អន្តរជាតិ
លោកប្លីងខិនថា ចិន និងអាម៉េរិក ត្រូវតែគ្រប់គ្រងទំនាក់ទំនងប្រកបដោយទទួលខុសត្រូវ
15, Jul 2023 , 11:39 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ជាមួយមន្រ្តីការទូតជាន់ខ្ពស់ចិន លោកវ៉ាង យី (ខាងឆ្វេង)។ រូបភាពក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ជាមួយមន្រ្តីការទូតជាន់ខ្ពស់ចិន លោកវ៉ាង យី (ខាងឆ្វេង)។ រូបភាពក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី១៤ ខែកក្កដា បានរំពឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង គួរតែគ្រប់គ្រងទំនាក់ទំនងទ្វេភាគីប្រកបដោយការទទួលខុសត្រូវ។

 
នៅប៉ុន្មានឆ្នាំចុងក្រោយ ទំនាក់ទំនងចិន និងអាម៉េរិក មានសភាមិនល្អប្រសើរឡើយ ដោយមហាអំណាចសេដ្ឋកិច្ចមានការទាស់ទែងគ្នាលើបញ្ហាជាច្រើន ក្នុងនោះមានដូចជាសមុទ្រចិនខាងត្បូង ពាណិជ្ជកម្ម និងច្រកសមុទ្រតៃវ៉ាន់ជាដើម។ 
 
ជុំវិញបញ្ហា រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ត្រូវតែគ្រប់គ្រងទំនាក់ទំនងឱ្យបានល្អ ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់ណាមួយ។ 
 
«យើងមានកាតព្វកិច្ចមួយ...ទាំងពីរប្រទេសគឺអាម៉េរិក និងចិន ក្នុងការគ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ»។ ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសផ្តាច់មុខមួយជាមួយទូរទស្សន៍ CNA នៅថ្ងៃទី១៤ ខែកក្កដា។ 
 
ទន្ទឹមនេះ លោកប្លីងខិន បានបន្តថា អាម៉េរិក ចង់ឱ្យមានការធានាថា ការប្រកួតប្រជែងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ គឺមិនអាចធ្លាក់ចូលទៅក្នុងជម្លោះជាដាច់ខាត ដោយចាប់ផ្តើមតាមរយៈទំនាក់ទំនងល្អ រួមទាំងធានាថា មិនមានការយល់ខុសណាមួយកើតឡើង។ បើតាមរដ្ឋមន្រ្តីការបរទេសអាម៉េរិក កិច្ចចរចា គឺសំខាន់ចំពោះលោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន។ 
 
ក្នុងកិច្ចសម្ភាសដដែលនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានបញ្ជាក់ថា លោកបានលឺពីបណ្តាប្រទេសអាស៊ានជាច្រើន ដែលរំពឹងថា អាម៉េរិក និងចិននឹងគ្រប់គ្រប់ទំនាក់ទំនងទ្វេភាគីប្រកបដោយការទទួលខុសត្រូវ។ ជុំវិញបញ្ហានេះ ប្រមុខការទូតអាម៉េរិកថា វាជាអ្វីដែលរដ្ឋាភិបាលប្រទេសទាំងពីរមានបំណងចង់ធ្វើ។ 
 
នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន មន្រ្តីការទូតជាន់ខ្ពស់ចិន លោកវ៉ាង យី ក៏មានជំនួបទ្វេភាគីជាមួយលោកប្លីងខិនផងដែរ ដោយភាគីចិន បានជំរុញជាថ្មីឱ្យអាម៉េរិកចាត់វិធានការឱ្យបានត្រឹមត្រូវ ដើម្បីនាំទំនាក់ទំនងទ្វេភាគីវិលត្រលប់មករកផ្លូវត្រូវវិញ។ 
 
មិនតែប៉ុណ្ណោះ លោកវ៉ាង ក៏បានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្លួន រួមទាំងការគៀបសង្កត់លើបច្ចេកវិទ្យា វិទ្យាសាស្រ្ត សេដ្ឋកិច្ច និងពាណិជ្ជកម្មខ្លួន។ លើសពីនេះ មន្រ្តីការទូតចិនរូបនេះ ក៏បានជំរុញឱ្យអាម៉េរិកដាក់ទណ្ឌកម្ម ដែលមានលើក្រុមហ៊ុនចិនផង៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com