អន្តរជាតិ
ប្រមុខការទូតកូរ៉េខាងត្បូង ស្នើឱ្យចិនដើរតួនាទីប្រកបដោយស្ថាបនាលើបញ្ហាកូរ៉េខាងជើង
15, Jul 2023 , 3:59 pm        
រូបភាព
លោកវ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន ចាប់ដៃជាមួយលោក ផាក ជីន រដ្ឋមន្រ្តីការបរទេសចិន។ រូបភាពក្រសួងការបរទេសចិន
លោកវ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន ចាប់ដៃជាមួយលោក ផាក ជីន រដ្ឋមន្រ្តីការបរទេសចិន។ រូបភាពក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន នៅថ្ងៃទី១៤ ខែកក្កដា បានជំរុញជាថ្មីឱ្យចិនដើរតួនាទីប្រកបដោយស្ថាបនា ដើម្បីទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពេលលោកផាក មានជំនួបទ្វេភាគីជាមួយលោក វ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន។

 
ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋម​ន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី លោក ផាក ជីន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បានរិះគន់យ៉ាងខ្លាំងលើកូរ៉េខាងជើង ដែលទើបតែបាញ់មីស៊ីលអន្តរទ្វីប ទៅក្នុងសមុទ្រខាងកើត ក្នុង ជំនួបទ្វេភាគីជាមួយប្រធានគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន លោកវ៉ាង យី នៅថ្ងៃទី១៤ ខែកក្កដា។ 
 
«រដ្ឋមន្រ្តីផាក... បានសង្កត់ធ្ងន់ថា វាពិតជាសំខាន់ជាងពេលណាទាំងអស់សម្រាប់ភាគីចិន ក្នុងការដើរតួនាទីប្រកបដោយការស្ថាបនាសម្រាប់សន្តិភាព និងស្ថិរភាពលើឧបទ្វីបកូរ៉េ»។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
ចំណែកលោកវ៉ាងវិញ បានប្រាប់ឱ្យកូរ៉េខាងត្បូង គោរពគោលការណ៍ចិនតែមួយ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ បើតាមលោកវ៉ាង រដ្ឋាភិបាលក្រុងប៉េកាំង មានឆន្ទៈធ្វើការជាមួយកូរ៉េខាងត្បូង ក្នុងការកសាងទំនាក់ទំនងដែលផ្តល់ប្រយោជន៍ទៅវិញទៅមក និងជំរុញទំនាក់ទំនងឱ្យដើរលើផ្លូវត្រូវវិញ។ 
 
សូមបញ្ជាក់ថា ចិន និងរុស្ស៊ី ជារដ្ឋដែលតែងតែជំទាស់នឹងទណ្ឌកម្មលើកូរ៉េខាងជើង ក្រោមហេតុផលថា សម្ពាធសេដ្ឋកិច្ច និងនយោបាយទាំងនោះ មិនបានជួយបន្ធូរបន្ថយភាពតានតឹងលើឧបទ្វីបកូរ៉េឡើយ៕ 
 
 

Tag:
 ចិន
  កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com