កីឡាជាតិ
ជាតិ
សហព័ន្ធគុនខ្មែរ រឹតបន្តឹងការចេញអាជ្ញាប័ណ្ណក្លិបប្រដាល់ ដើម្បីបង្ការបញ្ហា
15, Jul 2023 , 8:19 pm        
រូបភាព
លោក ហេង សុខ ឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រូបពី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លោក ហេង សុខ ឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រូបពី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ នឹងរឹតបន្ដឹង​ការចេញ​អាជ្ញាប័ណ្ណ ដល់ក្លិបប្រដាល់គុនខ្មែរមួយចំនួន ដែល​ចង់បានការទទួលស្គាល់ពីសហព័ន្ធ។



បន្ទាប់ពីជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាន បន្ដឹង​ការចេញអាជ្ញាប័ណ្ណ សម្រាប់ក្លិបប្រដាល់គុនខ្មែរ ដែល​ចង់ចុះឈ្មោះជាមួយ​សហព័ន្ធ ។
 
លោក ហេង សុខឃន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា នៅមុន​ព្រឹត្តិការណ៍​ស៊ីហ្គេម សហព័ន្ធ បានជួយដោះស្រាយបញ្ហាមួយចំនួន ដល់បណ្ដាក្លិបតូចៗ ដែលជួប​បញ្ហាខ្វះខាត​ថវិកា និងទីផ្សារសម្រាប់កីឡាករប្រកួត។ ការជួយនេះ គឺដើម្បីតែពង្រឹង និងសម្រួច​គោលដៅ​សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម។ ប៉ុន្ដែក្រោយចប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ លោក ហេង សុខឃន បញ្ជាក់ថា មានក្លិបតូចៗមួយចំនួន ដែលសហព័ន្ធមិនទាន់ចេញ​អាជ្ញាប័ណ្ណ​ឲ្យ ព្រោះត្រូវសិក្សាឲ្យបានច្បាស់ ថាក្លិបទាំងនោះមានលក្ខខណ្ឌគ្រប់គ្រាន់ អាច​​ទទួល​យកអាជ្ញាប័ណ្ណហើយ ឬនៅ។
លោក ហេង សុខឃន បាននិយាយថា ក្លិប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវមាន​អ្នកឧបត្ថម្ភ និងរចនាសម្ព័ន្ធគ្រប់គ្រងឲ្យបានត្រឹមត្រូវ។ រចនាសម្ព័ន្ធ នោះគឺសំដៅលើ ប្រធានក្លិប, អនុប្រធាន, អគ្គលេខាធិការ, គ្រូបង្វឹក, អគ្គហិរញ្ញិក និងពេទ្យ។ 
 
«ក្លិបខ្លះ ប្រធានក្លិបដើរតួនាទីច្រើន ដូចជាប្រធានផង ពេទ្យផង គ្រូបង្វឹកផង។ មិនត្រឹមតែ​ប៉ុណ្ណោះ យើងមិនចង់ចេញអាជ្ញាប័ណ្ណឲ្យគាត់ ហើយស្រាប់តែ ២-៣ខែក្រោយ ក្លិបនេះ ស្រែក​ប្រាប់​ថាមានបញ្ហានេះ បញ្ហានោះ ខ្វះថវិកាផង អ៊‍ីចឹងផង។ យើងចង់ឲ្យគាត់ មាន​លក្ខណៈគ្រប់គ្រាន់ មុនពេលសម្រេចថាបើកក្លិប។ ទាំងអស់នេះ គឺដើម្បីគុណភាព ដើម្បី បន្ដវេនដល់អ្នកជំនាន់ក្រោយ។»។ នេះបើតាមលោក សុខឃន។
 
អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែររូបនេះ ពន្យល់បន្ថែមថា ការបន្ដឹងនេះមិនមែន ដាក់គំនាបឲ្យក្លិបនោះទេ ប៉ុន្ដែគឺដើម្បីឲ្យក្លិបនីមួយៗ មានគុណភាព និងសមត្ថភាព គ្រប់គ្រាន់ ក្នុងការបន្ដវេនបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី ហើយជួយផ្សព្វ ផ្សាយគុនខ្មែរឲ្យកាន់តែរីកចម្រើន។
 
«ពីមុន យើងចេញអាជ្ញាប័ណ្ណដល់ក្លិប ដែលមានបំណងបើក គឺធូររលុង មិនរឹតបន្ដឹងដល់ ការងា​របច្ចេកទេសទេ។ ដោយសារតែ នៅពេលដែលទទួលបានអាជ្ញាប័ណ្ណ បានប្រហែល​ជា ៣-៤ខែ គឺក្លិបមានបញ្ហាកើតឡើង ទាំងគ្រូ និងកីឡាករ ទាំងសេដ្ឋកិច្ច នៅពេលនោះ បាន​បានជា ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បន្ដឹង ពីការសម្រេចឲ្យក្លិបមួយៗ មាន​អាជ្ញាប័ណ្ណ បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បាន​ដោយ​ជោគ​ជ័យ​។ អំឡុងព្រឹត្តិការណ៍ស៊ីហ្គេម សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទទួលបាន​លទ្ធផលល្អ ដូច្នេះ​ហើយ យើងចង់ពង្រឹងបណ្ដាក្លិបតូចៗ ដើម្បីឲ្យបន្ដវេន។»។ អគ្គលេខាធិការូបនេះ បាន​និយាយដូច្នេះ។
 
ដូចគ្នានេះដែរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ អគ្គលេខាធិការរូបនេះ បានថ្លែង​ក្នុង​ពិធី​ប្រកួតដណ្ដើមខ្សែក្រវាត់ ថ្នាលគុនខ្មែរ SUPER FIGHT ដូច្នេះថា វិស័យគុនខ្មែរប្រដាល់ រីកចម្រើនខ្លាំងព្រោះ មានក្លិប និងកីឡាករ-កីឡាការិនី មានសមត្ថភាពច្រើន។ 
 
គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ទទួលជោគជ័យយ៉ាងខ្លាំង ដោយដណ្ដើមបានមេដាយសរុប ចំនួន​១៩ ក្នុងនោះ មាស១៤, ប្រាក់ ៣ និងសំរឹទ្ធ២៕
 

Tag:
 ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com