អន្តរជាតិ
ចិន គាំទ្រអាស៊ានឱ្យដោះស្រាយវិបត្តិមីយ៉ាន់ម៉ាតាមវិធីរបស់ខ្លួន
15, Jul 2023 , 7:39 pm        
រូបភាព
មន្រ្តីជាន់ខ្ពស់ចិន លោក វ៉ាង យី នៅថ្ងៃទី១៤ ខែកក្កដា បានលើកឡើងថា ចិនគាំទ្រអាស៊ាន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា តាមវិធីរបស់ខ្លួន និងដាក់ចេញគម្រោង ដែលអាចទទួលបានសម្រាប់ភាគីទាំងអស់។



ក្នុងអំឡុងកិច្ចប្រជុំអាស៊ាននៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី លោក Don Pramudwinai រដ្ឋមន្រ្តីការបរទេសថៃ បានជួបជាមួយលោកវ៉ាង យី នាយកគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន។ ក្នុងកិច្ចសន្ទនានោះ លោក Don បានប្រាប់លោកវ៉ាង ពីជំនួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដែលត្រូវបានឃុំខ្លួននៅក្នុងទីក្រុងណៃពិដោ។ បើតាមប្រមុខការទូតថៃ លោកសង្ឃឹមថា ចិននឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងការលើកតម្កើងដំណោះស្រាយនយោបាយលើបញ្ហាមីយ៉ាន់ម៉ា។ 
ជាការឆ្លើយតប លោកវ៉ាង បានអះអាងថា លោកគាំទ្រអាស៊ាន ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា តាមវីធីរបស់ខ្លួន និងដាក់ចេញផែនការដែលអាចទទួលយកបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់របស់មីយ៉ាន់ម៉ា។ 
 
បន្ថែមពីនេះ មន្រ្តីការទូតជាន់ខ្ពស់ចិន ក៏បានសាទរចំពោះចំណាត់ការចុងក្រោយរបស់ថៃ លើបញ្ហាមីយ៉ាន់ម៉ាផងដែរ ដោយខ្លួននឹងឈរលើការថែរក្សាការបង្រួបបង្រួម និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។ 
 
ខុសពីចិន ប្រមុខការទូតអាម៉េរិក នៅថ្ងៃទី១៤ ខែកក្កដា បានប្រាប់រដ្ឋមន្រ្តីការបរទេសអាស៊ានឱ្យដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ា ដើម្បីបញ្ឈប់អំពើហិង្សា និងវិលត្រលប់ទៅរកប្រជាធិបតេយ្យឡើងវិញ។
 
តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេសនៅថ្ងៃទី១៣ ខែកក្កដា អាស៊ាន បន្តប្រកាន់យកការឯកភាព ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំកន្លងមក ជាឯកសារយោងសម្រាប់លើកឡើងពីបញ្ហានៅមីយ៉ាន់ម៉ា។ 
 
តាមសេចក្តីថ្លែងការណ៍រួមដដែលនេះ អាស៊ានមិនបានដាក់ចេញវិធានការតឹងរ៉ឹងជាមុនឡើយ ដោយបានត្រឹមតែជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់អំពើហិង្សារដោយមិនរើសអើងភ្លាមៗ និងបង្កើតបរិយាកាសល្អសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ និងកិច្ចពិភាក្សាថ្នាក់ជាតិប្រកបដោយការរួមបញ្ចូល៕
 

Tag:
 ចិន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com