់មួយក្នុង​សហគមន៍។ ការបង្កើតសួនដាំបន្លែក្នុងបរិវេណសាលានេះ ក៏ដើម្បីបណ្ដុះគំនិតឱ្យគ្រូ និង​សិស្ស​ចេះធ្វើកសិកម្ម, អាចស្វែងយល់ពីកសិកម្ម, ផ្ដល់សោភ័ណភាពស្រស់ស្អាត​ក្នុង​សាលា និងចូលរួមថែរក្សាបរិស្ថាន។ ម្យ៉ាងសកម្មភាពធ្វើកសិកម្មរួមគ្នានេះ ក៏បង្ហាញពី​សាមគ្គី​ភាព ទំនាក់ទំនងរវាងគ្រូ និងសិស្ស ដោយ​ផ្ដល់ប្រយោជន៍មួយផ្នែកដល់សាលា។ ក្រៅពី​សិស្សកំពុងសិក្សា​ក្នុងសាលា សិស្សផ្អាកការសិក្សា និងពលរដ្ឋក្នុងសហគមន៍ ​ក៏បាន ចូល​រួមរៀនពីបច្ចេកទេសកសិកម្មនានា ពីគ្រូបង្គោលក្នុងសាលាផងដែរ៕
 

Tag:
 វិទ្យាល័យអង្គសុរភី
  កសិកម្ម
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com