កីឡាជាតិ
ជាតិ
ជម្រើសជាតិបាល់ទះកម្ពុជា១៥រូប ទៅហ្វឹកហាត់នៅចិន ត្រៀមប្រកួតកីឡាអាស៊ី​លើកទី​១៩
16, Jul 2023 , 9:59 am        
រូបភាព
ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងកម្ពុជា(ខៀវ) និងបារាំង(ស)
ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងកម្ពុជា(ខៀវ) និងបារាំង(ស)
ដោយ:
សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងបញ្ជូនកីឡាករបាល់ទះក្នុងសាល ១៥រូបទៅហ្វឹកហាត់​នៅ​ប្រទេសចិន នាដើមខែសីហា ឆ្នាំ២០២៣នេះ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡា​អាស៊ី​លើកទី១៩ ឆ្នាំ២០២២ លើកពេលមកឆ្នាំ២០២៣ (19th Asian Games 2022) នៅ​ខេត្តហានចូវ ប្រទេសចិន។ យ៉ាងណា​ កាលបរិច្ឆេទចេញដំណើរជាក់លាក់ ​នៅ​មិនទាន់​កំណត់​នៅឡើយ។

 
បន្ទាប់ពីបញ្ចប់ភារកិច្ចពីការប្រកួតពានរង្វាន់បាល់ទះ JBM Cup នៅប្រទេសម៉ាឡេស៊ី ក្រុម​បាល់ទះជម្រើសជាតិកម្ពុជា នឹងបន្តដំណើរទៅកាន់ប្រទេសចិន នាដើមខែសីហា ឆ្នាំ​២០២៣​នេះ។ ជាមួយនឹងបេសកម្មថ្មីនេះ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​​​បាល់ទះកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី១៤ ខែកក្កដាថា នេះជា​កាតព្វ​កិច្ចថ្មីមួយទៀតដែលសហព័ន្ធបាល់ទះកម្ពុជាបានពិភាក្សានឹងបែងចែករួចរាល់។
 
លោក អាំង សិរីពិសិដ្ឋ និយាយថា៖ ​«ក្រុមកីឡាករបាល់ដែលត្រូវ​ទៅហ្វឹក​ហាត់​​នៅ​ប្រទេស​ចិន មានចំនួន ១៥នាក់»។ នេះជាការបញ្ជាក់របស់លោកសិរីពិសិដ្ឋ ដោយការចេញទៅហ្វឹក​ហាត់​នេះ គឺដើម្បីត្រៀមខ្លួនប្រកួតកីឡាអាស៊ីលើកទី១៩ នៅប្រទេសចិននោះតែម្តង។ ក្រុម​បាល់ទះបុរសកម្ពុជា បានបង្ហាញភាពភ្ញាក់ផ្អើល តាមរយៈការបង្កើតប្រវត្តិសាស្ត្រថ្មី ដោយ​ទទួលបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅទឹកដីកម្ពុជា។
អគ្គលេខាធិការរូបនេះបន្ថែមថា ក្រៅពីនោះសហព័ន្ធក៏បានប្រជុំគិតគូរការបង្កើត​ពានរ​ង្វាន់​ក្នុងស្រុកដូចជា ពានរង្វាន់បាល់ទះ សម្តេច ក្រឡាហោម ពានរង្វាន់បាល់ទះ ស សុខា ពានរង្វាន់បាល់ទះ សម្តេចតេជោ លីគ និងការប្រកួតបាល់ទះតាមតំបន់ភូមិភាគផងដែរ។
 



                                                       ក្រុមជម្រើសជាតិកម្ពុជា

ការបង្កើតឱ្យមានការប្រកួតបាល់ទះ ៤ទល់៤ នៅតាមតំបន់ភូមិភាគ គឺមានគោលបំណង​ពង្រឹង​វិស័យបាល់ទះនៅកម្ពុជា។ «ការលេងបាល់ ៤ទល់៤ គឺខ្ញុំចង់ឱ្យអ្នកលេងបាល់ទះ​នៅ​តាម​បណ្តា ២៥រាជធានីខេត្ត លេងតាមស្តង់ដារ និងត្រឹមត្រូវតាមលក្ខន្តិកបាល់ទះ»។ លោកអគ្គលេខាធិការ បន្ថែមដូច្នេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ឆ្នាំ២០២២ ត្រូវបាន​លើកពេល​មក​ឆ្នាំ​២០២៣ (19th Asian Games 2022)។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមពី​ថ្ងៃទី២៣ ខែ​កញ្ញា ​ដល់​ថ្ងៃ​ទី៨ ខែតុលា ឆ្នាំ២០២៣ នៅខេត្តហានចូវ ប្រទេសចិន៕
 
 
 
 

Tag:
 កីឡាបាល់ទះ​
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com