កីឡាអន្តរជាតិ
អន្តរជាតិ
លីគបាល់ទាត់ហូឡង់ ហាមអ្នករើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ចូលកីឡដ្ឋាន១៨ខែ
15, Jul 2023 , 8:39 am        
រូបភាព
ការប្រកួតក្របខណ្ឌបាល់ទាត់លីគនានាក្នុងប្រទេសហូឡង់ នឹងត្រូវបញ្ឈប់ភ្លាមៗ ប្រសិន បើអ្នកគាំទ្រដែលចូលរួមការប្រកួត ស្រែកច្រៀងដោយប្រមាថ លើអ្នកស្រលាញ់ភេទដូច​គ្នា។ នេះបើតាមសមាគមបាល់ទាត់ហូឡង់ (KNVB) ។



ចាប់ផ្តើមពីរដូវកាល ២០២៣-២៤ នៃការប្រកួតលីគក្នុងប្រទេសហូឡង់ អ្នកអធិប្បាយក្នុង​កីឡដ្ឋាន នឹងប្រកាសពីការហាមឃាត់ទៅលើការស្រែកច្រៀង ដោយការប្រមាថលើការ ស្រលាញ់ភេទដូចគ្នា ទៅកាន់អ្នកគាំទ្រដែលបានចូលមកទស្សនាការប្រកួត នៅតាមវគ្គ​នីមួយៗ។ ប្រសិនបើមានការស្រែកច្រៀងដោយការប្រមាថ លើស​ពី២ដង ​ការប្រកួតនោះ នឹងត្រូវផ្អាកបណ្តោះអាសន្នតែម្តង។
  


សម្រាប់បុគ្គលដែលត្រូវបានគេរកឃើញថា មានកំហុស ឬបង្ក​ការរើសអើង​និងការស្រែក ច្រៀង ដោយប្រើពាក្យប្រមាថ នឹងប្រឈមនឹងការហាមប្រាម​ចូលទស្សនាការប្រកួត ​ក្នុង​កីឡដ្ឋានរយៈពេល ១៨ខែ។
 
ការសម្រេចចិត្តដាក់ការបង្រ្កាប ទៅលើបញ្ហាការប្រមាថលើអ្នកស្រលាញ់ភេទដូចគ្នា ត្រូវបានធ្វើឡើង បន្ទាប់ពីមានការជួបជុំនូវក្លិបអាជីពជាច្រើន ក្នុងប្រទេសហូឡង់ ហើយ​ដែលគណៈប្រតិភូមកពីក្លិបទាំងអស់នោះ បានឯកភាពគ្នា នឹងបានបោះឆ្នោតសម្រាប់​វិធានការ។
 
«បាល់ទាត់ គឺសម្រាប់មនុស្សគ្រប់គ្នា ទាំងប្រុសស្រី និងភេទទី៣។ នេះបើតាមសម្តីអ្នកស្រី ​Marianne van Leeuwen ប្រធានផ្នែកបាល់ទាត់របស់សមាគម ​KNVB។
 
ការប្រកួតកាលពីខែមេសា នៅក្នុងការប្រកួតក្របខណ្ឌលីគកំពូលហូឡង់ ​អ្នកគាំទ្រក្រុម SV Spakenburg បានស្រែកច្រៀង​ដោយពាក្យប្រមាថ ចំពោះការស្រលាញ់ភេទដូចគ្នា ទៅលើ​កីឡាករ ​Xavi Simons របស់ក្រុម PSV Eindhoven។ មិន​តែប៉ុណ្ណោះ ​ក្នុងការប្រកួត​រវាង​ហូឡង់ ទល់អាល្លឺម៉ង់ អ្នកគាំទ្រ បានស្រែកពាក្យប្រមាថ «រាល់ជនជាតិអាល្លឺម៉ង់​សុទ្ធតែជា​ខ្ទើយ​»។
 
មិនត្រឹមតែហូឡង់ឡើយ សមាគមបាល់ទាត់អង់គ្លេស កាលពីខែមករា ក៏បានដាក់បន្ថែម​ការហាមប្រាម លើការស្រែកច្រៀងដោយប្រើពាក្យប្រមាថ ការស្រលាញ់ភេទដូចគ្នានេះ ទៅ​ក្នុងបញ្ជីរបស់ខ្លួន ដើម្បីទុកជាការដាក់ពិន័យទៅលើអ្នកគាំទ្រ ដែលគ្មានក្របសីលធម៌​ដែរ។
 
កាលពីខែមិថុនា ការប្រកួតអន្តរជាតិ រវាងក្រុមអាម៉េរិក ទល់នឹងម៉ិកស៊ិក ការប្រកួតនោះ ​​ត្រូវ​បានបញ្ឈប់ បន្ទាប់ពីអ្នកគាំទ្របានស្រែកប្រមាថ ទៅលើអ្នកគាំទ្រក្រុមអាម៉េរិក Matt Turner​៕
 
 

Tag:
 ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com